ខេត្តប៉ៃលិន ៖ ដោយសារតែបេះដូងមានតែមួយមិនអាចរំលែកចែកគ្នាបានទីបំផុតក្ដីស្រឡាញ់កប់ជ្រៅក្នុងក្រអៅបេះដូងកម្រិតណាភ្នំភ្លើងស្នេហាក៏ផ្ទុះឡើងមានភាពសាហាវកម្រិតនោះដែរ ។
យុវនារីក្មេងម្នាក់ត្រូវបានបាត់បង់ជីវិតនៅ នឹងកន្លែងដោយសារតែយុវជនជាសង្សារអារកសម្លាប់នៅលើគ្រែក្នុងផ្ទះរបស់ខ្លួន ។ ចំណែកយុវជនជាសង្សារនោះក៏បានរងរបួសធ្ងន់ដែរដោយសារពេលអាករក.សង្សាររួចក៏ចាក់សម្លាប់ខ្លួនឯងដើម្បីធ្វើអត្តឃាត តែមិនស្លាប់គ្រាន់តែបណ្ដាលឱ្យរងរបួសធ្ងន់ គឺចាក់ពោះ៣កាំបិត ចំដើមទ្រូង២កាំបិត និងចាក់ចំបំពងក មួយកាំបិត ត្រូវបានអ្នកជិតខាងឃើញក៏ទូរស័ព្ទហៅសមត្ថកិច្ចឱ្យមកមើលរួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៣ កុម្ភៈ ស្ថិតនៅផ្ទះកាត់ដេរមួយកន្លែងទល់មុខស្នាក់ការផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងបង្កឱ្យមានការភ្ញាក់ផ្ញើលពីមនុស្សរាប់រយនាក់ទៅចោមរោមមើលដោយក្ដីរន្ធត់ និងសង្វេគ ។ ជនរងគ្រោះឈ្មោះឡុង ចាន់ធន ភេទស្រី អាយុ២៣ឆ្នាំ ជាកសិករ រស់នៅភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ មានឪពុកឈ្មោះឡុង ចូន អាយុជាង៦០ឆ្នាំ ម្ដាយឈ្មោះធី ចន្ថា ហៅកាយ អាយុ៥៦ឆ្នាំ ។ ចំណែកជនជាឃាតករសម្លាប់នារីរួចប៉ងធ្វើអត្តឃាតតាមក្រោយឈ្មោះអៀ បឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាជាងកាត់ដេរ នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
តាមការអះអាងរបស់នារីម្នាក់ឈ្មោះឡុង ចន្ធូ អាយុ២៥ឆ្នាំ ត្រូវជាបងស្រីនារីរងគ្រោះឱ្យដឹងថា ប្អូនរបស់នាងបានទៅរកស៊ីនៅប្រទេសថៃជាយូរឆ្នាំមកហើយ តែនៅឆ្នាំនេះនាងបានត្រឡប់មកស្រុកខ្មែរវិញក៏មានទំនាក់ទំនងជាមួយនឹងយុវជនម្នាក់ឈ្មោះអៀ បឿន អស់រយៈពេលជិត១ឆ្នាំ កន្លងមកហើយ ដោយខាងឪពុកម្ដាយនាងក៏ដឹងរឿងពួកគេនេះដែរ ។ នារីជាបងបានបន្តទៀតថា នៅមុនពេលកើតហេតុពួកគេនាំគ្នាទៅលេងផ្ទះនាង ពេលនោះម្ដាយនាងបានប្រើឱ្យទៅផ្សារដើម្បីទិញមាន់យកមកសែនបញ្ចុះសីមានៅវត្តបេង ឃុំស្ទឹងកាច់ ។ នៅវេលាម៉ោង៤រសៀលពួកគេទាំងពីរនាក់ក៏ឌុបគ្នាទៅផ្សារ លុះដល់វេលាល្ងាចថ្ងៃដដែលអត់ឃើញពួកគេត្រឡប់ទៅផ្ទះវិញទេ ទើបនាងជាបងស្រីបានជិះម៉ូតូមកតាមរក ។ ស្រាប់តែឃើញម៉ូតូចតនៅខាងក្រៅផ្ទះចំណែកពួកគេទាំងពីរនាក់នៅខាងក្នុងអត់ឮមាត់ និងអត់បើកទ្វារទេ ទោះបីនាងស្រែកហៅម្ដងហើយម្ដងទៀតបែបនេះក្ដី ។ ប្រភពដដែលបន្តឱ្យដឹងថា លុះដល់ម៉ោង១១ និង៣០នាទីយប់ស្រាប់តែអ្នកជិតខាងឃើញទ្វារផ្ទះបើកចំហតែអត់បើកភ្លើងក៏មានការសង្ស័យទើបយកពិលបញ្ចាំងមើលទៅក្នុងបន្ទប់ឃើញមានឈាមហូរជោកគ្រែនិងឃើញនារីរងគ្រោះត្រូវសម្លាប់ និងបានរុំនៅក្នុងភួយ ពេលនោះអ្នកជិតខាងបានទូរស័ព្ទហៅមេប៉ុស្ដិ៍សង្កាត់ប៉ៃលិនឱ្យមកពិនិត្យមើលក៏ឃើញប្អូនស្រីនាងត្រូវស្លាប់បាត់ទៅហើយ ។ ចំណែកជនដៃដល់ដែលជាសង្សារនោះបានចាក់ខ្លួនឯងត្រូវពោះ៣កាំបិតទ្រូង២កាំបិត និងបំពង់ក១កាំបិតមុតយ៉ាងជ្រៅត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ តែដោយយុវជនរូបនេះមានសភាពធ្ងន់ធ្ងរពេកត្រូវគេបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់បងភ្លាមៗដែរ ។
លោកអនុសេនីយ៍ទោ អ៊ុក គា នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ប៉ៃលិនបានឱ្យដឹងថា តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចបានឱ្យដឹងថា យុវនារីរងគ្រោះត្រូវបានសង្សារយកកាំបិតកៃអារក សម្លាប់ដោយសារតែរឿងប្រចណ្ឌស្នេហ៍ត្រីកោណ ព្រោះតាមការសាកសួរពីអ្នកជិតខាងបានឱ្យដឹងថា នាងមានអ្នកចាប់ចិត្តស្រឡាញ់ច្រើននាក់ ហើយនាងក៏ស្រឡាញ់គេវិញដែរ ។ លុះក្រោយមកនាងក៏ឈប់ទំនាក់ទំនងជាមួយពួកគេរួចបែរមកស្រឡាញ់យុវជនជាសង្សារម្នាក់នេះវិញ ។ ពួកគេស្រឡាញ់គ្នាអស់រយៈជិត១ឆ្នាំកន្លងមកហើយ តែនៅថ្ងៃកើតហេតុគេឃើញអ្នកទាំងពីរឌុបគ្នាចុះឡើងៗចេញពីផ្ទះនារីរងគ្រោះមកផ្ទះដែលរូបគេជួលកាត់ដេរសម្លៀកបំពាក់ ។ លោកបន្តទៀតថា គេសង្កេតឃើញអ្នកទាំងពីរមានការឈ្លោះប្រកែកគ្នានៅក្នុងផ្ទះជួលនោះផងដែរស្រាប់តែនៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃដដែលក៏មានការផ្អើលឆោឡោដោយសារតែនាងត្រូវសង្សារអាករសម្លាប់ហើយយុវជនជាសង្សារក៏ចាក់ខ្លួនឯងដោយកាំបិតហូរឈាមឆ្អាបពេញបន្ទប់ផ្ទះជួលដែរ ។ ពលនេះសាកសពនារីរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកជនបង្កត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងរង់ចាំដល់ពេលជាពីរបួសនឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងកាត់ទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ