ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រូបង្រៀន​ត្រូវ​បង្កើន​ចំណេះ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​គរុកោសល្យ​បង្រៀន​បែប​ថ្មី ដើម្បី​ដើរ​ឲ្យ​ទាន់​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ នា​ពេល​បច្ចុប្បន្ន និង​អនាគត

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី ​១ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ…

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី ​១ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើក​ឡើង​ថា «រដ្ឋាភិបាល​បាន​និង​កំពង់​អនុវត្ត​បណ្តើរ​ៗ​លើ​សង្គម​ឌី​ជី​ថ​ល​ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​ផ្តោត​លើ​ការ​បញ្ចូល​បច្ចេកវិទ្យា​នៅ​គ្រប់​វិស័យ​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ព​ន្លឿ​ន​ប្រតិបត្តិការ​ផ្សេង​ៗ ក៏​ដូច​ជា​ដើរ​ឱ្យទាន់​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក​» ​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា «​គ្រូបង្រៀន​ត្រូវ​ចូលរួម​គាំទ្រ និង​អភិវឌ្ឍ​សមត្ថភាព ព្រមទាំង​ចាប់​យក​បច្ចេកវិទ្យា​ថ្មី​ៗ ពីព្រោះ​វិធីសាស្ត្រ​បង្រៀន​នឹង​ប្រែប្រួល​ឆ្ពោះទៅ​រក​ការ​បង្រៀន​បែប​ចម្រុះ ដែល​វិធីសាស្ត្រ​នេះ​អនុញ្ញាត​ឱ្យ​សិស្ស​រៀន​ក្នុង​ថ្នាក់​ខ្លះ រៀន​តាម​អន​ឡាញ​ខ្លះ និង​សិក្សា​ដោយ​ខ្លួនឯង​តាម​រយៈ​មេរៀន​ជា​វី​ដេ​អូ និង​ប្រភព​ឯកសារ​អន​ឡាញ ក៏​ដូច​ជា​អ៊េ​ប​របស់​សាលា​ផង​ដែរ​» ​។ លោក​បាន​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​ការ​បង្រៀន នឹង​ជួយ​ជំរុញ​សិស្សានុសិស្ស​អាច​ត្រៀម និង​សម្រប​ខ្លួន​បណ្តើរ​ក្នុង​ការ​សិក្សា ក៏​ដូច​ជា​រស់នៅ​ក្នុង​បរិបទ​សង្គម​ថ្មី​នេះ​ ។

ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បញ្ជាក់​ថា «លោកគ្រូ​អ្នកគ្រូ​គួរ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​បង្រៀន​បែប​បុរាណ ដែល​គ្រូបង្រៀន​មាន​តួនាទី​ជា​អ្នក​ផ្ទេរ​ចំណេះដឹង មក​ប្រើ​វិធីសាស្ត្រ​បែប​សិស្ស​មជ្ឈមណ្ឌល​វិញ ដែល​គ្រូបង្រៀន​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​ការ​សិក្សា ដោយ​ដឹកនាំ​សកម្មភាព​សិស្ស​សិក្សា​ស្រាវជ្រាវ និង​ណែនាំ​ពី​ប្រភព​មេរៀន ​។ ការ​កែប្រែ​នេះ​នឹង​ឆ្លើយ​តប​នឹង​បម្រែបម្រួល​ប្រព័ន្ធ​អប់រំ​គរុកោសល្យ​ថ្មី​របស់​ពិភពលោក​ផង​ដែរ​» ​។

លោក​បាន​រំលឹក​ថា ក្នុង​សម័យ​កូ​វី​ដ សាលារៀន​ជា​ច្រើន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​ការ​បង្រៀន​សិស្ស​ពី​ចម្ងាយ តែ​បច្ចុប្បន្ន​នេះ​កូ​វី​ដ​ចប់​ពិតមែន ប៉ុន្តែ​ការ​បង្រៀន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​មិន​ទាន់​បញ្ចប់​ទេ នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​អនាគត ​។

លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់​ថា «​លោកគ្រូ​អ្នកគ្រូ​ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល គរុកោសល្យ​បង្រៀន​បែប​ចម្រុះ និង​សិស្ស​មជ្ឈមណ្ឌល ដែល​ជា​បំ​និ​ន​ថ្មី​ត្រូវ​ចាប់​យក ដើម្បី​ជួយ​ជំរុញ​វិស័យ​អប់រំ​ប្រកបដោយ​គុណភាព​សម្រាប់​យុវជន​ជំនាន់​ក្រោយ​» ៕ អត្ថបទសហការ