ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ កំពុងមមាញឹកស្ថាបនាកែលម្អរ និងតុបតែងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ រដ្ឋបាលរាជធានីភ្នំពេញ ​បាន​ និង​កំពុងមមាញឹកក្នុងសាងសង់ និងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​ប្រព័ន្ធ​ផ្លូវ​ថ្នល់ ​ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍​ ក្នុងនាម​រាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម…

រាជធានីភ្នំពេញ​៖ រដ្ឋបាលរាជធានីភ្នំពេញ ​បាន​ និង​កំពុងមមាញឹកក្នុងសាងសង់ និងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេស​ប្រព័ន្ធ​ផ្លូវ​ថ្នល់ ​ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍​ ក្នុងនាម​រាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣​ ដែល​ព្រឹត្តិការណ៍ ​១០០ថ្ងៃទៀតនេះ ​កំពុងតែរាប់ថយក្រោយ​ នោះគឺ​ស៊ីហ្គេម នៅ​ពហុកីឡដ្ឋានជាតិ មរតកតេជោ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាពេលវេលាមួយ ដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេ​ម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើមយុទ្ធនាការណ៍រាប់ថយក្រោយ ១០០ថ្ងៃ ជាមួយ​ព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងរៀបចំការងារមួយចំណែកផងដែរ ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។   

លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ជាក់ស្ដែង នៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងចាក់កៅស៊ូឡើងវិញ​លើផ្លូវជាតិលេខ៦ ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូលព្រហ្មជ្រោយចង្វារ ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែង​ប្រមាណជា ១៥គ.ម ព្រោះផ្លូវនេះ ជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរឆ្ពោះទៅពហុកីឡដ្ឋានជាតិ​មរតកតេជោ។ ការដ្ឋានផ្លូវជាតិលេខ៦ សម្រេចលទ្ធផលបាន ៨០%ហើយ។

លោកបន្តថា ការងារមួយទៀត គឺកែលម្អរមហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អរទ្រង់ទ្រាយធំ ដូចជា ជួសជុលផ្លូវ ដែលមានការខូចខាតដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។ បន្ទាប់ពីចាក់បេតុងរួចរាល់ មហាវិថី ឈ្នះ ឈ្នះ ​ក៏ត្រូវបាន​អ៊ុតកៅស៊ូបន្ថែម ដើម្បីឱ្យផ្លូវមានភាពងាយស្រួលដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឱ្យមានសោភ័ណភាពសាកសមជាទីតាំង ដែលប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនេះ ហើយការដ្ឋានពេលនេះសម្រេចបាន ៨០% ហើយ។

លោក ម៉េត មាសភក្ដី បានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ផ្លូវថ្មីទាំង ២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា ២ផ្នែក ឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ម៉ែត្រ ប្រវែងជាង ៨គីឡូម៉ែត្រ ដែលសម្រេចការសាងសង់បាន ១០០% ទាំងការងារធ្វើផ្លូវ​បេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ម៉ែត្រ ប្រវែងជាង ៥គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បាន ៨៥%ហើយ នៅសល់ការដោះស្រាយផលប៉ះពាល់​ជាមួយប្រជាពលរដ្ឋ​បន្តិចបន្តួចប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ