រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីស្រស់ស្អាតដែលតែងតែលេចមុខយ៉ាងសកម្មលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក គឺកញ្ញា សោភា ទេពី ដែលល្បីថាវ័យទើប១៨ឆ្នាំនោះ ពេលនេះកំពុងតែទទួលរងការរិះគន់ និងវែកញែកឡើងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្រោយពីនាងបានគ្រងឈុតសម្លៀកបំពាក់ឯកសណ្ឋានទាហានពាក់ស័ក្ត២ និងបកស្រាយចម្រៀងមួយបទជា ភាសាវៀតណាម។
ការរិះគន់ដូចទឹកបាក់ទំនប់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ខ្លះបានចែកចាយវីដេអូចម្រៀងដែលនាងបកស្រាយជាភាសាវៀតណាម ដោយអមជាមួយនឹងសារបង្ហាញការហួសចិត្តថា «ត្រឹម១៨ឆ្នាំពាក់ស័ក្ត២» និងមានមតិខ្លះទៀតបានលើកឡើងប្រៀបធៀបថា «កញ្ញា សោភា ទេពី ជាជនជាតិវៀតណាម ឬក៏ជាប់សែស្រឡាយជនជាតិវៀតណាម បានជាបកស្រាយបទចម្រៀងជាភាសាវៀតណាម»។ ហើយចំពោះការរិះគន់របស់មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង TikTok ទៀតសោត ភាគច្រើនបានប្រើពាក្យមិនសមរម្យនោះទេ។
ឆ្លើយតបនឹងការរិះគន់ដែលពោរពេញដោយពាក្យសម្តីពិបាកទទួលយកបាន និងមានលក្ខណៈជាន់ពន្លិចនោះ កញ្ញា សោភា ទេពី បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះថា កញ្ញាមិនមានប្រតិកម្ម ឬខឹងតបតទៅមហាជនឡើយ ក្នុងនោះកញ្ញាបានបញ្ជាក់ថា ការលើកយកបទចម្រៀង «វៀតណាម» មកបកស្រាយនេះ គឺដើម្បីច្រៀងទទួលគណៈប្រតិភូវៀតណាមនៅកន្លែងការងាររបស់ខ្លួន ដែលនាងបានស្លៀកពាក់ឯកសណ្ឋានជាទាហាន។ សោភា ទេពី បន្តថា នាងគ្រងឯកសណ្ឋាន គឺមិនខុសនោះទេ ព្រោះក្នុងនាមនាងជាទាហានមានក្របខណ្ឌពេញសិទ្ធិ គឺមិនបានធ្វើអ្វីដែលប៉ះពាល់ដល់សង្គមឡើយ។
មានសម្បុរ.សខ្ពស់ កញ្ញា សោភា ទេពី ក៏បានបញ្ជាក់បន្ថែមថា គ្រួសាររបស់នាង រួមទាំងខ្លួនកញ្ញាផ្ទាល់ គឺមិនមានជាប់ពាក់ព័ន្ធ ឬជាប់សែស្រឡាយជនជាតិវៀតណាម ដូចការចោទប្រកាន់នោះទេ តែមូលហេតុដែលកញ្ញាលើកយកបទចម្រៀងជា ភាសាវៀតណាម មកបកស្រាយ ព្រោះថាកញ្ញាជាអ្នកសិល្បៈមួយរូប ដែលអាចចេះច្រៀងចម្រៀងបានជាច្រើនភាសា មានដូចជា ៖ ឥណ្ឌូនេស៊ី ថៃ ឡាវ វៀតណាម ចិន អង់គ្លេស បារាំង និងនៅភាសាជាច្រើនទៀតផងដែរ។
កញ្ញា សោភា ទេពី បានលើកឡើងបន្តថា ខ្លួនកញ្ញាផ្ទាល់មិនបានគិតដល់ចំណុចរិះគន់ពីបណ្ដាអ្នកលេងបណ្ដាញសង្គមឡើយ ព្រោះការលើកយកបទចម្រៀងទាំងនោះមកច្រៀង ក៏ព្រោះតែនាងជាអ្នកសិល្បៈ និងជាបទចម្រៀងដែលខ្លួនស្រលាញ់ពេញចិត្ត និងចង់បង្ហាញពីសមត្ថភាពរបស់ខ្លួនតែប៉ុណ្ណោះ ខណៈកញ្ញាមិនដែលរើសអើង ឬប្រកាន់ជាតិសាសន៍ណាមួយឡើយ។
យ៉ាងណាមិញ ក្នុងការបញ្ចេញមតិរិះគន់ជាច្រើននោះ ក៏មានមតិខ្លះបានចោទសួរទៅថា សោភា ទេពី ទើបមានវ័យទើប១៨ឆ្នាំសោះ តែអាចមានតួនាទីជាទាហានពាក់ស័ក្ត២ ពិតជាមិនធម្មតាមែន ហើយត្រង់ចំណុចនេះ ក៏មានការសំណូមពរអោយកញ្ញាធ្វើការបកស្រាយជាសាធារណៈផងដែរ ។
ទោះជាយ៉ាងណា ត្រង់ចំណុចនេះដែរ សោភា ទេពី បានបញ្ជាក់ថា «នាងមិនអាចបកស្រាយបានឡើយ ព្រោះខ្លាចប៉ះពាល់ដល់កន្លែងការងារ តែទោះជាយ៉ាងណា កញ្ញាក៏បានបញ្ជាក់ដដែលៗថា ការលើកយកបទចម្រៀង «វៀតណាម» មកបកស្រាយនោះ គឺដើម្បីទទួលស្វាគមន៍គណៈប្រតិភូវៀតណាម ក្នុងនាមជាទាហានយោធាមានក្របខណ្ឌពេញសិទ្ធិប៉ុណ្ណោះ។
សូមរំលឹកផងដែរថា កញ្ញា សោភា ទេពី គឺជាអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាល៣ ផងដែរ។ បច្ចុប្បន្ននេះ កញ្ញាជាតារាចម្រៀងស្រីមួយរូបដែលលេចមុខយ៉ាងសកម្មនៅផលិតកម្មរស្មីហង្សមាស ដោយកញ្ញាមានសមត្ថភាពអាចបកស្រាយបទចម្រៀងបានច្រើនភាសា ដូចជា ៖ ឥណ្ឌូនេស៊ី ថៃ ឡាវ វៀតណាម ចិន អង់គ្លេស បារាំង និងនៅភាសាជាច្រើនទៀតជាច្រើនផងដែរ។ នេះជាការបញ្ជាក់ពីកញ្ញា សោភា ទេពី ផ្ទាល់តែម្ដង។ ហើយមួយទៀត កញ្ញាក៏ជាទាហានយោធាមានក្របខណ្ឌពេញសិទ្ធិនៅសិល្បៈស្នងការឃោសនាព័ត៌មានផងដែរ៕
ចែករំលែកព័តមាននេះ