ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​រថយន្ត​ស៊េរី​ទំនើប​៩​គ្រឿង​សង្ស័យ​អត់​ពន្ធ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

រថយន្ត​ស៊េរី​ទំនើប​ចំនួន​៩​គ្រឿង ដែល​គេ​សង្ស័យ​ថា​មិន​មាន​ពន្ធ​ត្រឹមត្រូវ និង​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​គយ​ចុះ​ប្រតិបត្តិការ​ចាប់​បង្ក្រាប

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ស៊េរី​ទំនើប​ចំនួន​៩​គ្រឿង ដែល​គេ​សង្ស័យ​ថា​មិន​មាន​ពន្ធ​ត្រឹមត្រូវ និង​ពាក់​ស្លាក​លេខ​ក្លែង​ក្លាយ ត្រូវ​បាន​កម្លាំង​គយ​ចុះ​ប្រតិបត្តិការ​ចាប់​បង្ក្រាប កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ហើយ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ឯ​គយ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។

រថយន្ត​ម៉ាក lexus 330 ចំនួន​៨​គ្រឿង និង 400h ចំនួន​១​គ្រឿង ត្រូវ​បាន​គេ​រាយការណ៍​ថា កម្លាំង​គយ​ចល័ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ភ្លាម​ៗ​នៅ​តាម​ដងផ្លូវ ដែល​សង្ស័យ​ថា គឺជា​ប្រភេទ​រថយន្ត​គ្មាន​ពន្ធ និង​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ។

ក្រោយ​ការ​ចាប់​បង្ក្រាប​ភ្លាម​ៗ រថយន្ត​ទាំងនេះ​ត្រូវ​បាន​ក្រុមការងារ​គយ យក​ទៅ​ផ្ញើ​ទុកជា​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការ​រ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ ក៏​បាន​បញ្ជូន​រថយន្ត​ទាំង​អស់នោះ បន្ត​ឆ្ពោះទៅ​កាន់​សាខា​គយ​ខេត្ត​ត្បូងឃ្មុំ​វិញ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ទោះជា​យ៉ាងណា នៅ​ក្នុង​ករណី​បង្ក្រាប​រថយន្ត​អត់​ពន្ធ​ទាំង​អស់នេះ គេ​មិនដឹង​ថា តើ​ក្រុមការងារ​គយ​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​ទាំងនោះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ? ព្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ អ្នកកាសែត​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​គយ​ចល័ត​នោះ​បាន​ទេ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី នៅ​សេសសល់​រថយន្ត​គ្មាន​ពន្ធ គ្មាន​ស្លាក​លេខ និង​មានការ​ប្រើ​ឯកសារ​ក្លែង​ក្លាយជា​ច្រើន បាន​និង​កំពុង​ចរាចរណ៍​ពេញ​ផ្ទៃ​ខេត្ត​។ ប៉ុន្តែ​ដោយសារ​តែ​ការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​៩​គ្រឿង​ខាងលើ​នោះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​រថយន្ត​ផ្សេង​ទៀត ក៏​បាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​លាក់​ទុក​បាត់​អស់​ទៅ​។

ជា​ការ​កត់សម្គាល់ ស្ទើរ​គ្រប់​ម្ចាស់​រថយន្ត​អត់​ពន្ធ​ទាំងនោះ ភាគច្រើន​សុទ្ធតែ​ជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​មួយ​ចំនួន​តូច បាន​ស្បែក​ពាក់​ស្លាក​លេខ ន​.​ប ឬ ខ​.​ម ជាដើម​។ ហើ​យេ​ថ​យន្ត​ទាំង​អស់នោះ សុទ្ធសឹងតែ​មិន​មាន​ឯកសារ​ត្រឹមត្រូវ​គ្រប់គ្រាន់ គ្មាន​ការ​បង់ពន្ធ​ចំណូល​ចូល​រដ្ឋ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ