ខេត្តកោះកុង ៖ អាណាចក្រមួយដែលមានឆ្នេរសមុទ្រ និងព្រៃកោងកាងស្រស់ស្អាតជាងគេនៅកម្ពុជា កំពុងត្រូវបានមហាជនផ្តល់ចំណាត់ថ្នាក់លំដាប់ខ្ពស់ជាងគេ ក្នុងចំណោមអាណាចក្រទាំង៤ជាប់ឆ្នេរសមុទ្រ ខាងការកាប់និងឈូសឆាយបំផ្លញធនធានធម្មជាតិ (ព្រៃកោងកាង) ដោយសារស្នាដៃ ក្រុមមន្ត្រីសង្ស័យលោភលន់មួយក្តាប់តូច ចាប់ផ្តើមឆ្លៀតឱកាសមុនរដូវបោះឆ្នោតមកដល់ឈូសបំផ្លាញធនធានធម្មជាតិ និងបំផ្លាញសក្តានុពលទេសចរណ៍ចោលយ៉ាងរង្គាល ដើម្បីវាទទីយកដីធ្វើជាកម្មសិទ្ឋិរបស់ខ្លួនយ៉ាងតក់ក្រហល់….ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើជាភ្លេចខ្លួន និងសង្ស័យសំងំចាំទទួលលាភសក្ការៈក្រោមតុបន្តិចបន្តួច ។
សកម្មភាពល្មើសទាំងនោះមាននៅ ទីតាំងទី១-ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលមានមន្ត្រីទាហានជើងទឹកម្នាក់ ជាអ្នកចេញមុខចំណាយលើសកម្មភាព ឈូសទន្ទ្រាននេះ ។ ទីតាំងទី២-ស្ថិតនៅចំណុចភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានមន្ត្រីល្បីឈ្មោះម្នាក់នៅក្នុងស្រុកស្រែអំបិលជាអ្នកចេញមុខការពារ ។ ក្រៅពីនេះ ក៏នៅមានទីតាំងផ្សេងទៀតជាច្រើន ដែលកំពុងរងការកាប់បំផ្លាញ និងឈូសឆាយដើម្បីរំលោភយកដី ។
លោកចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា ទីតាំងដែលកំពុងធ្វើសកម្មភាពឈូសឆាយប៉ះពាល់ដល់ចំណីព្រែក និងព្រៃកោងកាងខាងលើ គឺជាទីតាំងដី ដែលគ្រប់គ្រងដោយទាហានជើងទឹកម្នាក់ឈ្មោះសំ វីរៈ ហើយការឈូសឆាយក៏មិនបានសុំច្បាប់អាជ្ញាធរដែរ ។
លោកចៅសង្កាត់រងបញ្ជាក់ទៀតថា ពេលនេះ អាជ្ញាធរសង្កាត់បានចុះឃាត់អោយផ្អាកសកម្មភាព ឈូសឆាយខាងលើនេះហើយ និងរង់ចាំអោយសាម៉ីខ្លួនយកឯកសារផ្លូច្បាប់ជាក់លាក់មកបង្ហាញ អាជ្ញាធរមូលដ្ឋានត្រឹមត្រូវសិន ។
ទោះជាយ៉ាងណា ចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ទៅលើមន្ត្រីមានអំណាចធំបែបនេះ ហាក់ដូចជាមិនសូវមានប្រសិទ្ឋិភាពទេ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ