ភ្នំពេញ៖ ដោយសារតែស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅកម្ពុជា ពិសេសនៅភ្នំពេញ កាន់តែអាក្រក់ និងធ្ងន់ធ្ងរទៅៗ ទើបកាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ បទបញ្ជាថ្មី ឲ្យក្រសួងស្ថាប័នរដ្ឋ កាត់បន្ថយបុគ្គលិកធ្វើការដោយផ្ទាល់។ ក្នុងនោះ យ៉ាងហោចណាស់ ៩០% ត្រូវធ្វើការពីផ្ទះ តាមអនឡាញ។ រីឯក្រុមហ៊ុនឯកជន ក៏ត្រូវកាត់បន្ថយចំនួនអ្នកធ្វើការផ្ទាល់ដូចគ្នាដែរ។
ក៏ប៉ុន្តែបទបញ្ជារបស់សម្តេច ក្នុងការកាត់បន្ថយចំនួនអ្នកមកធ្វើការដោយផ្ទាល់នេះ គឺមិនសំដៅ លើកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យទេ។ ក្នុងនោះ សម្តេច ក៏មិន ប្រកាសបិទទីផ្សារ និងរោងចក្រដែរ។
ឆ្លើយតបនឹងវិធានការថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ចាប់តាំងពីយប់ថ្ងៃចន្ទ ទី៨មីនា រហូតដល់ថ្ងៃអង្គារ ទី៩មីនា ក្រសួងស្ថាប័នជាតិជាច្រើន រួមទាំងក្រុមហ៊ុនឯកជនផង បានចាប់ផ្ដើម ដាក់ចេញនូវវិធានការផ្ទៃក្នុងរៀងៗខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។
ក្នុងនោះ មានក្រសួងអប់រំ ស្ថាប័នរដ្ឋសភា ក្រសួងការបរទេស និងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាដើម សុទ្ធតែបានដាក់ចេញវិធានការដូចៗគ្នា ដើម្បីបន្ថយចំនួនមន្រ្តី មកធ្វើការ។ ក្រុមហ៊ុនឯកជន មិនថា ក្នុងវិស័យណា ក៏ដូចវិស័យណាទេ រាប់ទាំង កាសែត វិទ្យុ និងទូរទស្សន៍ ក៏បានកោះប្រជុំ ចាត់ចែងរៀបចំតារាងក្រុមណា ត្រូវមកធ្វើការ នៅកន្លែង និងក្រុមណា ត្រូវធ្វើការតាមអនឡាញ ពីផ្ទះ។
ស្ថាប័ននីមួយៗ រួមទាំងក្រុមហ៊ុនឯកជនផង ក្រៅពីបានចាត់ចែងមន្រ្តី និងបុគ្គលិកប្រចាំការតិចបំផុតហើយ ក៏បានតម្រូវឲ្យអនុវត្តនូវវិធានការពារយ៉ាងខ្ជាប់ខ្ជួន រួមមាន៖ ការវាស់កំដៅ នៅច្រកចេញចូល ពាក់ម៉ាស់ និងបាញ់លាងដៃនឹងអាល់កុល ជាដើម។ ក្នុងនោះ តាមក្រសួង ស្ថាប័នរដ្ឋ និងក្រុមហ៊ុនមួយចំនួន ក៏តម្រូវឲ្យដាក់ឆ្លងឯកសារមួយចំនួន តាមប្រព័ន្ធឌីជីថល ហើយប្រសិនបើមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់។
ក្រៅពីត្រូវធ្វើការតាមអនឡាញពីផ្ទះៗរៀងខ្លួន ហើយករណីនៅផ្ទះ ក៏ត្រូវស្ថាប័នក្រសួងរដ្ឋ និងក្រុមហ៊ុនឯកជន តម្រូវឲ្យទាំងបុគ្គលិកមន្ត្រីរាជការខ្លួនឯង និងគ្រួសារ ក៏មិនត្រូវចេញពីផ្ទះ ក្នុងករណីមិនចាំបាច់។ ចំណែក សកម្មភាពជួបជុំនានា ក្នុងបរិវេណសភា ហើយអ្នកមក ធ្វើការនៅរដ្ឋសភាត្រូវពាក់ម៉ាស់ វាស់កំដៅ ស្ថាប័នខ្លះទៀត បានដាក់ចេញវិធានការដូចគ្នាដែរ ដូចជា តម្រូវឱ្យមន្រ្តីបុគ្គលិក គ.ជ.ប ទាំងអស់សំរាក ១សប្ដាហ៍ ដោយទុកមន្រ្តីប្រចាំកា រ១០ភាគរយ ហើយរាល់ការងារផ្សេងៗ ត្រូវទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ខណៈកិច្ចប្រជុំនានា ត្រូវបានផ្អាក ដោយជំនួសមក វិញនូវការប្រជុំ និងដាក់ឆ្លងឯកសារ តាមប្រព័ន្ធអនឡាញ។
មិនថា នៅភ្នំពេញទេ នៅតាមបណ្តាខេត្តនានា ក៏បានអនុវត្តនូវវិធានការកាត់បន្ថយចំនួនបុគ្គលិក មកបំពេញការងារដោយផ្ទាល់ដូចគ្នាដែរ។ បណ្ដាក្រសួង ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាក្រុមហ៊ុនឯកជន បានដាក់ចេញវិធានការបន្ទាន់នេះ ដើម្បីអនុវត្ត វិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងសុវត្ថិភាពសុខភាពប្រជាជនកម្ពុជាខ្លាំង ក្រោយកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ការធ្វើការអនឡាញពីផ្ទះ ទាមទារឲ្យអ្នកនោះ ត្រូវចេះបច្ចេកទេស មានសីលធម៌ មានការតាំងចិត្តក្នុងការងារ គិតពីលទ្ធផលការងារ ជាជាងគិតពីម៉ោងពេលធ្វើការ ជាដើម។
ប៉ុន្តែទន្ទឹមនឹងការតម្រូវឲ្យមន្ត្រីរាជការ និងបុគ្គលិកស្ទើរតែទាំងអស់ ធ្វើការពីផ្ទះ តាមអនឡាញ ក៏តម្រូវឲ្យមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ ចូលរួមអនុវត្តឲ្យបានហ្មត់ចត់ ទី១-ប្រសិទ្ធភាពការងារ នៅបន្តធ្វើដោយយកចិត្តទុកដាក់ និងដោយការទទួលខុសត្រូវ ពោលគឺត្រូវធានាថា ការងាររបស់អង្គភាពស្ថាប័ន ក្រុមហ៊ុន និងផ្នែករបស់ខ្លួន នៅបន្តដំណើរការល្អជាធម្មតា។ ទី២-អ្នកធ្វើការអនឡាញ ពីផ្ទះ ក៏មិនត្រូវគេចវេះ មិនធ្វើការ ដោយអាងថា នៅឆ្ងាយពីភ្នែកគេឯង មេមើលមិនឃើញ ជាដើម។
ពិសេសជាងនេះទៅទៀត ទាំងមន្ត្រីរាជការ និងទាំងបុគ្គលិកក្រុមហ៊ុនឯកជន ដែលត្រូវបានអនុញ្ញាតឲ្យធ្វើការពីចម្ងាយទាំងអស់ ក៏មិនត្រូវយកពេលវេលានេះ បែរជានាំគ្នាជួបជុំ មិនថា ការជួបជុំក្នុងផ្ទះ ឬក៏ចេញក្រៅផ្ទះ រហូតដល់ដើរលេង នៅហាងកាហ្វេ ឬហាងផឹកស៊ី នោះឡើយ។ ចូរកុំភ្លេចថា ការរៀបចំឲ្យមានអ្នកធ្វើការពីផ្ទះ តាមអនឡាញនេះ ក្នុងបំណង ដើម្បីកុំឲ្យមានមនុស្សកកកុញ ប្រមូលផ្តុំច្រើន ក្នុងបំណងទប់ស្កាត់នូវការឆ្លងរាលដាល ជំងឺកូវីដ១៩ ទាំងនៅកន្លែងធ្វើការ និងកុំឲ្យកកស្ទះនៅតាមផ្លូវធ្វើដំណើរ ជាដើម។
ផ្ទុយទៅវិញ បើសិនជាក្នុងកាលៈទេសៈដ៏លំបាកពេលនេះ អ្នកដែលត្រូវបានរៀបចំឲ្យធ្វើការពីផ្ទះ មិនថា មន្ត្រីរាជការ ឬក៏បុគ្គលិកក្រុមហ៊ុនឯកជនទេ បែរជាបន្លំខ្ជិល ហើយគេចវេះ មិនធ្វើការទៀតនោះ គឺនាំឲ្យក្រសួងអង្គភាពស្ថាប័ន និងក្រុមហ៊ុនឯកជន កាន់តែជួបការលំបាកថែមទៀត។ ជាងនេះទៅទៀត បើសិនជាអ្នកធ្វើការនៅផ្ទះ បែរជាមិននៅផ្ទះ ហើយលួចដើរលេង ឬបបួលគ្នាជួបជុំទៀតនោះ ក៏រឹតតែបង្កហានិភ័យក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង កាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត៕
ចែករំលែកព័តមាននេះ