រាជធានីភ្នំពេញ ៖ ទីបំផុតក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបដិសេធសំណើររបស់ក្រុមតវ៉ាបើកឡានធន់ធ្ងន់ដែលឃាត់ទុកដោយអនុវត្តតាមផ្លូវច្បាប់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២១ កក្កដា បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដានេះបានលេចចេញនូវបាតុភាពម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ប្រមូលផ្តុំគ្នាតវ៉ានៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រួមទាំងដាក់សំណើសុំមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដូចតទៅ ៖
១- ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី ៩តោន ទៅ១៥តោនតាមប្រភេទរថយន្តធុនធ្ងន់បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់ ។
២- ស្នើសុំត្រឹមផាកពិន័យដោយមិនចាំបាច់ឃាត់ទុករថយន្ត ១(មួយ) ឆ្នាំក្នុងករណីផ្ទុកទម្ងន់លើសពី២០ភាគរយឡើងទៅ ។ ៣- ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងឱ្យមកម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តវិញដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត ។
ក្រសួងសូមបញ្ជាក់ជូនថា« សំណើសុំទាំង៣ចំណុចខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ និងមាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ម្យ៉ាងទៀតម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវឱ្យស្ថិតស្ថេរគង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិតស្តង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ។
ក្រសួងថា កន្លងមកគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងទុកពេលវេលាសមស្រប មុននឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ជាធរមានផងដែរ ។
មួយវិញទៀត យោងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ការប្រកបមុខរបរទទួលទានក៏ដូចជា ការបំពេញការងារតាមវិជ្ជាជីវៈរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវ គឺជាការតបស្នងដ៏សំខាន់ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចំរើន ។
ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបរ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាបឱ្យបានត្រឹមត្រូវ តម្លាភាព សុច្ចរិតភាព និងប្រកបដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ