រឿងរ៉ាវជាច្រើនដែលកើតមាននៅក្នុងសម័យប៉ុលពត ក្នុងរយៈពេលជាង៣ឆ្នាំចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហាក់ជារឿងព្រេងនិទានសម្រាប់យុវជនសម័យនេះពីព្រោះមានរឿងរ៉ាវជាច្រើនស្តាប់ទៅហួសចិត្តមិនគួរឲ្យជឿ ដូចជាការកា.ប់សម្លា.ប់ការបង្អត់អាហារ ការធ្វើទារុណកម្ម និងការចា.ប់ឲ្យមនុស្សរៀបការជាមួយគ្នា ខណៈដែលមិនបានស្គាល់មុខគ្នាសោះនោះ ។
ទោះយ៉ាងណារឿងនិទាននេះ គឺជាការពិតអ្វីៗបានកើតមាននៅក្នុងរបបប៉ុលពត ហើយវាបានកន្លងផុតទៅជាង៤០ឆ្នាំមកហើយ តែនៅមានឪពុកម្តាយជាច្រើនបន្តនិទានរឿងរ៉ាវទាំងនោះឲ្យកូនចៅជំនាន់ក្រោយឲ្យដឹង ។
លោក សុធី ពលរដ្ឋម្នាក់នៅខេត្តកំពង់ចាមបាននិយាយថា ឪពុកម្តាយរបស់លោកតែងតែដំណាលរឿងដែលពួកគាត់បានរៀបការនឹងគ្នាប្រាប់កូនចៅ ។ លោកថា ឪពុកម្តាយរបស់លោកជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ប៉ុន្តែពួកគាត់មិនដឹងថា ត្រូវរៀបការជាមួយគ្នានោះទេ កាលពី៤៥ឆ្នាំមុន ។ នៅថ្ងៃដែលអង្គការហៅមកប្រជុំ កងឈ្លបខ្មែរក្រហម បានបញ្ជាឲ្យពួកគាត់ក្រោកឈរហើយប្រកាសថានឹងយកគ្នាជាប្តីប្រពន្ធនៅក្នុងចំណោមគូអាពាហ៍ពិពាហ៍ចំនួន២០គូ ។ អាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហមត្រូវបានធ្វើឡើងមិនឲ្យសាមីខ្លួនដឹងមុន សូម្បីតែឈ្មោះ មុខមាត់នៃអនាគតប្តី ឬប្រពន្ធក៏មិនស្គាល់ដែរ ។
ឪពុកម្តាយបងប្អូនបង្កើត និងមិត្តភក្តិក៏មិនបានមកចូលរួមអបអរសាទរដែរដោយហេតុថា ខ្មែរក្រហមឲ្យប្រជាជនទាំងអស់ចាត់ទុកអង្គការ គឺជាឪពុកម្តាយ ។ អាពាហ៍ពិពាហ៍រៀបចំឡើងដោយមានកូនកំលោះ និងកូនក្រមុំច្រើនគូ ហើយគ្មានប្រារព្ធពិធីតាមប្រពៃណីខ្មែរទេ ។
ក្រោយបែករបបកម្ពុជាប្រជាធិបតេយ្យមកមានពលរដ្ឋខ្លះបានរៀបចំពិធីមង្គលការជាមួយគ្នាឡើងវិញ ដោយសារពួកគាត់ស្រឡាញ់ពិធីមង្គលការតាមប្រពៃណី ប៉ុន្តែមានគួជាច្រើនក៏សុខចិត្តបែកគ្នាវិញដែរ ដោយសារប្រការផ្សេងៗ រួមទាំងការមិនអាចស្រឡាញ់គ្នាបានតែម្តង ពីព្រោះការនោះ សុខចិត្តព្រមយកគ្នាជាប្តីប្រពន្ធ ដើម្បីកុំឲ្យពួកប៉ុលពតសម្លា.ប់តែប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុន សែន ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ក្នុងសម័យខ្មែរក្រហមដែរនោះតែងតែប្រកាសរំលឹកថ្ងៃអាពាហ៍ពិពាហ៍សម្តេចនៅលើបណ្តាញសង្គម ។ សម្តេចបានលើកឡើងថា ទោះបីចំណងអាពាហ៍ពិពាហ៍កើតឡើង ក្នុងកាលៈទេសៈកម្សត់យ៉ាងណាក៏ដោយឲ្យតែចេះថែរក្សាចំណងអាពាហ៍ពិពាហ៍នោះនឹងស្ថិតស្ថេរ និងមានសុខសុភមង្គលជារៀងរហូត ។
ឥស្សរជនជាន់ខ្ពស់ម្នាក់ទៀត គឺអ្នកឧកញ៉ា ម៉ុង រិទ្ធី ក៏តែងតែរំលឹកពីចំណងអាពាហ៍ពិពាហ៍របស់លោកក្នុងរបបខ្មែរប៉ុលពតនៅលើបណ្តាញសង្គមហ្វេសប៊ុកដែរ ។ នៅឆ្នាំ២០២២នេះ ជាខួប៤៤ឆ្នាំនៃអាពាហ៍ពិពាហ៍របស់លោកដែលកាលនោះអង្គការអាវខ្មៅបានរៀបការ១៣គូ ក្នុងពេលតែមួយ ។
លោក សុធី ពលរដ្ឋនៅខេត្តកំពង់ចាម បាននិយាយថា លោកឪពុក អ្នកម្តាយរបស់លោកបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលដោយពួកគាត់បានបង្កើតកូនចំនួន៥នាក់ និងមានចៅជាង១០នាក់ហើយ ។ កាលពីឆ្នាំ២០១៥ លោកសុធី និងបងប្អូនបានរៀបចំពីធីរៀបការមួយជូនឪពុកម្តាយតាមសំណូមពររបស់ពួកគាត់ដែលចង់ក្រាបផ្ទឹមនឹងគ្នា មានព្រះសង្ឃមានតាអាចារ្យឲ្យពរមានភ្លេងប្រពៃណីស្តាប់ពីព្រោះអាហ៍ពិពាហ៍របស់លោកទាំងពីរកាលសម័យប៉ុលពតមានតែអាវខ្មៅមួយកំប្លេរ ស្លៀកឡើងបេ្តជ្ញាចិត្តកណ្តាលហ្វូងមនុស្សប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ