ខេត្តកណ្តាល ៖ មន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងសង្សារ ព្រមទាំងមិត្តភក្តិ បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយ រួចបើករថយន្តមកបំពាននៅចំណុចគោលដៅ «បិទខ្ទប់» នាក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនគោរពវិធានការរដ្ឋបាល» តាមមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីកូវីដ។
ដែលប្រព្រឹត្តនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤០នាទីយប់ នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនត្រូវចោទទី១-ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សី រាជធានីភ្នំពេញ មុខរបរយោធា នៅនាយកដ្ឋានវិស្វកម្ម មានកម្រិតជាតិ អាល់កុល ០.០៧៦មីល្លីលីត្រខ្យល់។ ទី២-ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។
ទី៣-ឈ្មោះ ណី ប៊ុនធឿន ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បូរីប៉េងហួត៦០ម៉ែត្រ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរគ្រូចិនសែ។ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រាប់ឲ្យដឹងថា នៅពេលដែលកម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនោះស្រាប់តែឃើញមនុស្សទាំង៣នាក់ ក្នុងស្ថានភាពស្រវឹង ជិះរថយន្តមកដល់ ដោយឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំតាមនីតិវិធីតែម្តង៕ ដោយ ប៉ឹង ឆដា
ចែករំលែកព័តមាននេះ