ក្រុងប៉ោយប៉ែត ៖ ពលករម្នាក់បានរងរបួសបែកបបូរមាត់ និងត្រូវគេវាយជាច្រើនដៃបានអះអាងថា ខ្លួនត្រូវក្រុមអ្នកលក់សំបុត្ររថយន្តរបស់សាខាក្រុមហ៊ុនមួយព្រួតគ្នាវាយក្រោយជម្លោះទិញសំបុត្ររថយន្តមិនត្រូវគ្នាកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៩ មីនា ២០១៣ នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះថា ញ៉ ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករ ទើបវិលត្រឡប់មកពីធ្វើជាកម្មករសំណង់នៅខេត្តប្រាជួបគីរីខាន់ប្រទេសថៃ និងមានទីលំនៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ពលករខាងលើរបួសបែកបបូរមាត់ខាងស្ដាំផ្នែកខាងក្រោម និងជាំមុខចំណុចថ្ពាល់ខាងឆ្វេង ដោយអះអាងថា ខ្លួនត្រូវក្រុមអ្នកលក់សំបុត្ររថយន្តឲ្យសាខាក្រុមហ៊ុនមួយមានគ្នា៥ ទៅ៦នាក់ ព្រួតវាយ ក្រោយពីនិយាយរឿងទិញសំបុត្ររថយន្តមិនត្រូវគ្នា។
ជនរងគ្រោះប្រាប់ថា មុនហេតុការណ៍កើតខ្លួន និងមិត្តភក្តិជាច្រើននាក់ទៀត ដែលមកពីប្រទេសថៃ បាននាំគ្នាចូលទៅកន្លែងលក់សំបុត្រ ដើម្បីរកទិញសំបុត្ររថយន្តក្រុងជិះទៅស្រុកកំណើត ដោយមិត្តភក្តិខ្លះនៅខេត្តព្រៃវែង និងមិត្តភក្តិខ្លះនៅខេត្តស្វាយរៀង។ ជនរងគ្រោះបន្តថា ការផ្ទុះជម្លោះឡើងនៅពេលគេតថ្លៃសុំបញ្ចុះតម្លៃក៍ផ្ទុះជាជម្លោះ ដោយក្រុមអ្នកលក់សំបុត្របានដេញឲ្យខ្លួនចេញ បើមិនទិញទេ។ ជនរងគ្រោះថា នៅពេលឮពាក្យគេដេញខ្លួនក៏ដើរចេញ ស្រាប់តែមនុស្សមួយក្រុមនៅទីនោះស្ទុះមកព្រួតវាយលើខ្លួនតែម្ដង ៕
ចែករំលែកព័តមាននេះ