ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ហើយ ចោរឆក់​ទាំង​២​នាក់​ឲ្យ​ដេក​គុក​រង់ចាំ​ទទួលទោស​ពី​៣​ទៅ​​១០​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ជា​ចៅក្រម​ស៊ើបសួរ កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ជា​ចៅក្រម​ស៊ើបសួរ កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​សម្រេច​ធ្វើការ​ឃុំខ្លួន​ចោរឆក់​២ នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន តាម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។

អំពើ​លួច​-​ឆក់ ដោយ​មាន​ស្ថាន​ទម្ងន់ទោស នេះ​បើ​យោង​តាម​មាត្រា ៣៥៧ នៃ ក្រម​ព​ហ្ម​ទណ្ឌ ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចាប់ពី​៣​ទៅ​១០ ឆ្នាំ ។ ក្នុង​នោះ មាន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ហេង វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៣៥៣ ផ្លូវលំ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ រិ​ទ្ធី ច័ន្ទ​បុត្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​៣២៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​រួច​មក ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នាំ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​.​ស (​មណ្ឌល​អប់រំ​កែប្រែ​ម​១) នា​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ នេះ ដើម្បី​រង់ចាំ​ពេល​វេលា​បើក​សវនាការ​ជំនុំជម្រះ​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជា​ចោរ​ជំនាញ​ឆក់​កាបូប​២​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ប្រគល់​ជូន​តំណាង​អយ្យការ ដើម្បី​ធ្វើការ​សាកសួរ នឹង​ចោទប្រកាន់​លើ​បទ​ល្មើ​ជា​ផ្លូវការ ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក ម៉ុ​ត ដា​រ៉ា ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង បើក​ការ​សាកសួរ ។

ក្រោយ​ពី​លោក​ព្រះរាជអាជ្ញា​រង​បើក​ការ​សាកសួរ​អស់​រយៈពេល​ពេញ​១​ថ្ងៃ សំណុំរឿង​ដែ ល​មាន​ជនសង្ស័យ​ទាំងនេះ ត្រូវ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​ស៊ើបសួរ​បាន​សាកសួរ​ជនសង្ស័យ​ពេញ​មួយ​ថ្ងៃ​ទៀត ទើប​សម្រេច​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​នាំ​ចោរឆក់​ទាំង​២​នាក់ យក​ទៅ​ដេក​គុក​ពន្ធនាគារ​ព្រៃ​.​ស​នោះ ។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ជនសង្ស័យ​ជា​ចោរឆក់​កាបូប​ទាំង​២​នាក់​ខាងលើ​នេះ លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​ចោរឆក់​ទូរស័ព្ទ​មួយ​លើក​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤១ ផ្លូវ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រព្រឹត្ត​ដោយ​ជនល្មើស​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទៅ​លើ​ជន​រង​គ្រោះ​វ័យ​ចំណាស់​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្កុប​ពី​ម្នាក់ឯង ដែល​ក្នុង​កាបូបដៃ​នោះ​មាន​ទូរស័ព្ទ​ទំនើប​២​គ្រឿង ។

ក្រោយ​កើត​មាន​អំពើ​ឆក់​កាបូប​នោះ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ពិសេស​គឺ​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ បាន​ដាក់​ការ​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ជំនាញ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ចោរ​ជំនាញ​ឆក់​កាបូប​នោះ ។

ពេល​ទទួល​បាន​បទបញ្ជា​ពី​លោកស្នងការ និង​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នោះ ក្នុង​នាមរូប​លោក​ជា​នាយការិយាល័យ​នគរបាល​ព្រហ្ម ក៏​បាន​ចាត់តាំង​មន្ត្រី​នគរបាល​ជំនាញ​មួយ​ក្រុម ឲ្យ​ចុះ​ទៅ​កន្លែង​កើតហេតុ​ក្រោម​ការ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ដើម្បី​ឆែក​មើល​កាមេរ៉ា​សុវត្ថិ​ភាព​តាម​ដងផ្លូវ​សាធារណៈ ពេល​នោះ​ទើប​កំណត់​បាន​មុខសញ្ញា​ចោរឆក់​ទាំង​ពីរ​កំពុង​គេចខ្លួន។

លោក ប៊ុ​ន សត្យា បន្ត​ថា ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​មុខសញ្ញា​ចោរឆក់​កាបូប​២​នាក់​នោះ បាន​ប្រើ​ពេលវេលា​២​ខែ​គត់​ទើប​ចាប់​បាន​ជនសង្ស័យ តែ​យ៉ាង​ទោះជា​ណា​ក្តី នេះ​ជា​ភាព​ជោគជ័យ​មួយ​ក្នុង​បេសកកម្ម​របស់​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចេញ​បង្ក្រាប​ក្រុម​ចោរឆក់​កាបូប​របស់​ប្រជាពលរដ្ឋ ដើម្បី​នាំ​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ការ​ស្រាវជ្រាវ និង​ការ​តាម​ប្រមាញ់​ចោរឆក់​២​នាក់​នេះ គឺ​ចាប់ពី​ថ្ងៃ​កើតហេតុ​ដល់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ នឹង​ដកហូត​មក​វិញ​នូវ​ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ ។

ពេល​ចាប់ខ្លួន​បាន​ហើយ​ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០ មុន​ដំបូង​ពួក​គេ​ទាំង​២​នាក់​កំពុង​នៅ​លេង​ម្តុំ​សង្កាត់​បឹង​សាង​ឡា​ង ពេល​នោះ​ឈ្មោះ ហេង វិសាល បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា ប៊ីត ផលិត​ឆ្នាំ​២០២១ ដែល​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ ១IL ៨១៦៧ ពី​ឈ្មោះ ឌឿ​ន សុ​ផាត់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ដោយ​ប្រាប់​ម្ចាស់​ម៉ូតូ​ថា ខ្ចី​ជិះ​ទៅ​រក​ទិញ​ខោអាវ​ពាក់ ។

ចម្លើយ​សារភាព​បន្ត​ថា ពេល​នោះ​ឈ្មោះ ហេង វិសាល បាន​ជិះ​ឌុ​ប​ឈ្មោះ រិ​ទ្ធិ ច័ន្ទ​បុត្រ លុះ​ពេល​ចេញដំណើរ​ផុត​ប​រំលង​មួយ​ផ្លូវ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​មាន​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ស ដាក់​កាបូប​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ឃ្លុប​ខាង​មុខ​ក្បែរ​ចង្កូត​ម៉ូតូ ដោយ​ឃើញ​ដូច្នោះ​ឈ្មោះ ហេង វិសាល បាន​ជិះ​ម៉ូតូ​អែម​ជន​រង​គ្រោះ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​នោះ​ទៅ​តែ​ម្តង ។

ចម្លើយ​សារភាព​បន្ត​ទៀត​ថា ពេល​ឈ្មោះ ហេង វិសាល ឆក់​បាន​កាបូប​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ភ្លាម​ហើយ ក៏​បាន​ហុច​កាបូប​នោះ​ឲ្យ​ឈ្មោះ រិ​ទ្ធិ ច័ន្ទ​បុត្រ ដែល​អ​ង្អុ​យ​នៅ​ខាងក្រោយ​កាន់ រួច​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ឆ្ពោះទៅ​ស្ទឹង​មាន​ជ័យ ខណៈ​ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ចោរ​ៗ» រួច​ដេញ​តាម​ពីក្រោយ ។

ចម្លើយ​សារភាព​បន្ត​ថា ពេល​ទៅ​ដល់​ស្ទឹង​មាន​ជ័យ ពួក​គេ​បាន​ឆែក​មើល​ក្នុង​កាបូប​ឃើញ​ទូរ​ស័​ព្ទៃ​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន x smax ពណ៌​ទឹកមាស និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំង​សុង ណូ​ត ៨ សុទ្ធតែ​ស៊េរី​ទំនើប រួច​ហើយ​ក៏​យក​មក​ដាក់​ចូល​ក្នុង​ហោប៉ៅ​វិញ និង​បាន​បោះ​កាបូប​ចូល​លូ​ទឹក​ស្អុយ រួច​ពួក​គេ​បាន​យក​ទូរស័ព្ទ​២​គ្រឿង​នោះ​ទៅ​លក់ នៅ​ផ្សារ​៧​មក​រា ខណ្ឌ​ទួល​គោក បាន​ប្រាក់​៣៥០​ដុល្លារ​អា​មេ​រិ​ក ចែក​គ្នា​ភ្លាម​ៗ បាន​១៧៥​ដុល្លារ​ម្នាក់ លុះដល់​ថ្ងៃ​ទី​២៩ ខែមករា ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ