ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋជិត៣០នាក់ តំណាងឲ្យប្រជាពលរដ្ឋ១០៨គ្រួសារ នៅឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានលើកគ្នាទៅសាលាឃុំ រារាំងមិនឲ្យអាជ្ញាធរ និងប្រធានសហគមន៍ទំនប់ក្រចាប់ខាងលិច ដាក់ដេញថ្លៃនេសាទ ត្រពាំងក្រចាប់ខាងលិចនោះទេ ដែលការដេញថ្លៃនេះ បានរៀបចំធ្វើឡើងនៅសាលាឃុំព្រៃកន្លោង កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ។ តំណាងពលរដ្ឋទាំងនោះបានលើកឡើងថា ដីស្រែរបស់ពួកគាត់សរុបចំនួន១០៨គ្រួសារ ស្មើនឹង១២៨ក្បាលដី ដែលស្ថិតនៅជុំវិញត្រពាំងក្រចាប់នោះ កំពុងមានបញ្ហា ចេញប្លង់ដីមិនរួច ដោយមានខាងមន្ទីរធនធានទឹក ប្តឹងជំទាស់មិនឲ្យមន្ត្រីសុរិយោដីចេញប្លង់ឲ្យពលរដ្ឋ ដោយអះអាងថា ជាប់ពាក់ពន្ធ័នឹងដីត្រពាំង ហើយបញ្ហានេះ ពួកគាត់បានដាក់ពាក្យស្នើសុំទៅដល់សម្តេចក្រឡាហោម ស ខេង រួចហើយ សុំឲ្យសម្តេចជួយដោះស្រាយ។
ពលរដ្ឋទាំងនោះបានបញ្ជាក់ថា មកដល់ពេលនេះ បញ្ហាដីធ្លីរបស់ពួកគាត់ មិនទាន់មានដំណោះស្រាយផង ប្លង់ដីត្រពាំងមិនដឹងត្រឹមណា បើដាក់ដេញថ្លៃនេសាទ ហើយអ្នកដេញបានគេវាតទី រំលោភលើដីពលរដ្ឋដែលត្រូវទឹកជន់លិច តើអ្នកណាទទួលខុសត្រូវ? ដើម្បីទប់ស្កាត់បញ្ហានេះ ទើបពលរដ្ឋលើកគ្នាមករារាំងមិនឲ្យដាក់ដេញថ្លៃនេសាទ ដោយទាមទារឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដោះស្រាយចេញប្លង់ដីស្រែប្រជាពលរដ្ឋ និងប្លង់ត្រពាំងឲ្យបានសិន ចាំដាក់ដេញថ្លៃនេសាទត្រពាំងក្រចាប់នេះចុះ។ លោក ជ័យ ហ៊ល ប្រធានសហគមន៍ថែទាំទំនប់ក្រចាប់លិច បានឲ្យដឹងថា ការដាក់ដេញថ្លៃត្រពាំងក្រចាប់លិចនេះ គឺដេញរាល់២ឆ្នាំម្តង និងបានធ្វើច្រើនឆ្នាំមកហើយ ដោយថវិកាដែលបានពីការដេញថ្លៃនេះ គឺយកមកប្រើប្រាស់លើការថែទាំជួសជុលទំនប់ក្រចាប់ ប្រវែង៣០០០ម៉ែត្រ ដែលទំនប់នេះ បច្ចុប្បន្នបានក្លាយទៅជាផ្លូវដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ហើយបើមិនឲ្យដាក់ដេញថ្លៃបែបនេះ ពេលដែលទំនប់នេះខូច តើបានប្រាក់ពីណាមកជួសជុលថែទាំ?
ចំពោះការលើកឡើងនេះ ត្រូវបានប្រជាពលរដ្ឋដែលជំទាស់អះអាង និងធ្វើកិច្ចសន្យាធានារៃលុយគ្នាជួសជុលនិងថែទាំទំនប់ទាំងអស់គ្នា មិនបាច់ឲ្យលោកប្រធានសហគមន៍បារម្ភនោះទេ។ ដោយឡែកលោក អ៊ូ រ័ត្ន មេឃុំព្រៃកន្លោង បានឲ្យដឹងថា ការដែលខាងសហគមន៍ចង់ដាក់ដេញថ្លៃនេសាទត្រពាំងក្រចាប់នេះ គឺដើម្បីបានប្រាក់យកមកជួសជុលថែទាំទំនប់ សម្រាប់បម្រើផលប្រយោជន៍រួម វាមិនខុសឆ្គងអីទេ តែបើពលរដ្ឋលើកគ្នាជំទាស់បែបនេះ ក្នុងនាមលោកជាមេឃុំ ក៏មិនអាចប្រឆាំងនឹងពលរដ្ឋបានដែរ ដូច្នេះលោកមានតែសម្រេច បញ្ឈប់លែងឲ្យដាក់ដេញថ្លៃនេសាទ តាមការទាមទាររបស់ពលរដ្ឋហើយ ប៉ុន្តែលោកសូមឲ្យពលរដ្ឋធ្វើតាមកិច្ចសន្យារបស់ខ្លួនឲ្យបាន រឿងធានាជួលជុលថែទាំទំនប់ក្រចាប់លិច ព្រោះទំនប់នេះ មានសារៈសំខាន់ណាស់សម្រាប់ជីវភាពប្រជាពលរដ្ឋក្នុងឃុំទាំងមូល៕ ដោយ ៖ សុំ ពៅពិសិដ្ឋ
ចែករំលែកព័តមាននេះ