ខេត្តពោធិ៍សាត់ ៖ សិស្សស្រីក្មេងៗអាយុទើប១២ឆ្នាំម្នាក់ និង១៣ឆ្នាំម្នាក់ បានលង់ទឹកស្លា.ប់យ៉ាងអាណោចអាធមក្នុងចំណោមសិស្សចំនួន៨នាក់ ខណៈនាំគ្នាទៅកាប់ប្ញស្សីយកទៅធ្វើសួនដាំបន្លែ ដើម្បីដាក់ពិន្ទុ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះ កើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៩ មីនា ស្ថិតត្រង់ចំណុចរណ្ដៅបូមខ្សាច់ស្ទឹងអង្គរជំទឺត ក្នុងភូមិថ្មីឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកយិន ឈុនហាក់ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលត្នោតជុំបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះទី១-ឈ្មោះ ឆេងគឹមឌី អាយុ១៣ឆ្នាំ និងទី២-ឈ្មោះ ជា ពល្លីកា អាយុ១២ឆ្នាំ ទាំងពីរនាក់ជាសិស្សសាលាបឋមសិក្សាបឹងវាល និងរស់នៅក្នុងភូមិជាមួយគ្នាក្នុងភូមិកើតហេតុខាងលើ ។
លោកបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ រួមនឹងសិស្សសាលា៦នាក់ផ្សេងទៀត បាននាំគ្នាទៅកាប់ដើមឬស្សីដើម្បីយកទៅធ្វើសួនដាំបន្លែក្នុងសាលា និងបានដាក់ពិន្ទុតាមការស្នើសុំរបស់គ្រូក្នុងម្នាក់មួយដើម។ លោកថា បន្ទាប់ពីកាប់ឫស្សីបានមួយដើមក្មេងស្រីរងគ្រោះទាំងពីរនាក់ បាននាំគ្នាចុះលេងទឹកត្រង់កន្លែងទឹកជ្រៅ ដោយមិនចេះហែលផងនោះ ក៏ត្រូវលង់ស្លាប់តែម្ដង។
ចំណែកគ្នា៦នាក់ផ្សេងទៀត បានរត់ឡើងច្រាំងស្រែកអោយគេជួយដែរ ប៉ុន្តែអ្វីៗហួសពេលបាត់ហើយបានត្រឹមចុះស្រង់សាកសពតែប៉ុណ្ណោះ។ លោកបានឲ្យដឹងផងដែរថា បន្ទាប់ពីគ្រូពេទ្យនិងនគរបាលជំនាញដល់កន្លែងកើតហេតុពិនិត្យស.ពក្មេងស្រីពិតពីរនាក់យ៉ាងល្អិតល្អន់រួចមកសន្និដ្ឋានថា ក្មេងស្រីរងគ្រោះទាំងពីរនាក់ពិតជាបានស្លា.ប់ដោយលង់ទឹកពិតប្រាកដមិនមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ ៕
ចែករំលែកព័តមាននេះ