រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិប្រមាណជាង២ពាន់លានដុល្លារ ស្មើនឹង៩៤%នៃផែនការច្បាប់ ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ ប្រមាណជា ២,១១១.០៩លានដុល្លារស្មើនឹង ៩៤.១២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ដរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៤ តុលា លោក គង់ វិបុល បានបង្ហញថា ក្នុងខែកញ្ញា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន៨១៦,៧៤ប៊ីលានរៀល (ប្រមាណជា២០១,៦៦លានដុល្លារអាមេរិក) ស្មើនឹង៨,៩៩% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ។
ប្រភពបានបញ្ជាក់ថា «រយៈពេល៩ខែ ឆ្នាំ២០២១ ចំណូលពន្ធ អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨,៥៤៩.៩០ប៊ីលានរៀល (ប្រមាណជា ២,១១១.០៩លានដុល្លារ) ស្មើនឹង ៩៤.១២% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៥៥០.២២ ប៊ីលានរៀល (ប្រមាណជា១៣៥.៨៦លានដុល្លារ) ស្មើនឹង-៦.០៥%»៕
ចែករំលែកព័តមាននេះ