ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​មេដឹកនាំ​ធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល លីមីត​ធី​ត ដែល​អូស​បន្លាយពេល​អស់​ជាង​១០​ថ្ងៃ​កន្លង​មកនេះ មាន​អង្គការ​ក្រៅ​ស្រុក និង​ក្នុងស្រុក​មួយ​ចំនួន​បាន​ជួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​អសន្តិសុខ​សង្គម ។…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល លីមីត​ធី​ត ដែល​អូស​បន្លាយពេល​អស់​ជាង​១០​ថ្ងៃ​កន្លង​មកនេះ មាន​អង្គការ​ក្រៅ​ស្រុក និង​ក្នុងស្រុក​មួយ​ចំនួន​បាន​ជួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​អសន្តិសុខ​សង្គម ។

ទន្ទឹម​នឹង​នេះ មេដឹកនាំ​ការ​តវ៉ា​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដូច​ជា ស្ថាប័ន​តុលាការ​កំពុង​តែ​ធ្វើការ​ស្វែងរក​ចាប់ខ្លួន​មក​ដាក់ទោស​តាម​ច្បាប់​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​តំណាង​អយ្យកា​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២២ នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​សាន សុខ សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ណា​ហ្គា​វើ​ល​លីមីត​ធី​ត​នេះ​បាន​អូស​បន្លាយ អស់​រយៈពេល​១៣​ថ្ងៃ​ហើយ ដោយ​កម្លាំង​មាន​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​នៃ​ការ​ដឹកនាំ​ក្រុម​ធ្វើ​បាតុកម្ម​នេះ​ចំនួន​៩​នាក់ ក្នុង​នោះ​៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ទោស​ទៅ​តាម​ច្បាប់ ។ លោក​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា​នេះ​ដឹកនាំ​ដោយ​លោកស្រី​ឈឹ​ម ស៊ី​ថរ ជា​ប្រធាន និង​មាន​សកម្មជន​ដឹកនាំ​ពីរ​នាក់​ទៀត គឺ​លោក​ឈ្មោះ សុខ គង្គា និង​ឈ្មោះ សុខ ណា​រិ​ទ្ធ ។ អ្នក​ទាំង​បី​កំពុង​តែ​គេចខ្លួន​នូវឡើយ ។

លោក​ឧត្តមសេនីយ៍​ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ផង​ដែរ​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ពិតជា​មានការ​ជួយ​ជ្រោមជ្រែង​ជា​ហិរញ្ញវត្ថុ​ពី​អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅ​ក្រៅ​ស្រុក និង​អង្គការ​ក្នុងស្រុក​ចំនួន​ពីរ ដោយ​បាន​ឧបត្ថម្ភ​ជា​ថវិកា​ជា​បន្តបន្ទាប់ រហូត​ដល់​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ឲ្យ​មាន​ជា​សកម្មភាព​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​នេះ ។ គោលបំណង គឺ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​សង្គម ។ ពួក​គេ​ញុះ​ញ៉ុ​ង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ហិង្សា ជាមួយ​អាជ្ញាធរ និង​កងកម្លាំង ដើម្បី​ទទួល​នូវ​ភាព​ចំណេញ​របស់​ពួក​គេ ។

លោក​សេង ហៀ​ង តំណាង អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន ជន​ពាក់ព័ន្ធ​ទាំង​៩​នាក់​នោះ គឺ​យើង​បាន​ធ្វើការ​ឆែកឆេរ​នៅ​ទីស្នាក់ការ ជាមួយនឹង​ការ​សាកសួរ​ចម្លើយ​ជនជាប់ចោទ ឃើញ​ថា បាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ដោយ​ខុសច្បាប់ ។ យើង​បាន​យក​វត្ថុ​តាង​ចេញពី​ទូរ​សព្ទ​ដៃ ចេញពី​កុំព្យូទ័រ រក​ឃើញ​ទឹកប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ដែល​អង្គការ​ក្រៅប្រទេស និង​អង្គការ​ក្នុងស្រុក បាន​ផ្ដល់​ជូន​ដល់​ក្រុម​ធ្វើ​បាតុកម្ម​តវ៉ា​នេះ​ដែល​ជា​វត្ថុ​តាង​ដែល​អាច​ដាក់បន្ទុក​ជនសង្ស័យ​ទាំងនេះ​បាន ។

លោក​បញ្ជាក់​ថា ការ​ផ្ដល់​ជំនួយ​សម្រាប់​ធ្វើការ​អភិវឌ្ឍ គឺជា​ជំនួយ​ដែល​ស្របច្បាប់ តែ​ការ​ផ្ដល់​ជំនួយ​ជា​លក្ខណៈ​រៀបចំ​ឲ្យ​ការ​មានការ​ធ្វើ​បាតុកម្ម​តវ៉ា​ធ្វើ​ឲ្យ​មាន​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ បង្ក​អសន្តិសុខ​សង្គម​ជា​ជំនួយ​ដែល​ខុសច្បាប់ ។
ដូច្នេះ​លោក សូម​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ដែល​កំពុងធ្វើការ​តវ៉ា​សូមកុំ​ចាញ់បោក​មេដឹកនាំ​បាតុកម្ម​តវ៉ា​នេះ ។ បងប្អូន​គួរតែ​ស្ដាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ក៏​ដូច​ជា ក្រសួង​ពាក់ព័ន្ធ ដើម្បី​រួម​គ្នា​ដោះស្រាយ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ។

លោក សាន សុខ​សីហា ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៣ ខែមករា ម្សិល​ម៉ិ​ញ​កម្លាំង​មាន​សមត្ថកិច្ច ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន ១៧​នាក់​បន្ថែម​ទៀត​ផង​ដែរ ។ ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​ស្រាវជ្រាវ ។ ដោយឡែក​សម្រាប់​មេដឹកនាំ​សកម្មភាព​បាតុកម្ម​តវ៉ា​នេះ​ចំនួន​៣​នាក់ អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច បាន និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ផង​ដែរ ។

ដូច្នេះ សូម​បងប្អូន​ទាំងអស់​បញ្ឈប់​នូវ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​ខុសច្បាប់​នេះ និង​ប្តូរ​មក​ជា​ការ​ចូលរួម​ដោះស្រាយ​ជាមួយនឹង​អាជ្ញាធរ​ក៏​ដូច​ជា ក្រសួង​ពាក់ព័ន្ធ ដើម្បី​យើង​បាន​ផលប្រយោជន៍​ទាំង​សងខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ