រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក តុលាការកំពូលនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះបានបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសារទុករបស់ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុស ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ កំពុងជាប់ឃុំពន្ធនាគាររយៈពេលជាង៣ឆ្នាំកន្លងមកនោះ ដោយអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាសាលាឧទ្ទរណ៍ ពាក់ព័ន្ធករណីស្លា.ប់ស្ត្រីមេម៉ាយកូន៣រូបស្រស់ ចេវ សុវឌ្ឍនា ដែលទាំង២នាក់បងប្អូនកំពុងដង្ហើយរកយុត្តិធម៌ ។
សវនាការបានធ្វើឡើងជាសាធារណៈ ក្រោមមានការដឹកនាំដោយលោក និល ណុល ប្រធានក្រុមប្រឹក្សាតុលាការកំពូល ចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តី ។ សវនាការនេះ បានដំណើរការសាកសួរដេញដោលដោយរលូន តាមនីតិវិធីរហូតដល់ចប់ វេលាព្រឹកថ្ងៃដដែលនោះ ទើបប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះក្តីលើកពេលប្រកាសសាល ទៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដូច្នេះរង់ចាំមើល តើការដង្ហើយរកយុត្តិធម៌សម្រាប់បងប្អូន២នាក់ ដែលខិតខំប្រឹងប្រែងតតាំងក្តី ដោយអះអាងថា ខ្លួនមិនពាក់ព័ន្ធក្នុងអំពើឃាតក.ម្មទៅលើស្ត្រីមេម៉ាយរូបស្រស់ ចេវ សុវឌ្ឍនា ពីតុលាការថ្នាក់ក្រោមដល់កំពូលនោះ បានជោគដែរឬទេ ? ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តុលាការកំពូលបានលើកយកបណ្តឹងសារទុកមួយនេះ មកបើកសវនាការជំនុំជម្រះក្តីម្តងរួចហើយ តែត្រូវបានតុលាការលើកពេល ដោយមូលហេតុជនជាប់ចោទ ឡាយ វណ្ណៈ មានបញ្ហាសុខភាព ។
សវនាការលើបណ្តឹងសារទុករបស់ជនជាប់ចោទ ឡាយ វណ្ណៈ នឹង ឡាយ ណារិទ្ធ នៅតុលាការកំពូល ត្រូវបានលើកពេលជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ តុលាការកំពូលបានគ្រោងលើកយកសំណុំរឿងនេះ មកបើកសវនាការម្តងដែរ ប៉ុន្តែពាក់ព័ន្ធបញ្ហាការរាតត្បាតដោយជំងឺវីរុសកូវីដ-១៩ ក៏ត្រូវលើកពេលទៅវិញ ។ មិនមែនតែលើកនេះទេតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក៏បានលើកយកសំណុំរឿង ឡាយ វណ្ណៈ អតីតអភិបាលខេត្ត និង ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ មកបើកសវនាការជំនុំជម្រះក្តី តាមបណ្តឹងសារទុករបស់ជនជាប់ចោទម្តងដែរ ប៉ុន្តែសវនាការនោះត្រូវបានប្រកាសលើកពេល ដោយមូលហេតុជនជាប់ចោទឈ្មោះ ឡាយ វណ្ណៈ មានសុខភាពមិនល្អ ។
សូមបញ្ជាក់ទៀតថា សំណុំរឿងជនជាប់ចោទ ឡាយ វណ្ណៈ និងបងប្រុសឈ្មោះ ឡាយ ណារិទ្ធ ពាក់ព័ន្ធករណីឃាតក.ម្មលើស្ត្រីមេម៉ាយកូន៣រូបស្រស់ ចេវ សុវឌ្ឍនា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តទន្ទាទោសទាំង២នាក់បងប្អូន គឺលោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល១៣ឆ្នាំ ពីបទ.ឃាតក.ម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
សាលក្រមនេះ ក៏បានផ្តន្ទាទោសលោក ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់ ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ពីបទ.សមគំនិតក្នុងអំពើឃាតក.ម្ម តាមមាត្រា១៩៩ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ។
ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបើកបររថយន្តឲ្យ ឡាយ វណ្ណ: ដាក់ពន្ធនាគារកំណត់២ឆ្នាំ និងផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើផ្ទះស្ត្រី ចែវ សុវឌ្ឍនា ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ទាំងពីរនាក់ពីបទ.លាក់បាំងតម្រុយក្នុងអំពើឃាតក.ម្ម តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់អ្នកស្រី ចែវ សុវឌ្ឍនា ពីបទ.លាក់បំបាំងតម្រុយប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ លើជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីចំណាន់ ឡាយ វណ្ណៈ ។
ក្រោយពេលប្រកាសសាលក្រមនេះភ្លាម ជនជាប់ចោទ គឺ ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ បានប្រតិកម្មកើតទុក្ខមិនសុខចិត្តចំពោះសាលក្រមនោះ ដែលគិតថា ការកាត់ក្តីមិនមានភាពយុត្តិធម៌ ដូច្នោះទើបជនជាប់ចោទ២នាក់បងប្អូន បានប្រកាសប្តឺងឧទ្ធរណ៍តាមច្បាប់កំណត់ ។ ក្នុងនោះលោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ ធ្លាប់បានបដិសេធហើយថា ពីរនាក់បងប្អូនមិនបានសម្លា.ប់អ្នកស្រី ចេវ សុវឌ្ឍនា ទេ ហើយបើមានពាក់ព័ន្ធមែននោះ សូមឲ្យវត្ថុស័ក្តិសិទ្ធិបរាមុខឲ្យស្លា.ប់តៃហោងទាំងប្រពន្ធកូន និងធ្លាក់នរក៩ជាន់កុំឲ្យចាប់ជាតិ ។
ក្រោយមកសំណុំរឿងនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ លើកយកមកបើកសនាការ តាមបណ្តឹងរបស់ជនជាប់ចោទ ទើបសាលាឧទ្ធរណ៍បានប្រកាសសាដីកា សម្រេចនៅរក្សាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។
ដោយឡែកជនជាប់ចោទជាអ្នកបម្រើ និងតៃកុងឡាន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅពេលអនុវត្តទោសក្នុងពន្ធនាគារគ្រប់គ្រាន់ តាមអំណាចសាលដីកា ។ ពេលសាលដីកាសាលាឧទ្ធរណ៍ប្រកាសនៅតែរក្សា នឹងតម្កល់ទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនោះ ២នាក់បងប្អូននៅតែមិនសុខចិត្ត ក៏បានពឹងពាក់មេធាវីការពារក្តីឲ្យប្តឹងសារទុកទៅតុលាការកំពូលដើម្បីទាមទាររកយុត្តិធម៌ឡើងវិញម្តងទៀត ។
ដូច្នេះបានជានៅព្រឹកថ្ងៃទី២៥ ខែធ្នូ តុលាការកំពូលលើកយកសំណុំរឿងនេះមកបើកសវនាការជំនុំជម្រះក្តី ប៉ុន្តែដោយជនជាប់ចោទ ឡាយ វណ្ណៈ មានបញ្ហាសុខភាព សវនាការនោះត្រូវបានប្រកាសលើកពេលទៅវិញ ។
សូមរំលឹកថា អ្នកស្រី ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លា.ប់ដោយច.ង.កនៅក្នុងបន្ទប់គេងរបស់នាង ដែលជាផ្ទះលោក ឡាយ វណ្ណៈ ជួលឲ្យស្នាក់នៅ ស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ។ ដែលករណីខាងលើនោះ តាមរបាយការរបស់សមត្ថកិច្ចខេត្តតាកែវ ជាជំហានដំបូងថា សង្ស័យជាករណីជនរងគ្រោះច.ង.កសម្លា.ប់ខ្លួន ប៉ុន្តែក្រោយមកគណៈកម្មការស៊ើបអង្កេត នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃបា នចុះបើកការស្រាវជ្រាវ ក៏បានរកឃើញជាអំពើឃាតក.ម្មទៅវិញ ។
ក្រោយពេលគណៈកម្មការស្រាវជ្រាវ សង្ស័យដឹងថា ជាអំពើឃាតក.ម្ម ទើបកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់ ដែលមានលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ ជាស្នងការរង រួមជាមួយអ្នកបម្រើ និងតៃកុងឡានផងដែរ ។
មហាជនបាននិងកំពុងរង់ចាំមើល ការដង្ហើយទាមទាររកយុត្តិធម៌ពីសំណាក់លោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ ពីរនាក់បងប្អូន តើទទួលបានផ្លែផ្កាយ៉ាងណា0x017d7 ទឹកចុងក្រោយនៅតុលាការកំពូលព្រឹកនេះ ៕
ចែករំលែកព័តមាននេះ