បំពេញតួនាទីបានល្អ! ជូ ស៊ិនទិ ជាប់ជាកីឡាករឆ្នើម និងកំពុងឈរជា Top Scorer
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួត
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួត
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតបើកឆាកពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា នៅទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រោយឈ្នះលើក្រុមទីម័រខាងកើតដោយលទ្ធផល ៤-០។
នៅក្នុងការប្រកួតដែលកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាល Abdullah Jamali ជនជាតិគុយវ៉ែត ក្រុមគោព្រៃជំទង់ U-22 កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អរហូតបើកឱកាសរកគ្រាប់បាល់បញ្ចូលដល់ទៅ៤គ្រាប់លើក្រុមភ្ញៀវ U-22 ទីម័រខាងកើត។
កីឡាករ ជូ ស៊ិនទិ ធ្វើបានយ៉ាងល្អដោយសម្រេចបាន២គ្រាប់តែម្នាក់ឯង នៅក្នុងជំនួបកាលពីម្សិលមិញ ពោលគឺកើតឡើងនៅក្នុងនាទី៣៩ និង ៤៥+២ មុនបញ្ចប់ការប្រកួតក្នុងវគ្គទី១។ ការប្រកួតឈានដល់វគ្គទី២ ក្រុមទាំងពីរបានបន្តវាយសម្រុកគ្នាកាន់តែខ្លាំងឡើង ប៉ុន្តែកម្ពុជាធ្វើបានល្អជាងរហូតបង្កើតឱកាសបន្ថែម២គ្រាប់ទៀត ដែលសម្រេចបានដោយកីឡាករ ស រតនា នៅនាទី៧៣ និងកីឡាករ លឹម ពិសុទ្ធ នៅក្នុងនាទី៨២ មុនពេលលោកអាជ្ញាកណ្ដាល Abdullah Jamali ផ្លុំកញ្ចែបញ្ចប់ការប្រកួតនេះ។
ជាមួយនឹងជ័យជម្នះនេះ កម្ពុជាទទួលបាន៣ពិន្ទុដ៏រីករាយ ដើម្បីឡើងទៅកាន់កាប់តំណែងកំពូលតារាងពូល A ជាបណ្តោះអាសន្ន តាមពីក្រោយដោយឥណ្ឌូណេស៊ី ដែលបានយកឈ្នះលើហ្វីលីពីនដោយលទ្ធផល ៣-០ កាលពីម្សិលមិញផងដែរ។
ក្រោយពេលបំពេញតួនាទីបានយ៉ាងល្អសម្រាប់ការប្រកួតកាលពីម្សិលមិញ កីឡាករ ជូ ស៊ិនទិ បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតរវាងកម្ពុជា នឹងទីម័រខាងកើត (Man of the Match) មិនតែប៉ុណ្ណោះ២គ្រាប់កាលពីម្សិលមិញបានធ្វើឱ្យខ្សែបម្រើក្រុមព្រះខ័នរាជស្វាយរៀងនៃលីគកំពូលកម្ពុជារូបនេះ កំពុងឈរក្នុងនាមជាកីឡាកររកគ្រាប់បានច្រើនជាងគេ (Top Scorer) បណ្តោះអាសន្នផងដែរ។
សម្រាប់ការប្រកួតបន្តនៅក្នុងថ្ងៃទី៣០ ខែមេសានេះ គឺជាការប្រកួតបើកឆាកពូល B ដែលនឹងត្រូវធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ ដោយនៅក្នុងនោះ ថៃ នឹងត្រូវប៉ះសិង្ហបុរី នៅវេលាម៉ោង០៤:០០នាទីរសៀល ហើយនៅម៉ោង០៧:០០នាទីល្ងាច វៀតណាម ដែលក្រុមការពារតំណែងជើងឯក នឹងត្រូវប៉ះឡាវ៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Cambodia 2023)
ចែករំលែកព័តមាននេះ