រាជធានីភ្នំពេញ ៖ អ្នកនយោបាយខ្មែរដែលកំពុងតែជាប់ក្តីក្តាំងនៅតុលាការក្នុងសំណុំរឿង «ក្បត់ជាតិ» បានថ្លែងថារូបលោកនិងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវការយល់ឃើញស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើង ។
អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានថ្លែងឲ្យដឹងថាកាលពីថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ រូបលោក បានជួបសំណេះសំណាលជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
លោក កឹម សុខា ដែលគេសង្កេតឃើញធ្វើដំណើរនិងយកអំណោយដល់ខេត្តមួយចំនួននៅតាមជាប់ព្រំដែនខ្មែរ-ថៃ សម្រាប់ជួយដល់ពលករខ្មែរកំពុងធ្វើចត្តាឡីស័កនោះ បានលើកឡើងថា ជំនួបរវាងរូបលោកជាមួយអ្នកការទូតតំណាងប្រទេសមហាអំណាចដែលជាមិត្តរបស់កម្ពុជា គឺជាដំបូងគេក្នុងឆ្នាំថ្មី ២០២១ នេះ។
លោក កឹម សុខា បានបន្តថា «ជំនួបនេះប្រាកដជាមានសារៈសំខាន់ ដោយយើងបានផ្លាស់ប្តូរនូវទស្សនៈ គោលជំហរ និង ព័ត៌មានគ្នាទៅវិញទៅមកចំពោះស្ថានភាពបច្ចុប្បន្ន និង ទៅអនាគត ជាពិសេសនៅឆ្នាំ២០២១នេះ និង ឆ្នាំបន្តបន្ទាប់ តើកម្ពុជា និង សហគមន៍អឺរ៉ុបអាចមានអ្វីខ្លះពាក់ពន្ធ័ជាមួយគ្នា។ យើងក៏យល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង សហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើង ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង» ។
បន្ថែមពីលើនេះ អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានអះអាងថា លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរអ្នកនយោបាយរូបនេះ ចំពោះការតស៊ូដោយអត់ធ្មត់របស់លោក ដែលឃើញសកម្មភាពរបស់លោកបានជួយ និង ជួបជិតស្និទជាមួយប្រជាពលរដ្ននៅតាមបណ្តាខេត្តកន្លងមក និង ការប្តេជ្ញាចិត្តរបស់លោក ដែល «នៅជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងមាតុភូមិកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ដោយតម្កល់ផលប្រយោជន៍ខ្មែរជាធំឥតមានកែប្រែឡើយ» ទាំងកន្លងមក បច្ចុប្បន្ន និង ទៅអនាគត»៕
ចែករំលែកព័តមាននេះ