រាជធានីភ្នំពេញ ៖ នៅក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ថ្លែងពីការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុបនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ»ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយប្រទេសវៀតណាមធ្វើឡើងជាទម្រង់រូបវ័ន្ត និងតាមរយៈប្រព័ន្ធវីដេអូ។
ក្រសួងការបរទេសបន្តថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងពិធីបើកកិច្ចសន្ទនាខាងលើនេះ ជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន ឯកឧត្តម Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឯកឧត្តម Sergey V. Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានផ្តោតលើដំណើរការនៃការប្រព្រឹត្តទៅរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៦ តួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះមួយក្នុងចំណោមគ្រឹះនានានៃអភិបាលកិច្ចសកល ការធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមសកលដូចជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់របស់ជំងឺនេះទៅលើវិស័យសេដ្ឋកិច្ច-សង្គម ជាដើម។
ក្រសួងការបរទេសបញ្ជាក់ថាក្នុងន័យនេះមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជា បានដាក់ចេញ«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» គឺពិតជាមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងចែករំលែកចក្ខុវិស័យរបស់លោកលើអនាគតរបស់ ASEM នៅឆ្នាំខាងមុខផងដែរជាពិសេសគឺកិច្ចសហប្រតិបត្តិការពហុវិស័យរបស់ ASEMដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងអឺរ៉ុប៕ ដោយ ៖ ស.សុខុម
ចែករំលែកព័តមាននេះ