ខេត្តកំពង់ស្ពឺ ៖ មនុស្សមួយក្រុមមានគ្នាប្រមាណ០៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងបង្ក្រាប ខណៈមនុស្សមួយចំនួនផ្សេងបានរត់គេចខ្លួន ពេលសមត្ថកិច្ចឡោមព័ទ្ធទីតាំងលេងល្បែងដុះស្លែ និងមានអ្នកកាងនៅទីនោះជាប្រចាំនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមប្រភពបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសង(អាប៉ោង)ខាងលើនេះមានការប្រមូលផ្តុំមនុស្សរាល់ថ្ងៃ ជាងនេះមិនគោរពវិធានការរបស់រាជរដ្ឋាភិបាលបញ្ហាកូវីដ-១៩ថែមទៀត ។
យោងតាមប្រភពបានឲ្យដឹងថែមទៀតថា ក្រុមនេះមានអ្នកកាងបើកទីតាំងជាខ្នងបង្អែករត់ការលេង២៤លើ២៤ម៉ោង រហូតអ្នកភូមិខ្លះមិនហ៊ានទៅជិតផង។ លោក សម សាមួនបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់រួមមាន៖ ១-ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ យ៉ង តាំង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ៤-ឈ្មោះ ម៉ី វីន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៥-ឈ្មោះ សៀម ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ៦-ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។ ៧-ឈ្មោះ ប៉ឹម សារុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ៨-ឈ្មោះ ស៊ីម ថុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃលង់ទឹក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ អ្នកទាំង០៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗពេលកំពុងលេងល្បែងអាប៉ោង ព្រមទាំងនាំគ្នាប្រមូលផ្តុំខុសបម្រាមរបស់រាជរដ្ឋាភិបាល ទាក់ទងបញ្ហាកូវីដ-១៩។
បើតាមប្រភពបានបង្ហើបឲ្យដឹងថា ក្រោយការបង្ក្រាបភ្លាមៗមានការអន្តរាគមន៍សុំដោះលែងមនុស្សមួយចំនួន តែត្រូវបានបដិសេធន៍ដោយកម្លាំងដែលចុះបំពេញបេសកម្មផ្ទាល់ ប៉ុន្តែការសុំអន្តរាគមន៍នៅតែបន្តដើម្បីឲ្យបក្សពួកខ្លួនចេញពីបទចោទប្រកាន់តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋរស់ក្នុងភូមិបាននិយាយឲ្យដឹងថា គាត់ចង់ឲ្យមានដាក់ទោសទណ្ឌខ្លះឲ្យរាងចាល កុំហ៊ានប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់ និងរំខានដល់ប្រជាពលរដ្ឋក្នុងភូមិ ជាពិសេសនាំអ្នកភូមិប្រមូលផ្តុំលេងតាម បាត់បង់មុខរបររកស៊ីក៏ដូចជាមិនធ្វើការងារជាដើម៕ដោយ ៖ វង្ស សន
ចែករំលែកព័តមាននេះ