ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងសហគមន៍មូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជនខិលខូចដែលលួចបូមទឹកចេញពីក្នុងស្ទឹង និងពីក្នុងរហាល បង្កអោយរីងស្ងួត ហើយនឹងអាចកើតមានគ្រោះមហន្តរាយដល់សត្វស្លាប និងមច្ឆាជាតិនៅតំបន់ការពារធម្មជាតិអភិរក្សរហាលកែស អាវៀន ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ខុង ប៊ុន មេឃុំឈ្នួរមានជ័យ និងជាប្រធានសហគមន៍តំបន់ការពារធម្មជាតិរហាលកែស អាវៀន បានអោយដឹងនៅថ្ងៃទី១៩ ខែកុម្ភៈនេះថា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងសហគមន៍ទើបរកឃើញបទល្មើសដែលបង្កឡើងដោយពលរដ្ឋខិលខូចមួយចំនួនតូច ដែលបាននាំគ្នាលួចបង្កប់ទុយោក្នុងដី និងក្នុងទឹក ហើយធ្វើសកម្មភាពលួចបូមទឹកនៅពេលយប់ជ្រៅចេញពីក្នុងស្ទឹងប្រសព្វ (ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី) និងបូមទឹកចេញពីក្នុងរហាល (បឹងកណ្តាលវាល) នៅតំបន់ការពារធម្មជាតិរហាលកែស អាវៀន។

ប្រភពដដែលបន្តថា បើតាមការបង្ហើបព័ត៌មាន គឺពួកកសិករដែលធ្វើស្រែប្រាំងលើកទី២ ឬស្រែប្រាំងរដូវប្រាំងនៅម្តុំនោះ ជាអ្នកលួចបូមទឹកដ៏បង្ហិនបង្ហោច។ ដោយទឹកដែលលួចបូម ត្រូវបានស្រោចស្រពទៅលើផ្ទៃដីស្រូវប្រាំងប្រមាណពី៦០ហិកតា រហូតដល់ប្រមាណ១០០ហិកតានៅម្តុំនោះ ហើយទំហំផ្ទៃដីធ្វើស្រែប្រាំង គឺបានលើសយ៉ាងច្រើនទៅលទ្ធភាពទឹកអាចស្រោចស្រពបាន។
ពាក់ព័ន្ធករណីខាងលើនេះ លោក ខុង ប៊ុន បានឲ្យដឹងទៀតថា សកម្មភាពលួចបូមទឹកនោះ បានធ្វើពី១ទៅ២សប្តាហ៍មកហើយ ប៉ុន្តែអាជ្ញាធរសមត្ថកិច្ច និងសហគមន៍តំបន់ទើបតែដឹងនៅចន្លោះ៣ទៅ៤ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ នៅពេលបានពិនិត្យឃើញស្ថានភាពទឹកក្នុងស្ទឹង និងក្នុងរហាល នៃតំបន់ការពារធម្មជាតិអភិរក្សរហាលកែស អាវៀននេះ។ ក្នុងនោះ ក្រុមការងារក៏បានរឹបអូសនូវម៉ាស៊ីនបូមទឹក និងទុយោមកទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកទទួលខុសត្រូវផងដែរ។

ទោះយ៉ាងណា លោក ខុង ប៊ុន បាននិយាយទាំងក្តីព្រួយបារម្ភយ៉ាងខ្លាំងថា ការលួចបូមទឹកនេះ បង្កអោយរីងទឹកខ្លាំងតែនៅក្នុងស្ទឹងប្រសព្វ។ រីឯនៅរហាល ក្នុងព្រៃលិចទឹក ដែលជាជំរំសត្វស្នាក់នៅ និងពងកូន មិនស្រកខ្លាំងពេកនោះទេ ប៉ុន្តែក្នុងនាមមូលដ្ឋាន លោកសូមការអន្តរាគមន៍ជួយបង្ការ ទប់ស្កាត់ ការពារកុំអោយមានការលួចបូមទឹកទីនោះបន្តទៀត ព្រោះវាប៉ះពាល់សត្វស្លាបរាប់ម៉ឺនសែនក្បាល និងមច្ឆាជាតិ ដែលអាចរត់ចេញអស់ពិតជាមិនអាចវិលវិញទេ។
សូមរំលឹកថា រហាលកេះ អាវៀន (រហាលមានន័យថា បឹងនៅកណ្តាលវាល) ជាទីអភិរក្សអេកូទេសចរណ៍មច្ឆាជាតិ និងសត្វស្លាបដែលសហគមន៍រៀបចំឡើង ដើម្បីកិច្ចការអភិរក្សសត្វស្លាបចម្រុះរាប់ម៉ឺនសែនក្បាល និងមច្ឆាជាតិ ព្រមទាំងលើកស្ទួយជីវភាពប្រជាសហគមន៍។ វាជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី នាព្រំប្រទល់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រវត្តិតំបន់នេះ គឺវាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩) ហើយវាមានផ្ទៃដីទឹក និងព្រៃលិចទឹកទំហំ២៨ហិកតា ។

សមាសភាពសត្វស្លាបនៅទីនោះ បានកើនចំនួន ដោយមានជិត១០ប្រភេទ ហើយសត្វស្លាបមានដូចជា ចង្គៀលខ្យង, ក្អែកទឹក, ស្មោញ, ត្រយ៉ង, ទាព្រៃ, ទុងប្រផេះ, ខ្វែកធំ, ទោម, ត្លុម និងមាន់ទឹកជាដើម ក្រៅពីនោះ មានសត្វកុកយ៉ាងច្រើនដែរ។ ហើយតំបន់នេះ អាចចែកជា២ផ្នែក ៖
ទី១- ជាតំបន់រហាលកេះ មានទំហំចំនួន០៥ហិកតា ជាទីអភិរក្សមច្ឆាជាតិចម្រុះដូចជា ៖ ត្រីរ៉ស, ត្រីឆ្តោ, ត្រីផ្ទក់, ត្រីឆ្ពិន, ត្រីអណ្តែង, ត្រីក្រាញ់, ត្រីក្រាយ, ត្រីព្រលូង, ត្រីសណ្តាយ, ត្រីឆ្លាំង, ត្រីស្លាត, ត្រីស្លូញ និងត្រីខ្ជឹង…។
ទី២- ជាផ្ទៃទឹក និងមានព្រៃលិចទឹក ដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូន និងរកចំណីក្នុងចំនួនរាប់ម៉ឺនក្បាល និងកុករាប់សែនក្បាល។ ហើយអាវៀននេះ មានទំហំ២៣ហិកតា វាមានរាងក្រវេចក្រវៀន ដែលនាំអោយគេហៅថា អាវៀន។ មិនតែប៉ុណ្ណោះ ទីអភិរក្សនេះ គេហៅថា តំបន់ការពារធម្មជាតិអភិរក្សរហាលកែស អាវៀន៕
ចែករំលែកព័តមាននេះ