ចេញពីភ្នំពេញឆ្លៀតទៅទិញបាយឆាផ្ញើប្រពន្ធ ស្រាប់តែត្រូវមនុស្សក្រុមដេញតាមផ្អើលផ្លូវ QMI
- ភ្នំពេញ
បុរសម្នាក់ពេលជិះម៉ូតូត្រឡប់មកពីលេងផ្ទះបងប្អូនវិញ ក៏ឆៀងចូលទិញបាយឆាបន្តិច ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុម ជិះម៉ូតូដេញ
បុរសម្នាក់ពេលជិះម៉ូតូត្រឡប់មកពីលេងផ្ទះបងប្អូនវិញ ក៏ឆៀងចូលទិញបាយឆាបន្តិច ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុម ជិះម៉ូតូដេញ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ពេលជិះម៉ូតូត្រឡប់មកពីលេងផ្ទះបងប្អូនវិញ ក៏ឆៀងចូលទិញបាយឆាបន្តិច ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុម ជិះម៉ូតូដេញវា.យ បណ្ដាលអោយរងរបួសបែកក្បាលហូរឈា.មស្រោចពេញខ្លួនតែម្តង ចំណែកជនបង្កវិញភ័យក៏ដួលម៉ូតូ ហើយរត់គេចចោលម៉ូតូមួយគ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវQMI ទល់មុខផ្សារឯករាជ្យ២ ស្ថិតក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ ផាន់ សម្ភស្ស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះមើលកូនៗ មានស្រុកកំណើតនៅភូមិអង្គគុណធា ឃុំមហាឫស្សី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលជនបង្កធ្វើសកម្មភាព ហើយបន្សល់ទុកកន្លែងកើតហេតុនោះ ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JS-5729។
តាមប្រភពព័ត៌មានបញ្ជាក់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញពីស្រុកកំណើតឡើងទៅភ្នំពេញ ដើម្បីទិញម៉ូតូម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KB-1470 បន្ទាប់ពីទិញបានហើយ ក៏ជិះម៉ូតូឆៀងចូលទៅលេងផ្ទះបងប្អូននៅសង្កាត់ត្រពាំងក្រសាំង។
ជនរងគ្រោះបន្តថា លុះចេញពីលេងផ្ទះបងប្អូនវិញ បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះមកដល់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអាកាសស្តុបទំនប់កប់ស្រូវ ដែលកំពុងតែសាងសង់ថ្មី ក៏បានឈប់ម៉ូតូចូលទិញបាយឆាយកទៅផ្ញើអោយប្រពន្ធកូននៅឯផ្ទះ ស្រាប់តែពេលនោះលេចមុខជនសង្ស័យមិនស្គាល់មុខ មានគ្នាចំនួន៤នាក់ជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពដោយហូតខ្សែក្រវាត់មកវា.យលើពួកគាត់ តែមិនត្រូវ។ ពេលនោះពួកគាត់ភ័យ ក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនចេញពីផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវ QMI ខណៈពេលផ្លូវស្ទះទៅមុខលែងរួច ក៏ត្រូវបានជនសង្ស័យយកខ្សែក្រវាត់មកវា.យត្រូវក្បាល បណ្ដាលអោយបែកហូរឈា.មស្រោចពេញខ្លួនតែម្តង។ បន្ទាប់មកខាងគាត់ (ជនរងគ្រោះ) បានស្រែកឆោឡោថា «ចោរៗ» ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាការពារប្រចាំភូមិនៅកន្លែងកើតហេតុ ឃើញក៏បាននាំគ្នាជួយ។
ប្រភពដដែលបន្តថា ពេលនោះជនសង្ស័យខាងលើភ័យ ក៏បានដួលម៉ូតូ ហើយនាំគ្នារត់គេចខ្លួនចោលម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២២។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានសួរនាំជនរងគ្រោះ រួចក៏យកម៉ូតូជនបង្កទៅរក្សាទុកនៅប៉ុស្តិ៍ ចំណែកជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចអោយទៅព្យាបាលរបួសសិន ចាំមកដាក់ពាក្យបណ្ដឹងតាមក្រោយ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះបានព្យាបាលរបួសដេរអស់៦ថ្នេររួចរាល់ ហើយក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សង្កាត់ចោមចៅទី៣ភ្លាមៗ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវរកមុខសញ្ញាជនបង្កដៃដល់ខាងលើ ហើយឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់នៅថ្ងៃក្រោយបន្ត៕
ចែករំលែកព័តមាននេះ