ខេត្តប៉ៃលិន ៖ អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញចុះកាតត់ខ្សែកាបអុបទិក ដែលក្រុមហ៊ុនឯកជនមួយបានតភ្ជាប់ពីខេត្តប៉ៃលិន បម្រុងឆ្លងដែនទៅប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត។ ហេតុការណ៍អាជ្ញាធរខេត្តចុះកាត់ខ្សែកាបអុបទិកខុសច្បាប់នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃពុធ ០៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយទទួលបានបទបញ្ជាពីថ្នាក់លើ លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចាត់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចូលរួមរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូន លោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន សហការនឹងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការចុះទៅធ្វើការកាត់ខ្សែកាបអុបទិករបស់ក្រុមហ៊ុនឯកជនមួយ ដែលបានតភ្ជាប់ឆ្លងកាត់ពីខ្មែរទៅប្រទេសថៃដោយខុសច្បាប់ និងមិនមានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធរបស់ក្រុមហ៊ុន Viettel (Cambodia) ទើបគេប្តឹងអាជ្ញាធរខេត្តឱ្យចុះកាត់ខ្សែតែម្តង។ ប្រភពដដែលបានបន្តទៀតថា នេះជាលើកដំបូងហើយដែលក្នុងខេត្តប៉ៃលិនមានករណីលួចតភ្ជាប់ខ្សែកាបអុបទិកដោយគ្មានការសុំច្បាប់អនុញ្ញាតត្រឹមត្រូវ៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ