ដេញតាមចាប់បានបុរសម្នាក់ រួចសារភាពថា មកពីជនរងគ្រោះទុកម៉ូតូចោលទំនងពេក
- ភ្នំពេញ
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បន្ទាប់ពី
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បន្ទាប់ពី
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងមិនបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្បែរបណ្ណាគារ IBC តាមបណ្ដោយ ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ ហេង ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ពេជ្រ សារស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកនៅក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ រីឯម៉ូតូរបស់ជនរងគ្រោះវិញ គឺម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1P-4182។
តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ (ជនរងគ្រោះ) ទើបតែជិះម៉ូតូចេញពីកន្លែងធ្វើការ ហើយក៏បានទៅឈប់ចតចោលនៅខាងមុខបន្ទប់ជួលរបស់ខ្លួន។ បន្ទាប់មករូបគាត់ក៏បានចូលទៅអង្គុយហូបមីឆានៅក្នុងបន្ទប់ជួល ដោយទុកម៉ូតូនៅខាងក្រៅបន្ទប់។
ជនរងគ្រោះបន្តថា មួយស្ទុះក្រោយមក គាត់ក៏បានលឺសំឡេង «គ្រេះគ្រោះ» ចេញពីខាងក្រៅបន្ទប់ ខណៈពេលនោះ គាត់ (ជនរងគ្រោះ) ក៏បានបើកទ្វារបន្ទប់ជួលមើល ស្រាប់តែឃើញជនសង្ស័យរត់ចេញពីកន្លែងម៉ូតូរបស់គាត់ (ជនរងគ្រោះ)។ ហើយគាត់ក៏បានរត់ដេញតាម និងស្រែកថា «ចោរៗ» រហូតដល់ចំណុចកើតហេតុ ក៏មានប្រជាពលរដ្ឋបានលឺរូបគាត់ (ជនរងគ្រោះ) ស្រែក ហើយក៏បានជួយស្ទាក់ចាប់ជនសង្ស័យបានភ្លាមៗតែម្ដង។ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន បន្ទាប់មកក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ចុះធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
នៅចំពោះមុខកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេចទេ ចំណែកមូលហេតុ គឺដោយសារតែជនរងគ្រោះទុកម៉ូតូចោលទំនងគួរឲ្យចង់លួចពេក។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្ត ទៀតនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ