ខេត្តសៀមរាប ៖ រថយន្តទំនើបប្រហែលស្រវឹងបើកលឿងទាញចង្កូតមិនទាន់បែកកង់ រ៉េ បុកចូលផ្ទះលក់ខោអាវចំនួន ២តូបជាប់គ្នាទាំងយប់ បណ្តាលឱ្យស្លាប់ (ប្តី) ម្នាក់ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត និងរបួសធ្ងន់២នាក់ ម្តាយ និងកូន បង្កការភ្ញាក់ផ្អើលទាំងយប់ ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ 265 F ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបានអះអាងថា បុរសជាប្ដីបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកប្រពន្ធ និងកូន បានរងរបួសធ្ងន់ ខណៈ កំពុងលក់ខោអាវត្រូវបានរថយន្តទំនើបមួយគ្រឿងបុកចូលផ្ទះ ។
សមត្ថកិច្ចស្រុកប្រាសាទបាគងបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបង្ក ហេតុ ford ranger ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២AP ៦៥២១ បើកបរមានទិសដៅពីខាងលិចទៅខាងកើតបានរ៉េចង្កូត ចូលតូបលក់ខោអាវ ចំនួន២ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្តហ្វដ នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបន្ថែមទៀតថា អ្នកបើកបររថយន្តហ្វដឈ្មោះ ពៅ អាយុ៣៧ឆ្នាំ នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ចំណែកម្ចាស់តូបលក់ខោអាវ ទី១-ឈ្មោះ ណូ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ មិនមានរបួសនោះទេ ។ ម្ចាស់តូបទី២- នៅជាប់គ្នា តូបទី១ បណ្តាលឲ្យរបួសធ្ងន់ចំនួន៣នាក់ ។ ដោយ១.ឈ្មោះ ស៊ីន គាន ភេទប្រុស អាយុ៤១ឆ្នាំ របួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកសៀមរាប (ស្លាប់) ត្រូវជាប្តី ។ ២.ឈ្មោះ ថន រដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់ (ប្រពន្ធ) ។ ៣.គាន កាក់ការ ភេទស្រី អាយុ០៩ឆ្មាំ របួសធ្ងន់(ធ្ងន់)កូន ។
បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុរថយន្តបង្កបើកលឿនបែកកង់ បណ្តាលឱ្យរេចង្កូតបុកចូលផ្ទះទាំងកំរោលនោះតែម្ដង ។
ក្រោយពេលកើតហេតុ រួចកម្លាំងនគរបាលចរាចរណ៍បានចុះទៅដល់ កន្លែងកើតហេតុ ព្រមទាំងបានធ្វើការប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តបង្កបាននាំយកមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំការដោះស្រាយ ។ ចំណែកជនរងគ្រោះ២នាក់ម្តាយ និងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ