ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រកាស​ឲ្យ​បុគ្គល ដែល​បាន​ជួប​និង​ដឹក​ជនជាតិ​នី​ហ្សេ​រី​យ៉ា​កើត​អុត​ស្វា ចូល​ផ្ទះសំណាក់ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាន់​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ថ្ងៃ​ព្រឹក​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​អំពាវនាវ​ដល់​បុគ្គល​ដែល​បាន​ជួប និង​បាន​ដឹក​ជនជាតិ​នី​ហ្សេ​រី​យ៉ា ផ្ទុក​ជំងឺ​អុត​ស្វា…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ថ្ងៃ​ព្រឹក​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​អំពាវនាវ​ដល់​បុគ្គល​ដែល​បាន​ជួប និង​បាន​ដឹក​ជនជាតិ​នី​ហ្សេ​រី​យ៉ា ផ្ទុក​ជំងឺ​អុត​ស្វា ទៅ​កាន់​ផ្ទះសំណាក់​«​ពណ៌​មាស​» ត្រូវ​ចូលខ្លួន​ធ្វើការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ។

បើ​យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ពី​ផ្ទះសំណាក់​«​ពណ៌​មាស​» បាន​បង្ហាញ​ថា នៅ​វេលា​ម៉ោង​០៥​និង​១៩​នាទី ជនជាតិ​នី​ហ្សេ​រី​យ៉ា ផ្ទុក​ជំងឺ​អុត​ស្វា បាន​ជិះ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ជាមួយ​បុរស​ជា​ជនបរទេស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ជាមួយ ដោយ​មាន​បុរស​ម្នាក់​ផ្សេង​ជា​ម្ចាស់​អ្នក​ឌុ​ប បាន​ឈប់​ចូល​បន្ទប់​ផ្ទះសំណាក់​នោះ ។

ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ ស្តី​អំពី​លទ្ធភាព នៃ​ការ​គេចខ្លួន​របស់​បុរស​ជនជាតិ​នី​ហ្សេ​វី​យ៉ា ដែល​អាជ្ញាធរ​សុខាភិបាល​ថៃ បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​វិជ្ជមាន វីរុស​អុត​ស្វា (Monkeypox) ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​មក ថ្នាក់ដឹកនាំ និង​មន្ត្រី​ឆ្លើយ​តប​បន្ទាន់ នៃ​ក្រសួងសុខាភិបាល រួម​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ បាន​ធ្វើ​សកម្មភាព​ជា​បន្ទាន់ ដោយ​បាន​ត្រួតពិនិត្យ និង​ស្វែងរក អ្នកជំងឺ​អុត​ស្វា​ដែល​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ រហូត​មក​ដល់​វេលា​ម៉ោង​ប្រហែលជា ១៧​និង​៣០​នាទី​ល្ងាច នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​រក​ឃើញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ ដែល​កំពុង​តែ​ស្នាក់​នៅផ្ទះ​សំណាក់​មួយ នៅ​ផ្លូវ​លេខ ៤៣០ សង្កាត់​ទួល​ទំពូង (​ម្តុំ​ផ្សារ​ដើម​ថ្កូវ​) ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូប​នេះ មានឈ្មោះ អូស​ម៉ុង ហ៊ឺហា​ហ្ស៊ី​រ៉ូ​ម (OSMOND CHIHAZIRIM) អាយុ​២៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ A10… ជា​អ្នក​ទេសចរណ៍ និង​មាន​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ចូល​មក​ទឹកដី​ថៃ កោះ​ភូ​កេ​ត នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​។ បច្ចុប្បន្ន អ្នកជំងឺ​អុត​ស្វា​ខាងលើ​នេះ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចាត់ចែង​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត និង​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​នៅ​វេលា​ម៉ោង ១៩​និង​១០​នាទី រួចរាល់​ហើយ ។

ដើម្បី​ការពារ​ការ​ចម្លង នៃ​វីរុស​អុត​ស្វា ក្រសួងសុខាភិបាល សូម​អំពាវនាវ​ឱ្យ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​នី ហ្សេ​វី​យ៉ា​ទាំងអស់ ដាក់ខ្លួន​នៅ​ដោយឡែក ហើយ​ស្វែងរក​ការ​ពិនិត្យ​សុខភាព ឬ​ជូន​ព័ត៌មាន​មក​ក្រុម​គ្រូពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក ឬ​ជូន ព័ត៌មាន​ទៅ​លេខ ១១៥ ដើម្បី​ទទួល​បានការ​ជួយ​ជ្រោមជ្រែង ពិនិត្យ​សុខភាព ស្វែងរក​ការ​ចម្លង​បន្ត និង​ដើម្បី​ចូលរួម​កាត់​ផ្តាច់​ខ្សែចម្លង​វីរុស អុត​ស្វា​នេះ​បាន​ទាន់​ពេលវេលា ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​វីរុស​អុត​ស្វា ដែល​ក្រសួង​បាន​ចេញ សេចក្ដីណែនាំ​ជា​រឿយ​ៗ ជា​ពិសេស មិន​ត្រូវ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា ជាមួយ​សត្វព្រៃ និង​ត្រូវ​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ព្រមទាំង រក្សា​អនាម័យ​ដៃ និង​អនាម័យ​ខ្លួនប្រាណ​ឱ្យ​បាន​ស្អាត ដោយ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ដែល និង​ស្វែងរក​ការ​ពិនិត្យ ព្យាបាល​ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​។ ក្រសួងសុខាភិបាល និង​បន្ត​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន អំពី​ការ​វិវត្តន៍ នៃ​បញ្ហា​សុខភាព​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​របស់​ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែល​គេហទំព័រ​នេះ​មាន​សម្ភារ​អប់រំ​សុខភាព ដែល​អាច​ទាញ​យក​មក​មើល និង​ប្រើប្រាស់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ