រាជធានីភ្នំពេញ ៖ ប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាផ្សេងទៀត រុស្ស៊ីបានអបអរសារទចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលកម្ពុជាទទួលតំណក់ប្រេងលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំកម្ពុជាបានថ្លែងថា «សូមអបអរសារទចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលកម្ពុជាទទួលតំណក់ប្រេងដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ២០២០ កន្លងទៅ» ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក ក្រសួងរ៉ែ និងថាមពល នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រដល់ការវិនិយោគរុស្សីមកកម្ពុជា ជាពិសេស គឺឱកាសក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ។
ប្រភពបន្តថា ក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីក្រសួងរ៉ែ និងឯកអគ្គរដ្ឋទូតរុស្សី បានផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ៖ ទី ១-គម្រោងកិច្ចសហប្រតិបត្តិការភូគព្ភសាស្ត្រ និងការអភិវឌ្ឍធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្សី ។ ទី២-គម្រោងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឲ្យគោលបំណងសន្តិភាព ទី៣-សក្តានុពល និងឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនរុស្សី ក្នុងវិស័យប្រេង និងឧស្ម័នរួមមាន ការស្វែងរុករក ការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតរោងចក្រចម្រាញ់ ប្រេងកាត ។ ទី៤-សក្តានុពល និងឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនរុស្សី ក្នុងវិស័យថាមពលកកើតឡើងវិញ រួមមានថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ ។ និងទី៥-ការផ្តល់អាហារូបករណ៍ និងគម្រោងកសាងសមត្ថភាពសម្រាប់មន្ត្រី និងសិស្សនិស្សិតកម្ពុជា ក្នុងវិស័យថាមពល ប្រេងនិងឧស្ម័ន ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុនសែន បានប្រកាស ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួន ហើយស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ ។
ជាការប្រពៃណាស់ ការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ ពិតជាអស្ចារ្យពោល គឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា ។ សម្តេចបន្តថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពី ក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបាន សម្រេចបាន នូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធាន រ៉ែប្រេងរបស់យើង ។
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។
ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជា នាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ ។ សម្តេចតេជោក៏បានធ្លាប់បញ្ជាក់ថា ថវិការដែលបានមកពីដំណក់ប្រេងរបស់កម្ពុជា និងយកទៅអភិវឌ្ឍន៍វិស័យសុខាភិបាល និងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ