ខេត្តព្រះវិហារ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៩យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានកើតករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមួយ បានកើត ឡើង នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ គឺប្អូនដុតផ្ទះរបស់បងឆេះខ្ទេចខ្ទី គ្រាន់តែបងឃាត់ មិនឲ្យឈ្លោះទាស់ទែងជាមួយអ្នកជិតខាង។
ជនបង្ក ឈ្មោះ ឆើត បូណា ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវជាប្អូនរបស់ឈ្មោះ ឆើត ត្រា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ខាងលើនេះ។
សេចក្តីរាយការណ៍បន្តថា មុនកើតហេតុ បុរសជាបង បានណែនាំពាក្យសម្តីធ្ងន់ខ្លះ ស្រាលខ្លះ ទៅកាន់ប្អូនប្រុស កុំឲ្យឈ្លោះទាស់ទែងជាមួយអ្នកដទៃ ជិតខាងគ្នា។
ការណែនាំដោយពាក្យសំដី ពេលនោះ ប្អូនមិនស្តាប់បងទេ ថែមទាំងបង្ករឿងជាមួយបង រហូតស្ទុះទៅវាយបងចំនួន ៣ដៃ (ពេលបងឃាត់ កុំឲ្យឈ្លោះជាមួយអ្នកដទៃ) ហើយក៏ដើរចេញបាត់ទៅ។ លុះដល់ពេលយប់ បងមិននៅផ្ទះ ជនបង្កដែលជាប្អូន បានលួចដុតផ្ទះបង បណ្ដាលឆេះខ្ទេចខ្ទី។
ផ្ទះរបស់ជនរងគ្រោះធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៨ x ៩ម៉ែត្រ ជញ្ជាំងក្តារ ហើយក្នុងនោះ ក៏ឆេះប្រាក់អស់ ចំនួន ១,៧០០,០០០ រៀលផងដែរ ដោយសារយកចេញមិនទាន់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២ សន្លឹក រណារយន្ត ១ គ្រឿង ម៉ាស៊ីនបាញ់ស្មៅ ១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ក្រោយពីលួចដុតផ្ទះបងភ្លាម ប្អូនចិត្តខ្លាំងជាងប៉ែតនោះ បានដាក់សាប៊ូគេចខ្លួនបាត់ទាំងយប់។ តែទោះយ៉ាងណាក្តី សមត្ថកិច្ចនគរបាលជំនាញ បាន និងកំពុងស្រាវជ្រាវ តាមរកចាប់ខ្លួនជនបង្ក ដើម្បីចាត់ការតាមនីតិវិធី៕ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ