ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ មិនរំខានដល់ការដាំដុះដំឡូងមីរបស់កសិករនៅប៉ៃលិន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ក្រោយពេលភ្លៀងធ្លាក់ជាប់ៗគ្នាកសិករនាំគ្នាសម្រុកដាំដើមដំឡូងមី នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ រហូតមកដល់ព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ…

ខេត្តប៉ៃលិន ៖ ក្រោយពេលភ្លៀងធ្លាក់ជាប់ៗគ្នាកសិករនាំគ្នាសម្រុកដាំដើមដំឡូងមី នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ រហូតមកដល់ព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១ កសិករជាច្រើនគ្រួសារបាននាំគ្នាដាំដើមដំឡូងមីនៅតាមចម្ការរៀងៗខ្លួនពិសេសនៅក្នុងភូមិបរតាំងស៊ូ ភូមិ​បរហ៊ុយជើង បរហ៊ុយត្បូង សង្កាត់បរយ៉ាខា ។ តាមការរៀបរាប់ពីកសិករម្នាក់ឈ្មោះ បឿត អាយុ ៦៥ឆ្នាំ ថា គាត់បានជួលកម្មករ ឱ្យចូលទៅដាំដើមដំឡូងមីជាង ៣ ហិកតា ក្នុងចម្ការរបស់ខ្លួនបន្ទាប់ពីមានភ្លៀងធ្លាក់ពីរបីមេធំៗរហូតធ្វើឱ្យដីចម្ការដែលគាត់​បានភ្ជួរពូនរងរួចក្លាយទៅជាសើមជោកជាំ ហើយបានធ្វើការដាំដុះតែម្តង ។

កសិករដដែលថា ការដាំដំឡូងមី នៅពេលនេះមិនខ្លាចខូចខាត ឬងាប់ដើមនោះទេ ព្រោះដីសើមខ្លាំងអាចឱ្យដើមដំឡូងមីដុះលូតលាស់យ៉ាងល្អ ទោះបីជាដើមដំឡូងមីដុះត្រួយពន្លកហើយ រាំងភ្លៀងអស់រយ:ពេលកន្លះខែ ទៅមួយខែក៏មិនងាប់ដែរ​ ។

ការផ្តើមចុះដាំដុះដំឡូងមីរបស់កសិករនៅខេត្តប៉ៃលិននេះស្របពេលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាល់ជំងឺកូវីដ ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ នៅខេត្តប៉ៃលិន​ក៍ជាទឹកដីមួយដែលសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ កំពុងអនុវត្តយ៉ាងសកម្មផងដែរ ។ ពិសេសអាជ្ញាធរបានបង្កើនការប្រុងប្រយ័ត្នចំពោះពលរដ្ឋ​ខ្មែរដែល​ត្រូវធ្វើដំណើរពីប្រទេសថៃចូលកម្ពុជាវិញ ត្រូវធ្វើចត្តាឡីស័ក ។​

សកម្មភាពដាំដុះរបស់កសិករនេះបានបង្ហាញថា ទោះបីប្រឈមនឹងការរាតត្បាត​ពីជំងឺកូវីដ ១៩ នេះក្តី ក៍មិនមានរំខានដល់ការដាំដុះរបស់កសិករនោះដែរ ។ កសិករ​ម្នាក់ទៀតនៅខេត្តប៉ៃលិន ឈ្មោះ អ៊ុក សុផាត អាយុ ៥០ឆ្នាំ រៀបរាប់ឲ្យដឹងថា គាត់​មានដីចម្ការចំនួន ៤ហិកតា ដោយឆ្នាំមុនដាំដំឡូងមីមិនសូវទទួលបានផលច្រើន ដោយសារគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យរលួយមើមអស់ច្រើន ។ លោកបន្តទៀតថា នៅឆ្នាំ ២០២១នេះ គាត់ដាំដំឡូងមីដដែល ព្រោះគ្មានជម្រើស បើដាំពោតត្រូវការទិញពូជគេអស់ច្រើន រីឯដាំដំឡូងមី គឺគ្រាន់តែយកដើមដំឡូង​មីចាស់ៗ ដែលដាំនៅឆ្នាំមុនមិនសូវចំណាយអស់ថវិកាប៉ុន្មាននោះទេ ។

កសិករ អ៊ុក សុផាត បន្តទៀតថា បើតម្លៃទីផ្សារនៅថេរដដែលដូចឆ្នាំកន្លងទៅនេះ កសិករម្នាក់ៗ មិនសូវជំពាក់បំណុលគេច្រើននោះទេ ពោលគឺអាចប្រមូលផល​លក់​សងជំពាក់បំណុលគេរួចរាល់ និងសល់ សម្រាប់ទុកផ្គត់ផ្គង់ជីវភាព​គ្រួសារមួយ​ចំនួន ។ លោកបានអំពាវនាវដល់ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរកសិកម្មខេត្តប៉ៃលិន ឱ្យនៅតែ​ជួយទប់តម្លៃទីផ្សារកសិផលដំឡូងមី នៅនឹងដដែល ដើម្បីឱ្យពួកគាត់ អាចនឹងបន្តដាំដុះ​ទៅមុខទៀតដោយរលូន មិនព្រួយបារម្ភចំពោះទីផ្សារ ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានឲ្យដឹងថា ដំឡូងមីជាកសិផលដែលបាននាំ​ចេញច្រើនជាងមួយប្រភេទក្នុងចំណោមកសិកផល​ដែលបានបញ្ជាទិញពីបរទេសនោះ ។ រយៈពេលពីរខែដើមឆ្នាំ ២០២១នេះ ដំឡូងមី​ក្រៀម​នាំចេញចំនួន ៨០២ ៤៥១,៥៦ តោន ដំឡូងមីស្រស់មានចំនួន ១៥៤ ៧៥០,០០ តោន​ ៕ ដោយ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ