ភ្នំពេញ៖ អ្នកជំនាញកីឡាទូកក្ដោង ប្រចាំប្រទេសសិង្ហបុរី បានធ្វើការវាយតម្លៃ គួរអោយចាប់អារម្មណ៍ ជុំវិញការប្រកួតទូកក្ដោងអន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ការវាយតម្លៃរបស់អ្នកជំនាញ មកពីសិង្ហបុរីនេះ ត្រូវបានបង្ហោះជាសាធារណៈ នៅលើផេកផ្លូវការរបស់គណៈកម្មការស៊ីហ្គេមកម្ពុជា ដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដង។
ឆ្លងកាត់ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ រយៈពេល ៤ថ្ងៃកន្លងមក ប្រធានគណៈកម្មការរៀបចំការប្រកួត លោក Chan Khun Sing Joseph បានធ្វើការវាយតម្លៃខ្ពស់ ចំពោះមន្ដ្រីគណៈកម្មការបច្ចេកទេសកម្ពុជាថា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតអន្ដរជាតិនានា។
ការលើកឡើងរបស់អ្នកជំនាញជនជាតិសិង្ហបុរីខាងលើ ក្រោយព្រឹត្តិការណ៍ប្រចាំតំបន់នេះ បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ មុនថ្ងៃចុងក្រោយនៃការប្រកួត ដែលបញ្ចប់ក្នុងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
ការប្រកួត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវគេមើលឃើញថារៀបចំបានល្អតាំងពីថ្ងៃដំបូង ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការប្រកួត នៅថ្ងៃទី៤ គឺថ្ងៃទី១៦ធ្នូនេះ បែរជាមានបញ្ហាខ្យល់ មិនគ្រប់គ្រាន់ ស្របតាមស្ដង់ដារ ដែលមិនអាចអោយដំណើរការការប្រកួតបាន ហើយបង្ខំអោយគណៈកម្មការ សម្រេចលុបចោល ដោយមិនគិតលទ្ធផលឡើយ។
អ្នកជំនាញបានលើកឡើងថា ការប្រកួតទូកក្ដោង ត្រូវការខ្លាំងបំផុត គឺកម្លាំងខ្យល់ តែបើខ្យល់ខ្លាំងពេក ក៏មិនអាចដំណើរការកើតដែរ គឺលុះត្រាតែសមស្រប។ យ៉ាងណាក៏ដោយ ការរៀបចំរបស់កម្ពុជា គឺមានស្ដង់ដារដូចគ្នានឹងនៅក្រៅប្រទេស ថ្វីថ្បិតតែការប្រកួតមួយនេះ មានកីឡាករមកពីប្រទេសនានា មិនច្រើនចូលប្រកួត ដោយសារតែបញ្ហាកូវីត១៩។
អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗ និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អន្ដរជាតិលើកដំបូង នៅកម្ពុជា ខាងលើ បានគូសបញ្ជាក់ថា ក្រោយដំណើរការប្រកួតប៉ុន្មានថ្ងៃមកនេះ គណៈកម្មការបច្ចេកទេសកម្ពុជា ធ្វើបានយ៉ាងល្អលើការងារបច្ចេកទេស ពោលគឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចរៀបចំការប្រកួតអន្ដរជាតិដោយខ្លួនឯងបាន ប្រកបដោយលក្ខណៈស្ដង់ដារ។
លើសពីនេះ លោក Chan Joseph ក៏បានថ្លែងកោតសរសើរ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលរៀបចំការប្រកួតអន្ដរជាតិផងដែរ ព្រោះកម្ពុជា មានអំណោយផលដ៏ល្អ សម្រាប់ទីលានស្ដង់ដារអន្ដរជាតិ នៃតំបន់ឆ្នេរដ៏ស្រស់ស្អាត ហើយព្រមទាំងរៀបចំទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រកបដោយភាពកក់ក្ដៅទៀតផង។ គួរដឹងថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននេះ មានអត្តពលិក ២៧នាក់ មកពី៣ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី (សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលធ្វើការប្រកួតលើ ៥វិញ្ញាសា។ បច្ចុប្បន្នកីឡាករកម្ពុជា ប៉ាល់ សិលា កំពុងធ្វើបានយ៉ាងល្អលើវិញ្ញាសា RS:One ដោយឈរចំណាត់ថ្នាក់លេខ១ ចំនួន ៣ថ្ងៃជាប់គ្នា ក្រោយដំណើរការប្រកួតបាន ១០ជុំ ហើយគេបានប្ដេជ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ៕
ចែករំលែកព័តមាននេះ