ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២៤៦ខ្នង ក្នុងនោះមាន២៥១គ្រួសារ ត្រូវបានរងគ្រោះដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀងមួយមេ និងធ្វើឱ្យកុមារាម្នាក់រងរបួសផងដែរ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ នេះតាមការឱ្យដឹងពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង គិតត្រឹមម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ។
បើតាមលោក ម៉ែន គង់ នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ស្រុកសេសាន ខ្យល់កន្ត្រាក់បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំក្បាលរមាស ចំនួន១២ខ្នង ស្មើនឹង១២គ្រួសារ និងនៅមានករណីបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវនៅតាមបណ្ដាឃុំមួយចំនួនទៀត។ ចំណែកស្រុកថាឡាបរិវ៉ាត់វិញ ផ្ទះចំនួន១០ខ្នង ស្មើនឹង១០គ្រួសារ ក៏រងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់លាយឡំដោយភ្លៀងផងដែរ ក្នុងនោះនៅឃុំសំអាង ប៉ះពាល់ផ្ទះចំនួន៣ខ្នង ស្មើនឹង៣គ្រួសារ, នៅឃុំអូររៃ ចំនួន៦ខ្នង ស្មើនឹង៦គ្រួសារ, នៅឃុំកាំងចាម ចំនួន១ខ្នង ស្មើនឹង១គ្រួសារ និងនៅមានករណីបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវ តាមបណ្ដាឃុំមួយចំនួនទៀត។
នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង ឱ្យដឹងបន្តថា ចំពោះក្រុងស្ទឹងត្រែង ក៏រងផលប៉ះពាល់នៅសង្កាត់សាមគ្គី ចំនួន២០ខ្នង ស្មើនឹង២០គ្រួសារ ក្នុងនោះបណ្ដាលឱ្យកុមារម្នាក់រងរបួសធ្ងន់ទៀតផង។ ស្រុកបុរីអូរស្វាយសែនជ័យ ខ្យល់កន្ដ្រាក់ធ្វើឱ្យប៉ះពាល់ផ្ទះចំនួន៤៦ខ្នង ស្មើនឹង៤៦គ្រួសារ, នៅឃុំកោះស្នែង ប៉ះពាល់ចំនួន៣៦គ្រួសារ, នៅឃុំព្រះរំកិល ប៉ះពាល់ចំនួន៩គ្រួសារ, និងនៅឃុំអូរស្វាយ ប៉ះពាល់ចំនួន១គ្រួសារ។ រីឯនៅស្រុកសៀមបូកវិញ ប៉ះពាល់ផ្ទះចំនួន៤៦ខ្នង ស្មើនឹង៤៦គ្រួសារ, ឃុំកោះសំពាយ ប៉ះពាល់ផ្ទះចំនួន២គ្រួសារ, ឃុំកោះព្រះ ប៉ះពាល់ផ្ទះចំនួន៦គ្រួសារ, ឃុំសៀមបូក ប៉ះពាល់ផ្ទះចំនួន៤គ្រួសារ, ឃុំកោះស្រឡាយ ប៉ះពាល់ផ្ទះចំនួន១១គ្រួសារ, ឃុំអូរម្រះ ប៉ះពាល់ផ្ទះចំនួន២១គ្រួសារ និងឃុំអូរឫស្សីកណ្ដាល ប៉ះពាល់ផ្ទះចំនួន២គ្រួសារ។
លោក ម៉ែន គង់ បានឱ្យដឹងបន្តទៀតថា អាជ្ញាធរស្រុក-ឃុំ-សង្កាត់ដែលរងផលប៉ះពាល់ បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់។ ដោយឡែកលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង កំពុងដាក់ស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ នៃគណៈកម្មការគ្រោះមហន្តរាយខេត្ត ក្នុងការពិនិត្យលទ្ធភាព ដើម្បីដោះស្រាយស្បៀងអាហារជូនដល់ជនរងគ្រោះដោយសារខ្យលកន្ត្រាក់នេះផងដែរ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមរសៀលម៉ោង១និង១៣នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះលេខាធិការដ្ឋាន នៃគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានឱ្យដឹងថា ស្ថានភាពផលប៉ះពាល់ ដោយសារករណីខ្យល់កន្ត្រាក់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង តាំងពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រហូតដល់រសៀលថ្ងៃទី១៦ ខែមេសានេះ ផ្ទះពលរដ្ឋដែលរងផលប៉ះពាល់សរុបចំនួន២៤៦ខ្នង ស្មើនឹង២៥១គ្រួសារ ក្នុងនោះមាន ៖
១- ស្រុកសេសាន ប៉ះពាល់១១២ខ្នង ស្មើនឹង១១៧គ្រួសារ ក្នុងនោះ នៅឃុំភុន ចំនួន៧ខ្នងផ្ទះ, ឃុំក្បាលរមាស ៦៣ខ្នងផ្ទះ, ឃុំសាមឃួយ ៤ខ្នងផ្ទះ, ឃុំស្ដៅ ១ខ្នងផ្ទះ, ឃុំស្រែគរ ៧ខ្នងផ្ទះ, ឃុំតាឡាត ៣០ខ្នងផ្ទះ និងមានករណីបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវនៅតាមបណ្ដាឃុំមួយចំនួនទៀត។
២- ស្រុកថាឡាបរិវ៉ាត់ ប៉ះពាល់ចំនួន១០ខ្នង ស្មើនឹង១០គ្រួសារ ក្នុងនោះរួមមាន ប៉ះពាល់នៅឃុំសំអាង ៣ខ្នងផ្ទះ ស្មើនឹង៣គ្រួសារ, នៅឃុំអូររៃ ប៉ះពាល់៦ខ្នងផ្ទះ ស្មើនឹង៦គ្រួសារ, នៅឃុំកាំងចាម ប៉ះពាល់១ខ្នងផ្ទះ និងមានករណីបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវនៅតាមបណ្ដាឃុំមួយចំនួនទៀត។
៣- ក្រុងស្ទឹងត្រែង ប៉ះពាល់នៅសង្កាត់សាមគ្គី ចំនួន២០ខ្នងផ្ទះ ក្នុងនោះមាន២០គ្រួសារ និងបណ្ដាលឱ្យកុមារម្នាក់រងរបួសធ្ងន់។
៤- ស្រុកបុរីអូរស្វាយសែនជ័យ ប៉ះពាល់ចំនួន៤៦ខ្នងផ្ទះ ស្មើនឹង៤៦គ្រួសារ ក្នុងនោះនៅឃុំកោះស្នែង ប៉ះពាល់៣៦គ្រួសារ, នៅឃុំព្រះរំកិល ប៉ះពាល់៩គ្រួសារ និងនៅឃុំអូរស្វាយ ប៉ះពាល់១គ្រួសារ។
៥- ស្រុកសៀមបូក ប៉ះពាល់ចំនួន៤៦ខ្នងផ្ទះ ស្មើនឹង៤៦គ្រួសារ ក្នុងនោះប៉ះពាល់នៅឃុំកោះសំពាយ ២គ្រួសារ, ឃុំកោះព្រះ ប៉ះពាល់៦គ្រួសារ, ឃុំសៀមបូក ប៉ះពាល់៤គ្រួសារ, ឃុំកោះស្រឡាយ ប៉ះពាល់១១គ្រួសារ, ឃុំអូរម្រះ ប៉ះពាល់២១គ្រួសារ និងឃុំអូរឫស្សីកណ្ដាល ប៉ះពាល់២គ្រួសារ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយបន្តទៀត។
ចែករំលែកព័តមាននេះ