ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមបានប្រកាសបន្តអនុវត្តវិធានការសុខាភិបាលរយៈពេល២សប្តាហ៍បន្តទៀត ។
យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ឧសភាបានលើកឡើងថា ការបន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
ប្រភពបន្តថា យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ « សហគមន៍ ២០ កុម្ភៈ » នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណ៍វិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ដោយត្រូវបន្តសុពលភាពនៃការអនុវត្តរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ និងសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ ៖ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត លេខ០១១/២១ស.ណ.ន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមាន កូវីដ-១៩ និងត្រូវបន្តអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខេត្តលេខ ០១០/២១ស.ណ.ន ចុះថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅភូមិសាស្ត្រខេត្តកំពង់ចាម ។
លោកអភិបាលថា នៅពេលទទួលបានការណែនាំខាងលើ សូមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក លោក-លោកសី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ស្ថាប័នពាក់ព័ន្ធដទៃទៀត និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីអនុវត្តឱ្យបានម៉ឹងម៉ាត់វិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានដាក់ចេញ និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ – ៣កុំ ៣ការពារ រួមនឹងកែប្រែទម្លាប់នៃការរស់នៅសម្របតាមបីបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺដ៏មហាប្រល័យនេះ ៕
ចែករំលែកព័តមាននេះ