ខេត្តព្រះវិហារ ៖ អាជីវករ6តូបដែលលក់ដូរនៅខាងក្រោយផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ បានត្រឹមទ្រហោយំអស់សង្ឃឹម ខណៈតូបរបស់ខ្លួនត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី១០ វិច្ឆិកា ២០២២ ។
បើតាមការបញ្ជាក់អោយដឹងពីអាជីវករនៅខាងក្រោយផ្សារកំពង់ប្រណាកថា នៅមុនពេលកើតហេតុ គេឃើញមានអណ្ដាតភ្លើងចេញពីតូបលក់គ្រឿងទេសមួយកន្លែង ជាប់តូបលក់ផ្លែឈើខាងក្រោយផ្សារកំពង់ប្រណាក ខណៈដែលម្ចាស់តូបមិននៅ ។ ភ្លាមៗនោះ អាជីវករក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានជួយអន្តរាគមន៍ដោយយកទឹកជួយពន្លត់ដែរ តែដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក មិនអាចគ្រប់គ្រងបាន ក៏ស្រាប់តែអណ្ដាតភ្លើង បានឆាបឆេះបន្តរាលដាល មកតូបលក់សម្លៀកបំពាក់ដែលនៅក្បែរនោះ បង្កអោយកើតមានជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅខ្លាំងតែម្ដង ។
វត្តមានរបស់លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំកងកម្លាំងទាំង3ប្រភេទ ចុះអន្តរាគមន៍ពន្លត់ ភ្លាមៗយកឡានទឹកពីគ្រប់ទិសទី ដើម្បីជួយពន្លត់ តែដោយសារស្ថានភាព អគ្គីភ័យឆេះសន្ធោសន្ធៅខ្លាំងពេក មិនអាចគ្រប់គ្រងស្ថានភាពបានទាន់ពេល តែបានទប់ស្កាត់មិនអោយភ្លើងឆាបឆេះបន្តទៅតូបផ្សេងៗនៅក្បែរនោះ ។ ក្នុងប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះ រហូតប្រើរយៈពេលជិត 2ម៉ោង ទើបភ្លើងរលត់អស់ ។
ទោះជាបែបនេះក្ដី សមត្ថកិច្ច ពុំទាន់បញ្ជាក់អំពីមូលហេតុ ដែលនាំអោយកើតមានអគ្គិភ័យនេះនៅឡើយទេ ។ នៅក្នុងហេតុការណ៍នេះ ក៏ពុំបានបណ្ដាលឲ្យមនុស្សណាម្នាក់បាត់បង់អាយុជីវិត ឬរងរបួសឡើយ ។ ដោយឡែកទ្រព្យសម្បត្តិម្ចាស់តូបរងគ្រោះបានឆាបឆេះអស់មួយចំនួនធំ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ