ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ចាមជំរុញ​ឱ្យ​ចិញ្ចឹម​មាន់ និង​ជ្រូក​ក្នុងស្រុក​កាន់តែ​ច្រើនផ្គត់ផ្គង់​ទីផ្សារ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​ជ្រូក នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម រួម​និង​តំបន់​ផ្សេង​ទៀត​ជា​ច្រើន​កន្លែង និង​អាច​ផលិត​បាន​រាប់​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម…

ខេត្តកំពង់ចាម ៖ កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​ជ្រូក នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម រួម​និង​តំបន់​ផ្សេង​ទៀត​ជា​ច្រើន​កន្លែង និង​អាច​ផលិត​បាន​រាប់​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត គឺ​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ និង​បាន​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ធ្វើ​យ៉ាងណា​ឲ្យ​សកម្មភាព​ចិញ្ចឹមសត្វ​ទាំងនេះ​មាន​ភាព​ផុលផុស​កាន់តែ​ច្រើន​ឡើង ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​នាំ​ចូល​សត្វ​ពី​ក្រៅ​ស្រុក​នា​ពេល​ខាង​មុខ ។

លោក ន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ ២០២១​មកនេះ​ថា ដី​នៅ​ឃុំ​ស្រក ជា​ប្រភេទ​ដី​ថ្ម ដែល​មិន​អំណោយផល​ដល់​ការ​ដាំ​ដុះ​ដំណាំ​ឲ្យ​លូតលាស់​ល្អ​ដូច​នៅ​កន្លែង​ផ្សេង​នោះ​ទេ ។ ដោយ​សំឡឹង​ឃើញ​ពី​សំណាក់​ក្រុម​ពាណិជ្ជករ​ជា​ច្រើន​នាក់ ក៏​បាន​នាំ​គ្នា​បង្កើត​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​ជ្រូក មាន​ជា​ច្រើន​កន្លែង​រហូត​មក​ដល់​ពេល​នេះ​បង្កើត​ឡើងជា​បន្តបន្ទាប់ ។

លោក​បន្ត​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​កាលពី​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ២០២១ ដោយ​ឃើញ​មាន់ និង​ជ្រូក ដែល​ចិញ្ចឹម​នៅ​តាម​កសិដ្ឋាន​ក្នុង​ឃុំ​ស្រក មានការ​លូតលាស់​ល្អ និង​ប្រកបដោយ​អនាម័យ គឺ​ការ​ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ មិនយូរ​នោះ​ទេ​សត្វ​ទាំង​ពីរ​ប្រភេទ​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន CP នឹង​ត្រូវ​ចាប់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​តំបន់​នេះ​ត្រូវ​បាន​ក្រុម​ពាណិជ្ជករ​មានការ​ចាប់អារម្មណ៍ និង​បាន​នាំ​គ្នា​មក​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ដើម្បី​សាងសង់​រោង​សម្រាប់​ចិញ្ចឹម​មាន់ និង​ជ្រូក ដែល​បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ ២០១៧ រហូត​មក​ដល់​សព្វថ្ងៃ ។ គ្រាន់តែ​រោង​ចិញ្ចឹម​ជ្រូក​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន CP មាន​ចំនួន ៨០​ដំបូល និង​រោង​ចិញ្ចឹម​មាន់​មាន ៣២ ដំបូល ជាមួយ​នោះ​ជ្រូក​អាច​នឹង​ហុច​ផល​បាន​ប្រមាណ ១៥​ម៉ឺន​ក្បាល បើ​រាប់​បញ្ចូល​ជាមួយ​និង​ការ​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត ។ ក្នុង​មួយ​ឆ្នាំ​អាច​ផលិត​ជ្រូក​បាន​រហូត​ដល់​ជិត​១​លាន​ក្បាល ចំណែក​មាន់​វិញ​ប្រហែល ៤​លាន​ក្បាល បើ​និយាយ​ពី​ការ​ផ្គត់ផ្គង់​តម្រូវការ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម គឺ​នៅ​សល់​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ខេត្ត​ផង​ដែរ ។

លោក ន​ង ម៉េ​ង​ហ៊ា​ង បញ្ជាក់​ទៀត​ថា សម្រាប់​នៅ​ក្នុង​ខេត្តកំពង់ចាម ទីតាំង​ដែល​មាន​ចិញ្ចឹម​មាន់ និង​ជ្រូក គឺ​ក្នុង​នោះ​រួម​មាន ៖ ស្រុក​បា​ធា​យ ជើងព្រៃ ព្រៃឈរ ចំការលើ​ស្ទឹង​ត្រង់ និង​ស្រុក​កំពង់សៀម គឺ​មាន​លទ្ធភាព​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម ដោយ​សល់​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ខេត្ត​ផ្សេង​ទៀត ។ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ក្រុម​ពាណិជ្ជករ ឬ​អ្នក​វិនិយោគទុន​បរទេស​ដើម្បី​ពង្រីក​វិស័យ​ចិញ្ចឹម​មាន់ និង​ជ្រូក នៅ​ក្នុង​ខេត្តកំពង់ចាម ឲ្យ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​បន្ថែម​ទៀត ។

បើសិន​ក្នុង​ករណី​ការ​ចិញ្ចឹមសត្វ​មាន​លក្ខណៈ​យ៉ាង​ផុលផុស រយ​:​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​កម្ពុជា​នឹង​ត្រូវ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ស្ទើរតែ​ទាំងស្រុង ។ ដោយឡែក​ក៏​មាន​កសិករ​មួយ​ចំនួន​គាត់​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ក្នុង​ម្នាក់​ចិញ្ចឹម​មាន់​ចំនួន ២០០ ទៅ ៣០០​ក្បាល ដោយ​មាន​ធ្វើ​រោង​ចិញ្ចឹម​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដែល​ជំនាញ​ពេទ្យសត្វ​បាន​ណែនាំ​ដែល​អាច​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ។

តែ​ការ​ចិញ្ចឹម​តាម​កសិដ្ឋាន​ធំ​ៗ​រោង​ចិញ្ចឹម​មាន់​មួយ​មាន​ប្រមាណ ១៥.០០០​ក្បាល ហើយ​បំពាក់​ដោយ​ប្រព័ន្ធ​ប្រជាក់​សម្រាប់​ជីវៈ​សុវត្ថិភាព​ដល់​សត្វ ហើយ​បើសិន​យើង​ចង់​ចូល​ទៅ​ក្នុង​រោង គឺ​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ដូច​ខោអាវ​ពេទ្យ ហើយ​ស្បែកជើង​ត្រូវ ច្រ​លក់​ចូល​ថ្នាំ​សម្លាប់​មេរោគ​ជា​មុន ដើម្បី​កុំ​ឲ្យ​មាន​មេរោគ​ចូល​ទៅ​ក្នុង​បរិវេណ​រោង​ចិញ្ចឹម​មាន់ និង​ជ្រូក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង