ខេត្តសៀមរាប ៖ ដោយសារតែគ្រឿងញៀនបានធ្វើឱ្យយុវជនជាច្រើនត្រូវបាត់បង់អនាគតដ៏ផូរផង់ លង់ខ្លួននឹងអំពើខុសច្បាប់ជាច្រើនដើម្បីយកលុយទិញថ្នាំញៀន ។ ជាក់ស្តែងនគរបាលក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ កុម្ភៈ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីអំពើលួច (គម្របរីហ្គែរ ធ្វើអំពីសំណរបាហាំង) ហើយបានយករបស់លួចបានទៅលក់យកលុយទិញថ្នាំញៀន។
បើតាមលោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០២២ នេះថា ដោយមានសេចក្តីរាយការណ៍ពពីករណីបាត់គម្រប រីហ្គែរ នៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ លោកបានឱ្យកម្លាំងនគរបាលក្រុងសៀមរាប ដាក់ផែនការឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និង ផ្នែកព្រហ្មទណ្ឌធ្វើការ ស្រាវជ្រាវ និងល្បាតជាប្រចាំ ។ លុះវេលាដល់ ម៉ោង០២ និង៤០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម បាន ល្បាតហើយក៏ប្រទះ ឃើញ ជន សង្ស័យម្នាក់កំពុងធ្វើសកម្ម ភាពដោះ គម្របរីហ្គែលូ ពេលឃើញសមត្ថកិច្ចយើងជនសង្ស័យបានព្យាយាមរត់គេច តែរត់មិនរួច ក៏ត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនបាន ។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏ រឹបអូសបានម៉ូតូសណ្តោងងរ៉ឺម៉ក០១គ្រឿង (មានភិនភាគដូចក្នុងទិន្ន័យកាមេរ៉ាសុវត្ថិភាពដែលកម្លាំងជំនាញប្រមូលបាន) មានគម្របរីហ្គែរ ធ្វើពីសំណរបាហាំង មួយឈុតផងដែរ ។
លោកវរសេនីយ៍ទោ ដា ចំរើន បានបន្ថែមទៀតថា ជនសង្ស័យមានឈ្មោះ វ៉ាន់ សំបូរ ហៅកុយ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រើសអេតចាយ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា គម្របរីហ្គែរដែលរូបខ្លួនដឹកតាមរ៉ឺម៉កម៉ូតូនេះ បានលួចនៅតាមផ្លូវក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ហើយជនសង្ស័យបានឆ្លើយសារភាពបន្តទៀតថា នៅក្នុងចន្លោះពីខែមករា ដល់ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រូបខ្លួនបានលួចគម្របរីហ្គែរ តាមបណ្តោយផ្លូវមាត់ស្ទឹង ក្នុងសង្កាត់ស្លក្រាម បានចំនួន០៥ លើក សរុប ១៣គម្រប យកទៅកាត់ជា ចំណែកៗ ដាក់ក្នុងការ៉ុង រួចដឹកយកទៅលក់ឱ្យកន្លែងលក់-ទិញអេតចាយ ក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបទាំងអស់ ដោយក្នុង១គីឡូ លក់បានតម្លៃ១,៥០០រៀល ។
សមត្ថកិច្ចប៉ូលីសបានបន្តថា «យ៉ាងណាមិញ ជនសង្ស័យមិនចាំចំនួនប្រាក់ដែលលក់បានសរុបនោះទេ ព្រោះពេលបានប្រាក់ហើយ ជនសង្ស័យយកទៅទិញថ្នាំញៀនជក់ និងចាយវាយអស់ »។ បន្ទាប់មកកម្លាំងយើងបាននាំជន សង្ស័យឈ្មោះ វ៉ាន់ សំបូរ ហៅកុយ ទៅចង្អុលកន្លែងលាក់ទុកម៉ូទ័រកាត់ដែក និងចង្អុលកន្លែងលក់-ទិញអេតចាយ និងដកហូតវត្ថុតាងបានសរុប : ម៉ូតូចំនួន ០១គ្រឿង រ៉ឺម៉កចំនួន០១គ្រឿង ដែកពុម្ភ ម៉ូទ័រកាត់ដែកចំនួន០១ គ្រឿង សោរដោះគម្របលូមួយចំនួន ។
ព្រមជាមួយគ្នានោះ សមត្ថកិច្ច បានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ជាមួយលទ្ធផល «វិជ្ជមាន» ។ តាមចម្លើយសារភាពជនសង្ស័យ និងវត្ថុតាង ព្រមទាំងអ្នកពាក់ពន្ធ័ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
ចែករំលែកព័តមាននេះ