ខេត្តក្រចេះ ៖ ជំនួញឈើប្រណីតនាំឆ្លងដែនទៅវៀតណាមតាមច្រករបៀងមួយចំនួនក្នុងស្រុកស្នួល ខេត្តក្រចេះ នៅតែបន្តកើតមានជាហូរហែ សមត្ថកិច្ចជំនាញពាក់ព័ន្ធតាមក្រវ៉ាត់ព្រំដែនថា «មិនមាននោះទេ ពីព្រោះខាងវៀតណាមបិទជាងមួយសប្តាហ៍ហើយ» ។
បើទោះបីជាការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្ដាច្រករបៀងខាងលើថា មិនមានបទល្មើសឆ្លងដែនយ៉ាងណាក៏ដោយ តែគេសង្កេតឃើញសកម្មភាពនៃការចរាចរណ៍ឈើតាមរថយន្ត និងតាមម៉ូតូគឺបានដឹកជញ្ជូនចេញពីតំបន់ផ្សេងមកកាន់ច្រកកាបី ឬច្រកក្រញ៉ូងសែនជ័យ និងប្រមូលនាំឆ្លងដែនទៅវៀតណាមតាមច្រកងាំ៦២ ។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើភាគ ច្រើនក្រុមឈ្មួញបានប្រើប្រាស់រូបភាពដឹកតាមម៉ូតូជញ្ជូនជារៀងរាល់ថ្ងៃ យកទៅលក់ឲ្យឈ្មួញវៀតណាមចាំទទួលទិញនៅក្រវ៉ាត់ព្រំដែនច្រកងាំ៦២ បានយ៉ាងរលូនក្រោមការសម្របសម្រួលពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ ។
កាលពីទី២ ខែ សីហានេះ ក្រុមអ្នកសារព័ត៌មានបានចុះផ្តិតយករូបភាពអំពីសកម្មភាពរបស់ឈ្មួញវៀតណាមបានព្យាងយកឈើបណ្ដែតទឹកឆ្លងដែនទៅប្រទេសវៀតណាមនៅតាមក្រវ៉ាត់ព្រំដែននោះផ្ទាល់តែម្តង ហើយនៅយប់ថ្ងៃទី៥ ខែសីហានេះ សកម្មភាពដឹកជញ្ជូនតាមម៉ូតូនិងរថយន្តសាំយ៉ុង ក៏នៅតែបន្តកើតមាន ដ៍ដែរ ហើយសកម្មភាពបែប នេះត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះថាតែងតែកើតមានជារៀងរាល់ថ្ងៃផងដែរ ។
បើតាមប្រភពពីសមត្ថកិច្ចថា សកម្មភាពរាល់បទល្មើសឆ្លង ដែនបានគឺត្រូវតែឆ្លងកាត់មនុស្សបីនាក់ដែលមានឈ្មោះ ឃឿន មន្ត្រីយោធានៅតំបន់នោះលោក ទូច សីហា មេប៉ុស្តិ៍ការពារព្រំដែន និងតា វី ជន ជាតិវៀតណាម ។
ប្រភពបានបន្តឲ្យដឹងទៀតថា មនុស្ស៣នាក់នោះមានទំនាក់ ទំនងល្អជាមួយខាងភាគីវៀត ណាមហើយរាល់ការចរាចរណ៍ឈើ គឺត្រូវតែឆ្លងកាត់មនុស្សសំខាន់៣នាក់នេះសិនទើបអាចដំណើរការទៅបានរលូនបើទោះបីជាលក្ខណៈតូចធំយ៉ាងណាក៏ដោយ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ