ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​អំពាវនាវ​ដល់​ពលរដ្ឋ​គួរ​ងាក​មក​បរិភោគ​ផលិតផល​ក្នុងស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រៅពី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង ក៏​បាន​អំពាវនាវ​ទៅ​ដល់​ពលរដ្ឋ​គួរ​ងាក​មក​ប្រើ ឬ​បរិភោគ​ផលិតផល​ក្នុងស្រុក ដើម្បី​ជួយ​ជំរុញ​កំណើន​វារីវប្បកម្ម​ឱ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រៅពី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង ក៏​បាន​អំពាវនាវ​ទៅ​ដល់​ពលរដ្ឋ​គួរ​ងាក​មក​ប្រើ ឬ​បរិភោគ​ផលិតផល​ក្នុងស្រុក ដើម្បី​ជួយ​ជំរុញ​កំណើន​វារីវប្បកម្ម​ឱ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព និង​តម្លៃ​នា​ពេល​ខាង​មុខ​នេះ ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​ធ្វើ​ទីផ្សារ​ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម ហើយ​គួរ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម ចងក្រង​បណ្តុំ​អ្នក​ចិញ្ចឹម រៀបចំ​ផ្សារណាត់​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អ្នក​ចិញ្ចឹម ឈ្មួញ និង​អ្នកបញ្ជា​ទិញ​បាន​ជួប​ពិភាក្សា​គ្នា​លើ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ។ បន្ត​បញ្ចូល​បច្ចេកទេស​ថ្មី​ៗ​បន្ថែម​ទៀត​ទាំង​ការ​ផលិត​កូន ផ្តល់​ចំណី គុណភាព​ទឹក និង​បរិស្ថាន​ចិញ្ចឹម ឈាន​ឆ្ពោះទៅ​បំពេញ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម រួម​ទាំង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​សំដៅ​ដល់​ការ​កែ​ច្នៃ ឆ្លើយ​តប​តាម​ស្តង់ដា​នាំ​ចេញ ។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សា​ខុន មាន​ប្រសាសន៍​ស្នើ​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង ហើយ​បាន​អំពាវនាវ​អ្នក​បរិភោគ​គួរ​ងាក​មក​ប្រើប្រាស់ ឬ​បរិភោគ​ផលិតផល​ក្នុងស្រុក​វិញ ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​វារីវប្បកម្ម​ឱ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព និង​តម្លៃ ជា​ពិសេស លោក​សុំ​ឱ្យ​អ្នក​វិនិយោគ​ក្នុងស្រុក​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​នេះ ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ស្បៀង​ផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ។

លោក លក លឿង អ្នក​ចិញ្ចឹម​ត្រី​ប្រា ពោ អណ្តែង និង​ត្រី​ឆ្តោ ក្នុង​ខេត្តកំពង់ចាម​បានឱ្យ​ដង​ថា ក្រៅពី​មាន​គម្រោង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​កសិក​ដ្ឋា​ន​ចិញ្ចឹម​ត្រី​របស់​លោក​គ្រោង​ចាប់​ត្រី​ចម្រុះ​ចំនួន ១០០​តោន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​ការ​ចាប់ផ្តើម​ចិញ្ចឹម​ត្រី​ដំបូង​ក្នុង​ឆ្នាំ ២០១១ ទទួល​បាន​ផល​ត្រី​ត្រឹម ៣០​តោន​ក្នុង​មួយ​ឆ្នាំ ។

ពាក់ព័ន្ធ​និង​ការ​ចិញ្ចឹម​ត្រី​នេះ​បើ​តាម​លោក លក លឿង លើក​ឡើង​ថា ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដែល​បាន​ជំរុញ​ឲ្យ​ប្រជា​កសិករ​ខិតខំ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ ពិសេស​ត្រី​អណ្តែង និង​កង្កែប​ដើម្បី​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​ក្នុងស្រុក ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជាស​កល​ជំងឺឆ្លង​កូ​វី​ដ​-១៩ និង​ចំណាត់ការ​ចុង​ក្រោយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្អាក​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង និង​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បច្ចុប្បន្ន​កសិដ្ឋាន​ពង្រីក​ស្រះ​ចិញ្ចឹម​បាន​ចំនួន ៤៤ លើ​ផ្ទៃដី ២៧​ហិ​កតា គ្រោង​ចិញ្ចឹម​ឱ្យ​បាន​ពី ៩៥០ ទៅ ១.០០០​តោន​ក្នុង​មួយ​ឆ្នាំ និង​ឡើង​ដល់ ២.៥០០ តោន ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ ២០២៣ ខាង​មុខ ។

ទាក់ទង​និង​តម្លៃ​ត្រី​បើ​តាម​ឯក​ត្តម វេ​ង​សា​ខុន គូសបញ្ជាក់​ថា បច្ចុប្បន្ន​តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អ​ប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំ​ចូល​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​ប្រជា​កសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាន​និង​កំពុង​ប្រមូល​ចាប់​ត្រី​យក​ទៅ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ