ខេត្តសៀមរាប ៖ អ្នកធ្លាប់រកប្រាក់ចំណូលតាមរយៈភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្រមាណជា៩០ភាគរយ បានបង្ខំចិត្តប្តូរអាជីពរបស់ខ្លួនមកថតសកម្មភាពសត្វស្វានៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្ហោះទៅក្នុងយូធូប (YouTube) រកប្រាក់ចំណូលប្រចាំថ្ងៃវិញ។
ការប្តូរអាជីពដោយរហ័សរបស់ពួកគេបែបនេះ ក៏ព្រោះតែជំងឺរាតត្បាតកូវីដ១៩ វាយលុកធ្វើឱ្យភ្ញៀវធ្លាក់ចុះក្នុងការចូលមកទស្សនាប្រាង្គប្រាសាទដ៏សំបូរបែបក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ ក៏បានធ្វើឱ្យប៉ះពាល់ និងបាត់បង់ដល់អាជីពរកប្រាក់ចំណូលជាប្រចាំថ្ងៃ ដែលជាហេតុនាំឱ្យពួកគេត្រូវបង្ខំចិត្តនាំគ្នាសម្រុកទៅចាប់អាជីពថ្មីបែបនេះ គឺថតសត្វស្វាដាក់យូធូប។
ចំណែកអ្នកដែលធ្លាប់ប្រកបមុខរបរបកប្រែជូនភ្ញៀវបរទេសដែលជាភ្ញៀវទេសចរ អាចមានរហូតដល់៩០ភាគរយ ក្នុងនោះមានដូចជា មគ្គុទេស អ្នករត់ម៉ូតូកង់៣ អ្នកលក់វត្ថុអនុស្សាវរីយ៍ចល័ត និងអ្នកលក់ភេសជ្ជៈចល័តជាដើម។ ហើយអាជីពថ្មី ដោយថតសត្វស្វានៅរមណីដ្ឋានអង្គរ គឺចែកជា៣ក្រុម ដែលក្រុមទី១- មានគ្នាប្រមាណជា៥០នាក់ ថតនៅមុខប្រាសាទអង្គរវត្ត ផ្នែកខាងកើត។ ឯក្រុមទី២- មានគ្នាជាង៦០នាក់ ថតនៅបិវេណប្រសាទបាយ័ន និងក្រុមទី៣- មានគ្នាជាង២០នាក់ថតនៅបរិវេណវត្តព្រះអង្គសាងទុក។
បើតាមអ្នកប្រមាញ់រូបម្នាក់ ក្នុងចំណោមជាង១០០នាក់ លោក វ៉ន សំបូរ បានបរិយាយថា ព្រលឹមស្រាងៗពួកគាត់បានទៅដល់ទីតាំងរៀងខ្លួន ដើម្បីត្រៀមចាំផ្តិតយករូបភាព ដែលពួកគាត់យល់ថា សកម្ម ភាពណាដែលល្អ ហើយដាក់បង្ហោះក្នុងយូធូប មានភាពទាក់ទាញ ហើយគេមើលច្រើន។ ប្រសិនបើថតបានរូបភាពល្អៗបង្ហោះចូលទៅក្នុងយូធូប ហើយមានការចូលមើលច្រើននោះ យើងនឹងទទួលបានប្រាក់ពីខាងយូធូបមកវិញ ទៅតាមចំនួនដែលយូធូបកំណត់។
លោកបន្តថា កាលមិនទាន់មានជំងឺកូវីដ រូបលោកជាមគ្គុទេស ភាសារអង់គ្លេស និងជាអ្នកប្រមាញ់រូបភាពសត្វស្លាប។ ក្រៅពីបកប្រែពន្យល់ឱ្យភ្ញៀវយល់អំពីប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ ក៏បាននាំភ្ញៀវទៅទស្សនាបឹងទន្លេសាប ឬបឹងធម្មជាតិនានា ដែលបំបូរសត្វស្លាប និងថតរូបភាពសត្វស្លាបលក់អោយភ្ញៀវទៀតផង។ ប៉ុន្តែក្រោយជំងឺនេះ វាយលុកធ្វើអោយសេដ្ឋកិច្ចគ្រួសារធ្លាក់ដល់កំរិតសូន្យ ទើបរូបលោកបង្ខំចិត្តមកចាប់យកអាជីពថតសត្វស្វាបង្ហោះចូលយូធូប ដើម្បីរកប្រាក់បែបនេះ។
អ្នកប្រមាញ់រូបភាពរូបនេះបន្ថែមថា ក្នុងចំណោមជាង១០០នាក់ដែលថតស្វាបង្ហោះចូលយូធូ មានអ្នក ខ្លះបាន១ខែ១០០ដុល្លារ អ្នកខ្លះបានដល់៣០០ដុល្លារ ខ្លះបានក្រោម១០០ដុល្លារ ចំណែករូបលោកវិញ គឹបានជាង១០០ដុល្លារ ឯអ្នកខ្លះទៀតមិនបានសោះក៏មានដែរ។ ពីព្រោះយូធូប ទាល់តែលុយដែលយើងបង្ហោះនោះបានចាប់ពី១០០ដុល្លារឡើង ទើបធ្លាក់ចូលកុងធនាគារ តែបើ១ខែមិនបាន១០០ដុល្លារទេ មិនធ្លាក់ចូលកុងឡើយ ចឹងហើយទើបអ្នកខ្លះប្រើពេល៣ទៅ៤ខែ មិនទាន់បាន១០០ដុល្លារផង។
ចំពោះរូបភាពដែលទាក់ទាញ មានអ្នកចូលមើលច្រើន លោក សំ បូរ ប្រាប់ថា ជារូបដែលមេបក្សប្រយុទ្ធ (ខាំ) គ្នាការពារហ្វូង ដូចជាហ្វូងព្រៃ ចូលមកហ្វូងរបស់ពួកគេប្រចាំប្រាសាទជាដើម។ រូបភាពនេះពិតជាទាក់ទាញមនុស្សចូលមើលច្រើនចំនួន (K) កើនឡើង ហើយលុយក៏កើនឡើងដូចគ្នា តែក៏សម្រាប់ប្រទេសចូលមើលផងដែរ។ ចំនួន (K) ដូចគ្នា ប្រទេសអាមេរិក ឡើងលុយច្រើនជាងបណ្តាប្រទេសផងទៀត។ ចឹងទេ អ្នកជំនាញខាងនឹងទើបអាចមករកប្រាក់ពីយូធូបបាន ព្រោះពេលខ្លះលុយរបស់យើងឡើងជិតបាន១០០ដុល្លារហើយ តែយើងបង្ហោះរូបភាពបន្តលក្ខណៈសា.ហាវរន្ធត់ យូធូប បិទឈើណែល យើងចោល បាត់ទាំងលុយអស់ទៀត។
ចំណែកលោក ម៉ៅ អតីត អ្នកប្រកបមុខរបរដឹកភ្ញៀវ ក៏បានអោយដឹងប្រហាក់ប្រហែលគ្នាថា ការរកលុយពីយូធូប បើរូបភាពមិនទាក់ទាញ គឺមិនមានអ្នកចូលមើល តែបើរូបសា.ហាវពេកយូធូបបិទឈើណែលយើងចោល។ តែអ្វីដែលពួកយើងប្រយ័ត្ននោះ គឺយើងមិនអាចចូលថតសត្វស្វាក្នុងប្រាសាទនោះទេ ព្រោះអាចប៉ះពាល់រូបចម្លាក់ផ្សេងៗជាដើម។
សូមបញ្ជាក់ថា កាលពីកន្លងទៅនេះ ក្រុមអ្នកថតសត្វស្វា នៅប្រាសាទបាយ័ន ធ្លាប់ផ្ទុះប្រតិកម្មម្តងហើយដោយចោទថា ចាប់ស្វាដែលតួអង្គ ចេញមិនឱ្យពួកគាត់ថត។ ប៉ុន្តែមន្ត្រីជំនាញបញ្ជាក់ថា រដ្ឋបាលព្រៃឈើ និងអាជ្ញាធរអប្សរា ចាប់នេះគឺជាស្វាដែលកាចបង្កគ្រោះថ្នាក់ដល់មនុស្សយកទៅព្រលែងឯភ្នំតាម៉ៅ។
លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា ស្វានៅក្នុងរមណីយដ្ឋានអង្គរ មានប្រហែលជាង២០០ក្បាល។ បច្ចុប្បន្ន អាជ្ញាធរអប្សរាជាអ្នកគ្រប់គ្រង តែខាងលោកក៏មានភារកិច្ចជួយថែរក្សាដូចគ្នាដែរ។ ឯការចាប់ស្វាចេញពីព្រៃអង្គរកាលកន្លងទៅ ព្រោះវាកាចខ្លាំង ដែលផ្តើមចេញពីការឱ្យចំណីស៊ី។ សត្វស្វាទាំងនោះ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើននាក់ផងដែរ៕
ចែករំលែកព័តមាននេះ