ខេត្តក្រចេះ ៖ អ្នកស្រី ម៉ាច សុភ័ណ្ណ ដែលជាអាជីវករលក់ដូរអ៊ីវ៉ាន់ចាប់ហួយ នៅស្រុកស្នួល ខេត្តក្រចេះ បានអំពាវនាវស្នើសុំទៅដល់កម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងករណីមនុស្សមួយក្រុមដែលបានធ្វើសកម្មភាពព្រួតវា.យប្តីរបស់គាត់ បណ្ដាលឱ្យរងរបួសធ្ងន់ រហូតដល់ពិការមួយកំណាត់ខ្លួន ។
ករណីខាងលើនេះ បានកើតឡើងតាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២កន្លងទៅ តែមានសភាពស្ងប់ស្ងាត់ ទើបនឹងបែកការ ក្រោយពីមានការបញ្ចេញរូបភាពវីដេអូឃ្លីបមួយចំនួន ពាក់ព័ន្ធទៅនឹងករណីមួយនេះ បន្ទាប់ពីបុរសរងគ្រោះត្រឡប់មកពីព្យាបាលនៅឯមន្ទីរពេទ្យប្រទេសវៀតណាមវិញ។
បើតាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ លោក វ៉ាន់ មន្នីរិទ្ធ រស់នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានរៀបរាប់ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា មុនពេលកើតហេតុ លោកបានជិះម៉ូតូក្នុងគោលដៅទៅលេងបាល់ទះនៅឯក្រុមហ៊ុនស្មាតមួយកន្លែង ស្ថិតនៅភូមិរវៀងជ័យ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
បុរសរងគ្រោះបន្តថា ខណៈពេលដែលឈរមើលគេលេងបាល់ទះនៅទីតាំងខាងលើ ក៏មានមិត្តភក្កិបានខលទូរស័ព្ទហៅទៅផឹកស្រាក្រឡុកនៅតំបន់ក្បែរក្រុមហ៊ុនថ្មម៉ាប ហើយនៅពេលគាត់កំពុងតែជិះម៉ូតូតាមផ្លូវនោះ ស្រាប់តែមានរថយន្តតាកូម៉ា ពណ៌សមួយគ្រឿង ជិះតម្រង់ទៅបំបុករូបលោក ទើបរូបលោកសម្រេចចិត្តគេចចេញ បណ្តាលអោយម៉ូតូធ្លាក់ចូលប្រឡាយទឹក តែម្តងទៅ។
បុរសរងគ្រោះបន្តទៀតថា ក្រោយពេលធ្លាក់ប្រឡាយទឹក ក៏មានក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយដំបងឈើគ្រប់ដៃមកព្រួតវា.យ បណ្ដាលឲ្យរងរបួសធ្ងន់ទៅលើរាងកាយ នៅក្នុងប្រឡាយទឹកនោះ។
ក្រោយមកជនរងគ្រោះក៏ត្រូវបានគេស្រង់យកមកខាងលើ ហើយបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលឃុំស្វាយជ្រះ ដោយមានខ្នោះជើងនិងដៃព្យួរឡើងលើ រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបគេបញ្ជូនទៅឲ្យក្រុមគ្រួសារជនរងគ្រោះវិញ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម អស់រយៈពេលជិត២ខែ ទើបបានធូរស្បើយ ប៉ុន្តែត្រូវរងពិការភាពមួយកំណាត់ខ្លួនផ្នែកខាងក្រោម ។
បើតាមអ្នកស្រី ម៉ាច សុភ័ណ ដែលជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ក្រោយពីត្រឡប់មកពីព្យាបាលនៅប្រទេសវៀតណាមវិញ ជនរងគ្រោះត្រូវបានមេការអ្នកបកប្រែក្រុមហ៊ុនចិន ដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធករណីលួចខ្សែភ្លើងនៅក្នុងក្រុមហ៊ុនរបស់គេ ។
ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា កន្លងទៅ ប្ដីរបស់គាត់តែងតែដឹកជញ្ជូនអ៊ីវ៉ាន់យកទៅបោះឱ្យមកលក់នៅតាមភូមិខាងលើ តែមិនដែលមានទំនាស់ និងបញ្ហាអ្វីជាមួយអ្នកណាទេ ។ រឿងអីគេចោទប្រកាន់ប្ដីរបស់គាត់ដែលជាជនរងគ្រោះថា ជាអ្នកលួចខ្សែភ្លើងនៅក្នុងក្រុមហ៊ុនរបស់ចិន វាអាចជាការភ័ន្ដច្រឡំ។
អ្នកស្រីបញ្ជាក់ថា ជីវភាពក្រុមគ្រួសាររបស់គាត់មានជីវភាពសមរម្យ លក់ដូរការងារប្រចាំថ្ងៃ ធ្វើចំការផង និងចិញ្ចឹមទារាប់ពាន់ក្បាល ចាំបាច់អីទៅលួចរបស់របរខ្សែភ្លើងបន្តិចបន្តួចហ្នឹងមកធ្វើអី។ អ្នកស្រីបានស្នើសុំឲ្យកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបើកការស៊ើបអង្កេតស្រាវជ្រាវនិងជួយរកយុត្តិធម៌ឱ្យក្រុមគ្រួសាររបស់អ្នកស្រីផង មិនដឹងជាត្រូវពឹងអ្នកណានោះទេ បើរត់ទៅសួរប៉ុស្តិ៍នគរបាលស្វាយជ្រះថា ឲ្យទៅសួរអធិការស្រុកស្នួល។ លុះដល់ពេលទៅដល់ស្រុកស្នួលថា រឿងនេះទៀតបញ្ជូនទៅលើហើយ ស្រាប់តែថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ មានការកោះហៅក្រុមគ្រួសារងគ្រោះឲ្យទៅបំភ្លឺពាក់ព័ន្ធករណីនេះ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយទេ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រះ បានឆ្លើយតបតាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានថា មិនអាចផ្ដល់ព័ត៌មានតាមរយៈទូរស័ព្ទបាននោះទេ បើចង់ដឹងទាល់តែមកជួបគ្នាផ្ទាល់ ។
ចែករំលែកព័តមាននេះ