ខេត្តកោះកុង ៖ កាលពីព្រលឹមស្រាងៗថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះទៅជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើអូប័រម្នាក់ទទួលបាននូវសុវត្ថិភាពទាំងម្តាយនិងកូន ។
ស្ត្រីខាងលើ មានឈ្មោះ ឆន សាឡឹង អាយុ២២ឆ្នាំ មានទីលំនៅបណ្តោះអាសន្ននៅ (ចំណុចកោះឡយ) ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានមុខរបរ ចាំចំការអោយគេទាំងពីរនាក់ប្តីប្រពន្ឋ និង មានទីលំនៅអចិន្ត្រយ៍នៅ ខេត្តកំពត ។ ស្ត្រីខាងលើបានបញ្ជាក់ទៀតថា ទីតាំងចំការដែលគ្រួសារគាត់រស់នៅសព្វថ្ងៃ បើធ្វើដំណើរមកមន្ទីរពេទ្យតាមផ្លូវទឹក លឿនជាងតាមផ្លូវគោគ ហេតុនេះទើបពួកគាត់សំរេចចិត្តមកតាមផ្លូវទឹកបែបនេះ។
ក្រុមគ្រូពេទ្យផ្នែកសម្ភពបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ក្នុងកំឡុងពេលស្ត្រីខាងលើ ចាប់ផ្តើមឈឺពោះសម្រាល និង បានធ្វើដំណើរមកមន្ទីរពេទ្យតាមរយៈអូរប័រ តែមិនទាន់បានមកដល់គោលដៅផង ក៏សម្រាលនៅលើអូប័រតែម្តង តែពួកគាត់និងក្រុមគ្រួសារបានខំប្រឹងបន្តដំណើររហូតមកដល់ ចំណតមាត់ច្រាំង នៅវេលាម៉ោងប្រមាណ៥ និង២០នាទីព្រឹក ទើបពួកគាត់ទាក់ទងមកមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យយើងក៏បានរូតរះ ចេញដំណើរទៅជួយសង្គ្រោះភ្លាមៗ និងបន្តដឹកគាត់តាមរថយន្តសង្គ្រោះ មកមន្ទីរពេទ្យបន្តការថែទាំ ព្យាបាលយ៉ាងយកចិត្តទុកដាក់ និង ទទួលបានសុវត្ថិភាព និង សុខភាពល្អទាំងម្តាយ និងកូន ។
ក្រុមគ្រូពេទ្យក៏បានបញ្ជាក់បន្ថែមថា ស្ត្រីខាងលើបានសម្រាលនេះជាកូនទី២ ភេទប្រុស ទំងន់៣គ.ក្រ និង ក្នុងអំឡុងពេលពពោះ គាត់បានចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន២ដូស និងបានមកពិនិត្យផ្ទៃពោះនៅមណ្ឌលុខភាពបានទៀងទាត់ ៕
ចែករំលែកព័តមាននេះ