ជប៉ុន ៖ សមាគមន៍វេជ្ជសាស្ត្រក្រុងតូក្យូបាននិយាយថា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ក្នុងប្រទេសជប៉ុន នឹងមិនមានពេលវេលាដើម្បីធ្វើការស្ម័គ្រចិត្តជួយក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនាប៉ុន្មានខែខាងមុខនេះទេ។
លោក Satoru Arai នាយកសមាគមវេជ្ជសាស្ត្រក្រុងតូក្យូ ដែលតំណាងឱ្យវេជ្ជបណ្ឌិតប្រមាណ២ម៉ឺននាក់បាននិយាយថា ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាកំពុងស្ថិតក្នុងសភាពតានតឹងខ្លាំងណាស់ជាមួយការរាតត្បាតពីរលកទី៣ ហើយពួកគេពុំមានពេលវេលាដើម្បីពិចារណាក្នុងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍អូឡាំពិកនោះទេ។
ទោះបីជាកាលបរិច្ឆេទថ្មីត្រូវបានកំណត់ សម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដែលនឹងត្រូវធ្វើពិធីបើកនាថ្ងៃទី២៣ ខែកក្កដា និងពិធីបិទនាថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២១ ក៏ពិតមែន ប៉ុន្តែការឆ្លងរីករាលដាលជាបន្តបន្ទាប់ក្នុងប្រទេសនេះ បានធ្វើឱ្យព្រឹត្តិការណ៍ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ បើទោះបីជាមន្ត្រីរៀបចំរបស់ជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC សុទ្ធតែប្តេជ្ញាចិត្តរួមគ្នាដើម្បីរៀបចំវាតាមការគ្រោងទុកយ៉ាងណាក៏ដោយ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ