រាជធានីភ្នំពេញ ៖ រថយន្តលាយបេតុង១គ្រឿង បានបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ខណៈនោះរថយន្តដែលបើកខាងខាងមុខបានទាក់ខ្សែភ្លើង បណ្តាលឲ្យបាក់បង្គោលភ្លើងថ្ម១ដើមដួលសង្កត់ទៅលើកាប៊ីនរថយន្ត១គ្រឿងទៀត ដែលកំពុងបើកបរតាមក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែពុំបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តលាយបេតុងដែលបើកខាងមុខទាក់ខ្សែភ្លើងនោះម៉ាក HOWO ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2791 មានលេខរៀង០២ ចំណែករថយន្ត១គ្រឿងទៀត ដែលរងគ្រោះដោយសារបង្គោលភ្លើងបាក់សង្កត់នោះម៉ាក HOWO ពណ៍ស និងជារថយន្តលាយបេតុងដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ-5A-2789 មានលេខរៀង០៥ ហើយអ្នកបើកបររថយន្តទាំង២គ្រឿង មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តលាយបេតុង២គ្រឿងខាងលើនេះ បានបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើងដោយរថយន្តដែលមានលេខរៀង០២ បើកបរខាងមុខ ។ ដោយឡែករថយន្តមានលេខរៀង០៥ បើកបរតាមក្រោយ ប្រកៀកប្រកិតគ្នា ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់តែរថយន្តខាងមុខទាក់ខ្សែភ្លើងបណ្តាលឲ្យបាក់បង្គោលថ្ម១ដើម តែរថយន្តនេះបានហួសទៅមុខផុត ហើយរថយន្តលេខរៀង០៥ ដែលបើកតាមក្រោយទៅដល់ក៏ត្រូវបង្គោលភ្លើងនោះសង្កត់ជាប់កាប៊ីនរងការខូចខាតយ៉ាងដំណំតែម្ដង ។
ក្រោយពេលកើតហេតុពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១ និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីតាំងកើតហេតុ រួចឲ្យតំណាងរថយន្តសម្របសម្រួលជាមួយខាងតំណាងអគ្គិសនីដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ