អ្នកកំពុងតែមានក្តីសុបិន្តធ្វើអាជីវកម្ម ក្នុងឆ្នាំ ២០២១ មែនទេ ? ជាការពិតយើងម្នាក់ៗពិតជាអាចធ្វើបាន បើទោះបីពិភពលោកកំពុងមានវិបត្តិក្តី ព្រោះយើងពិតជាមិនអាចរង់ចាំរហូតដល់វាសាបរលត់បានទេ ព្រោះថា មិនមាននរណាម្នាក់អាចដឹងថា វិបត្តិកូវីដ ១៩ នឹងរលាយនៅពេលណានោះទេ ។ ដូចនេះមានតែយើងម្នាក់ៗ ធ្វើអាជីវកម្មដោយភាពវៃឆ្លាត ។ អត្ថបទខាងក្រោមនេះ នឹងបង្ហាញការចាប់ផ្តើមសុបិន្តអាជីវកម្មរបស់អ្នកក្នុងឆ្នាំ ២០២១ អ្នកអាចចាប់ផ្តើមដោយការធ្វើសកម្មភាពសាមញ្ញៗ ទាំង ៥ នៅថ្ងៃនេះ ៖
១. ចាប់ផ្តើមបង្កើតផែនការអាជីវកម្ម ដោយគ្មានស្ទាក់ស្ទើ និងរឹងមាំ ៖ កាលពីឆ្នាំ ២០២០ អាជីវកម្មភាគច្រើនត្រូវបានបិទ ដោយវិបត្តិកូវីដ ១៩ មកលឿនពេក ហើយមិនមាននរណាម្នាក់បានដឹងមុន ។ ដូចនេះវាជាបទពិសោធន៍សម្រាប់អ្នកធ្វើអាជីវកម្ម ។ នៅក្នុងទ្រឹស្តីរបស់ អ៊ីស្រាអែល បានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មខ្នាតតូច ដែលទើបនឹងចាប់ផ្តើម គឺត្រូវការ «គិតដូចជាសត្វអូដ្ឋមួយក្បាល» នេះ គឺចង់មានន័យថា សត្វអូដ្ឋត្រូវបានសាងសង់ឡើង ដើម្បីរស់នៅក្នុងអាកាសធាតុ ដែលពិបាកបំផុតនៅលើភពផែនដី ។ ប្រសិនជាអ្នកមានដៃគូអាជីវកម្ម (ហ៊ុនរួម) អ្នកត្រូវចងចាំថា គ្រប់ដៃគូសហការដែលមានឥទ្ធិពលមកលើអាជីវកម្មរបស់អ្នក គឺគេតែងតែទាមទាមើលផែនការអាជីវកម្មរបស់អ្នកមុន ពួកគេចង់ឃើញផែនការដ៏រឹងមាំរបស់អ្នក ពួកគេត្រូវការដឹងពីរបៀបប្រតិបត្តិ និងវិធីល្អបំផុត ដែលអ្នកអាចធ្វើបានល្អជាងគូប្រជែងរបស់អ្នក និងវិធីសាស្ត្រក្នុងការចាត់ចែងសាច់ប្រាក់ដោយប្រុងប្រយ័ត្ន និងឈ្លាសវៃ នេះអ្វីដែលពួកគេនឹងទុកចិត្តថា ហិរញ្ញវត្ថុរបស់អ្នកអាចដំណើរការរយៈវែង និងមិនមានហានិភ័យខ្ពស់ ។
២. ធ្វើជីវិតរបស់អ្នកឱ្យសាមញ្ញ ហើយចាប់ផ្តើមសន្សំសំចៃ ៖ ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ព្យាយាមបំបែកជីវិតផ្ទាល់ខ្លួន ពីអាជីវកម្មរបស់ពួកគេ ខណៈពេលដែលរចនាសម្ព័ន្ធរបស់អាជីវកម្មឬទស្សនៈច្បាប់អាជីវកម្ម វាជាប់ទាក់ទងទៅនឹងជីវិតនិងការរស់នៅរបស់អ្នក ។ ការចំណាយរបស់វា គឺជាការចំណាយរបស់អ្នកឧបសគ្គរបស់វា គឺជាឧបសគ្គរបស់អ្នក ហើយភាពជោគជ័យរបស់វា គឺជាជោគជ័យរបស់អ្នក មិនថាអ្នកជាម្ចាស់ក្រុមហ៊ុន ឬជាម្ចាស់សាជីវកម្មនោះទេ ។ អ្នកនាង ធីម បាននិយាយថា ៖ «ខ្ញុំមានគម្រោងធ្វើអាជីវកម្មខ្លួនឯង ដូចនេះហើយខ្ញុំបានចាប់ផ្តើមសន្សំប្រាក់ ខ្ញុំឆុងកាហ្វេពីផ្ទះបើទោះបីខ្ញុំកំពុងធ្វើការក្នុងហាងកាហ្វេក៏ដោយ ហើយអាហារពេលថ្ងៃត្រង់ និងពេលល្ងាចខ្ញុំធ្វើខ្លួនឯង ដូចនេះប្រាក់ដែលត្រូវចំណាយលើអាហារទាំងនេះខ្ញុំដាក់ទៅក្នុងប្រាក់សន្សំដើម្បីធ្វើអាជីវកម្មក្នុងសុបិន្ត» ។
៣. ប្រមូលទិន្នន័យ ដើម្បីជួយរៀបចំផែនការអ្នក ៖ ចំណុចសំខាន់ត្រង់នេះ គឺសំដៅទៅលើលំហូរសាច់ប្រាក់ អាជីវកម្មដែលមិនទទួលបានជោគជ័យ ច្រើនតែមិនមានការគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ វាជាចំណុចមួយក្នុងចំណោមចំណុចទាំងឡាយនៅពេលអ្នករៀបចំផែនការអាជីវកម្ម ។ បន្ទាប់ពីនេះ តើអ្នកមានបានសួរខ្លួនឯងទេថា ការធ្វើអាជីវកម្មវាគ្រាន់តែអ្នកមានលុយហើយចង់ធ្វើ ? អ្នកគួរដឹងថា អាជីវកម្មរបស់អ្នកអាចមានឥទ្ធិពល ឬអត់គឺអាស្រ័យទៅលើ សេវាកម្មអ្វីដែលអ្នកនាំយកមកឱ្យអតិថិជន ផលិតផលអ្វីដែលអ្នកចង់លក់ជូនអតិថិជន ? អ្នកត្រូវមើលទីផ្សារក្នុងស្រុក បរិបទប្រជាជនក្នុងស្រុកយ៉ាងដូចម្តេច ? អ្នកជំនាញបាននិយាយថា ការប្រមូលទិន្នន័យ អាចបំភ្លឺផ្លូវអាជីវកម្មរបស់អ្នក ឱ្យត្រូវនឹងតម្រូវការរបស់អតិថិជន និងជួយអ្នកឱ្យដឹងពីរបៀបបណ្តាក់ទុនថ្មី និងអាចជួយអ្នកឱ្យបម្រើអតិថិជនបានយ៉ាងល្អបំផុត ។ ហើយវាផ្តោតលើការដោះស្រាយបញ្ហារបស់អតិថិជន និងអាជីវកម្មរបស់អ្នកនឹងស្ថិតក្នុងជំហររឹងមាំមួយ ដើម្បីរីកចម្រើនផងដែរ ។
៤. ពិចារណាដោយប្រុងប្រយ័ត្ននូវហានិភ័យដែលពាក់ព័ន្ធ ៖ អ្នកជំនាញបាននិយាយថា ភាគច្រើនអ្នកធ្វើអាជីវកម្មខ្នាតតូច និងមធ្យមមិនសូវជាបានគិតដិតដល់ទៅលើហានិភ័យនៅខាងមុខនោះទេ ប៉ុន្តែអ្នកគួរដឹងថា ហានិភ័យគឺជាផ្នែកមួយ នៃការចាប់ផ្តើមអាជីវកម្មខ្នាតតូច ។ ហើយប្រសិនជាអាជិវកម្មរបស់អ្នកតូចក្តី មធ្យមក្តី មានហានិភ័យនោះវានឹងអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនអ្នក ។ ដូចនេះហើយ បានជាក្នុងផែនការអាជីវកម្មគេមានចំណុចក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយអ្វីដែលអ្នកត្រូវធ្វើអ្នកត្រូវមានហិរញ្ញវត្ថុសម្រាប់គ្រាមានអាសន្ន (បញ្ហាហិរញ្ញវត្ថុសម្រាប់អនាគត) ។ អ្នកធ្វើអាជីវកម្មត្រូវដឹងថា ហេតុអ្វីក៏ដោយក៏គ្មានអ្នកណាអាចដឹងមុនបានដែរ ភាពបត់បែនតាមស្ថានការណ៍ និងការសន្សំប្រាក់សម្រាប់ហេតុការណ៍នាពេលអនាគតដែលមើលមិនឃើញ អ្នកត្រូវតែមាន ។
៥. ក្តីសង្ឃឹមអ្នកត្រូវតែមាន បើទោះបីក្នុងស្ថានការណ៍អាក្រក់បែបណាក្តី ៖ ឆ្នាំចាស់ជាបទពិសោធន៍ ឆ្នាំថ្មីជាក្តីសង្ឃឹម ឆ្នាំបន្ទាប់គឺជាអនាគត នេះជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែប្រាប់ខ្លួនឯង ជាពិសេសអ្នកធ្វើអាជីវកម្មក្នុងសម័យកូវីដ ១៩ ។ អ្នកនាង ធីម បាននិយាយថា ៖ «លុយដែលខ្ញុំខំសន្សំពិតជាមិនអត់ប្រយោជន៍នោះទេ ក្រោយពេលខ្ញុំត្រូវបានគេបញ្ឈប់ពីការងារ ខ្ញុំបានប្រើប្រាស់ប្រាក់សន្សំដើម្បីអាជីវកម្មក្នុងសុបិន្តរបស់ខ្ញុំឱ្យដំណើរការ បើទោះបីវាជាអាជីវកម្មខ្នាតតូចក្តី ។ ប្រសិនបើយើងមិនសម្របខ្លួនទៅតាមស្ថានការណ៍បច្ចុប្បន្ននោះ មិនដឹងថ្ងៃណាខ្ញុំអាចធ្វើអាជីវកម្មដោយខ្លួនឯងបានទេ» ៕ ប្រភព ៖ Businessnewsdaily
ចែករំលែកព័តមាននេះ