ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​តែងតាំង​ប្រធាន​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ថ្មី ជំនួស​អ្នក​ចាស់​ដែល​ជាប់​រឿងអាស្រូវ

3 ឆ្នាំ មុន

ជប៉ុន ៖ អតីត​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​៧​លើក គឺ​លោកស្រី Seiko Hashimoto ត្រូវ​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ…

ជប៉ុន ៖ អតីត​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​៧​លើក គឺ​លោកស្រី Seiko Hashimoto ត្រូវ​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ ដើម្បី​ជំនួស​តំណែង​លោក Yoshiro Mori ដែល​លាលែង​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​​បាន​ធ្វើ​អត្ថាធិប្បាយ​សម្តី​មិន​សមរម្យ​ក្នុង​ន័យ «​រើសអើង​ភេទ​»​។

លោក Yoshiro Mori អាយុ​៨៣​ឆ្នាំ បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ បន្ទាប់​ពី​បាន​និយាយ​ថា​ «ស្ត្រី​ដូច​ជា​និយាយ​ច្រើន​ពេក​ហើយ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក»​។ ការ​អត្ថាធិប្បាយ​នេះ ធ្វើ​ប្រជាជន​ជប៉ុន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយ​ទាមទារ​ឱ្យ​លោក​ត្រូវ​តែ​ចុះ​ចេញពី​តំណែង​។ បើ​ទោះបីជា​លោក​បាន​សុំ​ទោស ចំពោះ​ការ​អត្ថាធិប្បាយ​មិន​សមរម្យ​កន្លង​មក​។

ដោយឡែក​ក្រឡេក​មក​ដឹង​ខ្លះ​ៗ​ពី​លោកស្រី Seiko Hashimoto ដែល​ជា​អតីត​កីឡាការិនី​ជិះ​ស្គី​ល្បឿន (Speeds Skater) និង​ប្រណាំង​កង់​ក្នុង​សាល (Track Cyclist) ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំ​រិ​ទ្ធ​កីឡា​អូ​ឡាំ​ពិ​ក និង​មេដាយមាស​៦​គ្រឿង​ពី​ព្រឹត្តិការណ៍​អាស៊ី​ហ្គេ​ម​រដូវរងារ (Asian Winter Games) កន្លង​មក​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​ត្រូវ​លើក​ពេល​ដោយសារ​ការ​ផ្ទុះ​កូ​វី​ដ​១៩ នឹង​ត្រូវធ្វើ​ពិធី​បើក​នា​ថ្ងៃ​ទី​២៣ ខែកក្កដា និង​ពិធី​បិទ​នា​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ​នេះ​។ (​ដកស្រង់​ចេញពី Reuters)