ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ចាប់ផ្តើមនាំគ្នាសម្រុកដាំដំឡូងមីច្រើនជាង ដំណាំផ្សេងៗ ខណ:ដែលតម្លៃទីផ្សារនាឆ្នាំ២០២២កន្លងទៅនេះ មានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលឈ្មួញហ៊ានទិញដំឡូងមីស្រស់ រហូតដល់១គីឡូក្រាម ជិត៣បាត (ប្រាក់ថៃ) ៣០០រៀល ដែលជាតម្លៃខ្ពស់ជាងពេលណាៗទាំងអស់។
ដូច្នេះហើយ ទើបមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាពលរដ្ឋ១គ្រួសារ បានកក់កបនឹងមុខរបរលក់ដើមដំឡូងមី ព្រោះប្រជាពលរដ្ឋសម្រុកនាំគ្នាទិញយកទៅដាំ។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ តំ រស់នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយពីដាំដំណាំដំឡូងមីនៅក្នុងចំការរបស់ខ្លួនរួចរាល់ ដោយសង្កេតឃើញប្រជាពលរដ្ឋនៅក្នុងចំការផ្សេងៗ ខ្វះខាតដើមដំឡូងមី ទើបខាងលោកបានបង្កើតមុខរបរមួយគឺជួញដើមដំឡូងមីពីប្រទេសថៃ យកមកលក់ឱ្យប្រជាកសិកររស់នៅក្នុងក្រុងប៉ៃលិន ទិញយកទៅដាំ ដោយ១បាច់តូច លក់ក្នុងតម្លៃ៩០០០រៀល។
លោកបន្តទៀតថា ដើមដំឡូងមីនេះ ជាប្រភេទដំឡូង(៨៩) ដែលមានមើមច្រើន ហើយមិនសូវរើសរកប្រភេទដី ដូចដំឡូងមីផ្សេងៗនោះឡើយ។ ពេលកសិករដាំដុះនៅលើដីចំការ ឱ្យតែមានទឹកគ្រប់គ្រាន់គឺដើមដំឡូងមីនេះ នឹងដុះលូតលាស់យ៉ាងឆាប់រហ័សហើយមានមើមច្រើនថែមទៀត។
លោកបញ្ជាក់ទៀតថា ដើមដំឡូងមីខាងលើ គឺលោកដឹកយកមកលក់អស់រាប់ពាន់បាច់ហើយ ក៏ មានប្រជាពលរដ្ឋទិញយកទៅដាំដុះលូតលាស់យ៉ាងល្អ ខណ:ពេលដែលនៅក្នុងខេត្តប៉ៃលិន កំពុងតែធ្លាក់ភ្លៀងប៉ុន្មានមេ ដែលធ្វើឱ្យដីសើម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋផ្សេងៗទៀត ក៏មានការព្រួយបារម្ភដែរ ដោយសង្កេតឃើញកសិករងាកទៅដាំដើមដំឡូងមីច្រើន ព្រោះខ្លាចក្រែងពេលប្រមូលផល គេបន្ថោកតម្លៃទីផ្សារ ។
បើសិនជាដំណាំដាំដុះនោះតិចតួច គឺគេដណ្តើមគ្នាទិញ លុះពេលកសិករដាំដុះបានច្រើន បែរជានាំគ្នា បង្អាប់នឹងលែងទិញតែម្តង។ ជាក់ស្តែង ដូចជាដំណាំស្វាយកែវរមៀត ពេលប្រជាពលរដ្ឋនាំគ្នាសម្រុកដាំ ជាច្រើន បែរជាធ្លាក់តម្លៃហៅលែងឮ ខណ: សព្វថ្ងៃនេះ ឈ្មួញទិញត្រឹមតែ១គីឡូក្រាម តម្លៃ១៥០រៀលប៉ុណ្ណោះ ហើយក្រោយពេលប្រមូលផលរួច ឱ្យតែថ្លៃឈ្នួលកម្មករដែលចូលទៅបេះ នោះគ្មានចំណេញអ្វីនោះទេ ណាមួយពេលដឹកឆ្លងដែនទៅលក់ដូរនៅប្រទេសថៃ ត្រូវបង់ជូនទៅគយ និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត រហូតដល់ត្រូវបង់នៅខាងភាគីប្រទេសថៃផងដែរ។
ពួកគាត់សំណូមពរឱ្យតម្លៃទីផ្សារកសិផល គ្រប់ប្រភេទមានការឡើងថ្លៃវិញ ព្រោះកសិករដាំដុះដំណាំណាមួយត្រូវចំណាយអស់ច្រើនណាស់៕
ចែករំលែកព័តមាននេះ