ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរាយការណ៍មកថា នៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីប្រើប្រាស់អាវុធដោយខុសច្បាប់។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលក្រុងបាវិត ក៏បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ មានដូចជា ៖ ១- ឈ្មោះ ច្រឹង ហ្វាងហៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី មានទីលំនៅឃុំកូវជា ស្រុកងូវៀន ខេត្តហាយហ្វុង ប្រទេសវៀតណាម (អ្នកកាន់អាវុធ) ។ ២- ឈ្មោះ ជិន ភឿងកាន់ (TRINH PHUONG CANH) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តហាយហ្វុង ប្រទេសវៀតណាម។ ៣- ឈ្មោះ ហ្វាម ឌឹកដុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវិនមុក ឃុំដាយហប ស្រុកកៀនធី ខេត្តហាយហ្វុង (អ្នកបើកបររថយន្ត) និង៤- ឈ្មោះ ង្វៀង វ៉ាន់ហ្វាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំឡាមសឺង ស្រុកឡេជិន ខេត្តហាយហ្វាង ប្រទេសវៀតណាម។
ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានធ្វើការដកហូតអាវុធម៉ាកខ្លីមួយដើមម៉ាក ZORAKI ដែលគ្រា.ប់ចំនួន៤គ្រា.ប់ និង រថយន្ត១គ្រឿងម៉ាក VELLFIRE ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ២BT.១៣៦៧ ដែលជាមធ្យោបាយពួកគេជិះធ្វើសកម្មភាពផងដែរ។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា «ពួកខ្លួនពិតជាបានផ្ទុះអាវុធចំនួន១គ្រា.ប់ប្រាកដមែន មូលហេតុដោយសារខឹងនឹងក្រុមជនជាតិវៀតណាមដូចគ្នា ដែលបានចាប់មិត្តភក្តិរបស់ខ្លួនឃុំ និងធ្វើទារុ.ណក.ម្ម ព្រមទាំងវា.យមកលើខ្លួន និងគូកនទៀត»។
បន្ទាប់ពីសាកសួរចប់សព្វគ្រប់ហើយ ដោយពិនិត្យឃើញថា ជនសង្ស័យជាជនជាតិវៀតណាមទាំង៤នាក់នោះ ពិតជាមានជាប់ពាក់ព័ន្ធលើករណីកាន់កា.ប់អាវុធដោយគ្មានការអនុញ្ញាតិ សមត្ថកិច្ចក៏បានរាយការណ៍សុំគោលការពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី៕
ចែករំលែកព័តមាននេះ