ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ត្រូវបានប្រទះឃើញ​ថែមទៀត នៅស្រុកគាស់ក្រឡ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានកាប់គាស់ដីចម្ការរបស់គាត់…

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានកាប់គាស់ដីចម្ការរបស់គាត់ ដើម្បីបង្កបង្កើនផល ដូចរៀងរាស់ឆ្នាំ។ តែឆ្នាំនេះ ពេលកំពុងគាស់កាយដី ក៏បានប្រទះឃើញយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្រ្គាម​ជាច្រើនគ្រាប់ ហើយភ្លាមៗ ប្រជាពលរដ្ឋជាម្ចាស់ចំការ បានរាយការណ៍ជូនសមត្ថកិច្ចនគរបាល នៅមូលដ្ឋាន​នោះ។

នៅ​ពេលទទួលបានព័ត៌មាននេះ លោកវរសេនី​យ​ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍​ជូនលោកឧត្តមសេនីយទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ដើម្បីជូនជ្រាប និងទទួលបានមតិ ណែនាំពីលោកស្នងការ ​ភ្លាមនោះ លោក​អធិការនគរបាលស្រុកបាន រាយការណ៍ជូនមន្រ្តីអង្គភាពកំចាត់មីនកម្ពុជា ខេត្តបាត់​ដំបង​ ដើម្បីចុះទៅពិនិត្យ និងទទួលយក​យុទ្ធភ័ណ្ឌទាំងនោះ ទៅរក្សាទុកដើម្បីបំផ្លាញចោល។

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ គឺ​ជាប្រភេទគ្រាប់កាំភ្លើង DK82 មានចំនួន ០៦គ្រាប់ ដែលស្ថាន​ភាព​គ្រាប់ទាំងនេះ មានសភាពច្រេះពុកផុយដោយអន្លើ បាត់បង់គុណភាពខ្លះហើយ​។ តាមការពិនិត្យ យុទ្ធភ័ណ្ឌ​ទាំងនេះ គឺជាយុទ្ធភ័ណ្ឌ ដែលសេសសល់តាំងពីសម័យសង្រ្គាម​មកម្លេះ។
មន្រ្តីជំនាញផ្នែកស៊ីម៉ាក់ បានឱ្យដឹងថា បើទោះបីស្ថានភាព​យុទ្ធភ័ណ្ឌទាំងនេះ បានបាត់បង់គុណភាពខ្លះហើយក្តី តែវានៅតែមានលទ្ធភាពបង្កមហន្តរាយដល់អាយុជីវិតមនុស្សបានគ្រប់ពេលវេលា បើយើងមានការធ្វេសប្រហែស​។

មន្រ្តីជំនាញស៊ីម៉ាក់CMAC បានយកចេញពីចំណុចទីតាំងនោះ ទៅរក្សាទុក ដើម្បីធ្វើការបំផ្លាញចោលតាមលក្ខណៈជំនាញ និងបច្ចេកទេសរួច​ហើយ។

លោកអធិការស្រុក បានបង្ហាញថា កាលពីថ្ងៃទី២៣មីនា ក៏មាន​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបាន​ប្រទះឃើញដែរ ជាប្រភេទគ្រាប់កាំភ្លើង(PKF)ចំនួន ១៦កេស ស្មើនឹង ៤,០០០គ្រាប់ នៅចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងពេលព្រះសង្ឃគង់ក្នុងវត្ត បានជីកដី ដើម្បីដាក់លូធ្វើបង្គន់អនាម័យ ហើយក៏បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ ហើយក៏បានប្រគល់ឲ្យមន្ត្រីស៊ីម៉ាក​​រួចអស់ហើយដែរ៕ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ