កម្មវិធីតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» បរិច្ចាគថវិកា ៦ម៉ឺនដុល្លារ ដល់អង្គការចំនួនបី !
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃពុធ ទី ២៤ខែមីនា ឆ្នាំ ២០២១ អង្គការក្នុងស្រុកចំនួនបី រួមមាន ៖…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃពុធ ទី ២៤ខែមីនា ឆ្នាំ ២០២១ អង្គការក្នុងស្រុកចំនួនបី រួមមាន ៖…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃពុធ ទី ២៤ខែមីនា ឆ្នាំ ២០២១ អង្គការក្នុងស្រុកចំនួនបី រួមមាន ៖ អង្គការមនុស្សចាស់កម្ពុជា, អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (ឬ អង្គការធីភីអូកម្ពុជា) និងអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា បានទទួលថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ក្នុងមួយអង្គការ សរុប ៦ម៉ឺនដុល្លារ ដែលរៃអង្គាសបានពីការតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» ធ្វើឡើងនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន កាលពីពេលកន្លងទៅនេះ ។
នេះគឺជាដំណាក់កាលទីមួយនៃការប្រគល់ថវិកាសប្បុរសធម៌ដែលរៃអង្គាសបាន ដែលក្នុងនោះអង្គការនីមួយៗទទួលបានទឹកប្រាក់ ២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២១ ហើយនឹងបន្តទទួលថវិកាដែលនៅសេសសល់បន្ថែមទៀតក្នុងឆ្នាំ ២០២២ និង ២០២៣ ស្របទៅតាមតម្រូវការសកម្មភាពជាក់ស្តែងរបស់អង្គការនីមួយៗ ។ យោងតាមអ្នករៀបចំកម្មវិធី ការប្រគល់ថវិកាជាដំណាក់កាលបែបនេះ ជួយរក្សានិរន្តរភាពថវិកាសម្រាប់អង្គការ និងផ្តល់ប្រយោជន៍ដល់សហគមទទួលផលបានយូរអង្វែង ។
កាលពីប្រមាណបីខែមុន លោកជំទាវ ជា សិរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ដែលជាម្ចាស់ស្នាដៃសិល្បៈ បានផ្តួចផ្តើមរៀបចំការតាំងពិព័រណ៍សប្បុរសធម៌ «សិល្បៈនៃការចែករំលែក» នេះឡើងដើម្បីចែករំលែកសារវិជ្ជមានអំពីការបន្តមានក្តីសង្ឃឹម និងសាមគ្គីភាព នៅក្នុងពេលវេលាដ៏លំបាកនិងតានតឹងនេះ ។ ផ្ទាំងគំនូរសិល្បៈរបស់វិចិត្រការនីទាំងពីរសរុបជាង ២០ផ្ទាំង ត្រូវបានដាក់តាំងពិព័រណ៍ជាសាធារណៈអស់រយៈពេលជិតពីរខែ នៅសារមន្ទីរស.ស.រ និងលើបណ្តាញសង្គម ។
រហូតមកទល់បច្ចុប្បន្ននេះ ស្នាដៃគំនូរទាំងអស់ដែលបានដាក់តាំងត្រូវបានលក់ដាច់ ឬត្រូវគេដេញថ្លៃយក ដែលជាប្រភពមួយផ្នែកធំនៃថវិកាដែលយក មកបរិច្ចាគដល់អង្គការទទួលផលទាំងបីក្នុងថ្ងៃនេះ ។ យោងតាមអ្នករៀបចំកម្មវិធី ការតាំងពិព័រណ៍សប្បុរសធម៌ «សិល្បៈនៃការចែករំលែក» គឺជាការជោគជ័យដ៏លើសលុប និងលើសការរំពឹងទុកទាំងអស់ ។
លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលបានឃើញភាពជោគជ័យនៃការតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក” និងការគាំទ្រដ៏លើសលុបពីបងប្អូនទាំងអស់គ្នា ។ យើងផ្តួចផ្តើមការតាំងពិព័រណ៍នេះឡើង ដើម្បីជាប្រយោជន៍ដល់សង្គម និងបំផុសស្មារតីសាមគ្គីភាព ហើយខ្ញុំអាចនិយាយបានថា យើងសម្រេចគ្រប់គោលដៅទាំងអស់ ទាំងការរៃអង្គាសថវិកា និងការចែករំលែកសាររបស់កម្មវិធីនេះ ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពូមីងទាំងអស់ ដែលបានចូលមើលការតាំងពិព័រណ៍របស់យើងដោយផ្ទាល់ ឬលើបណ្តាញសង្គម បានជួយទិញគំនូរឬវត្ថុអនុស្សាវរីយ៍ បានបរិច្ចាគជាថវិកា និងបានបង្ហាញការគាំទ្រចំពោះកម្មវិធីរបស់យើង» ។
កញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស បាននិយាយទាំងភាពរីករាយថា «ខ្ញុំមានក្តីរំភើបដោយបានឃើញបងប្អូនគ្រប់គ្នាគាំទ្រ និងផ្តល់ក្តីស្រឡាញ់ចំពោះការតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» យ៉ាងច្រើនបែបនេះ ។ វាជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ថា យើងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានជាច្រើន នៅពេលយើងរួមសាមគ្គីគ្នាដោយសុច្ឆន្ទៈ មិនថាកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ។ ថវិកាដែលរៃអង្គាសបានពីការលក់គំនូរ ជាដើម នឹងត្រូវប្រើប្រាស់ដើម្បីជួយគាំទ្រសកម្មភាពអង្គការទទួលផលទាំងបី ដូចអ្វីដែលបានគ្រោងទុក» ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិរបស់អង្គការធីភីអូ ដែលជាអង្គការឈានមុខគេមួយក្នុងវិស័យសុខភាពផ្លូវចិត្ត បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ជា សេរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ដែលបានផ្តួចផ្តើមរៀបចំការតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» នេះឡើង ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រអង្គការក្នុងស្រុក ។ នៅក្នុងគ្រាដ៏លំបាកនេះ វាពិតជាសំខាន់ណាស់ដែលយើងត្រូវរួមគ្នា និងជួយគ្នាទៅវិញទៅមក ។ ខ្ញុំសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាគំរូដ៏មានឥទ្ធិពលមួយ ហើយមនុស្សជាច្រើននឹងដើរតាមគំរូនេះ ដើម្បីបង្កើតប្រយោជន៍ជាក់ស្តែងនៅក្នុងផ្នែកជាច្រើននៃសង្គមជាតិរបស់យើង» ។
លោក ឆាយ វីវូឌីន នាយកប្រតិបត្តិនៃអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា បានថ្លែងដូចគ្នាថា «អង្គការយើងខ្ញុំពិតជាមានកិត្តិយស និងរីករាយដែលត្រូវបានជ្រើសរើសជាអង្គការទទួលផលមួយរបស់កម្មវិធីតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» ។ ថវិកាសប្បុរសធម៌ដែលរៃអង្គាសបានតាមរយៈការតាំងពិព័រណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រប្រតិបត្តិការ និងសកម្មភាពរបស់អង្គការយើងខ្ញុំ ។ ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់យើងខ្ញុំ តែនៅមានអង្គការក្នុងស្រុកជាច្រើន ដែលកំពុងធ្វើការលើគម្រោងមានសារសំខាន់នានា ហើយត្រូវការជំនួយនិងការគាំទ្ រ។ ដូច្នេះ ខ្ញុំសង្ឃឹមថា នឹងមានសប្បុរសជនរៀបចំសកម្មភាពបែបនេះអោយបានកាន់តែច្រើនទៅមុខទៀត» ។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានមានប្រសាសន៍ថា «ការតាំងពិព័រណ៍សប្បុរសធម៌នេះមិនត្រឹមតែបានគៀងគរមូលនិធិដ៏មានតម្លៃសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាញការចាប់អារម្មណ៍បន្ថែមទៀតទៅលើជីវភាពរបស់ក្រុមប្រជាជនងាយរងគ្រោះ នៅពេលវេលាមួយដ៏លំបាកដូចសព្វថ្ងៃនេះ ។ ថវិកាដែលយើងទទួលបានថ្ងៃនេះនឹងចូលរួមចំណែកយូរអង្វែងក្នុងការគាំទ្រអង្គការមនុស្សចាស់កម្ពុជា និងជនចាស់ជរាដែលយើងកំពុងផ្តល់ជំនួយ ។ ខ្ញុំមិនមានអ្វីក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នករៀបចំការតាំងពិព័រណ៍ និងបងប្អូនទាំងអស់គ្នាដែលបានគាំទ្រយើងខ្ញុំនិងកម្មវិធីនេះ» ៕
ចែករំលែកព័តមាននេះ