ខេត្តស្វាយរៀង ៖ លោកគ្រូ អ្នកគ្រូដែលគ្រូជាប់កិច្ចសន្យាមួយចំនួននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរិះគន់មន្ត្រីការិយាល័យអប់រំ ស្រុកស្វាយជ្រំ ដែលទារប្រាក់ពីពួកគាត់ក្នុង១ឆ្នាំ ៦ម៉ឺនរៀល នៅពេលដែលដាក់ពាក្យស្នើសុំគ្រូកិច្ចសន្យា និងបើកប្រាក់ឧបត្ថម្ភខែដំបូង។
លោកគ្រូ អ្នកគ្រូ ជាប់កិច្ចសន្យាដែលបង្រៀននៅតាមសាលារៀនមួយចំនួន ក្នុងស្រុកស្វាយជ្រំ បានបង្ហើបប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ៖ ជារៀងរាល់ឆ្នាំ គ្រូជាប់កិច្ចសន្យាទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំចូលបង្រៀនដោយស្ម័គ្រចិត្ត។ ហើយនៅពេលដាក់ពាក់ស្នើសុំនេះ មន្ត្រីបុគ្គលិកការិយាអប់រំស្រុក បានទារប្រាក់ពីពួកគាត់ចំនួន៤ម៉ឺនរៀល និងថវិកា២ម៉ឺរៀលទៀត នៅពេលបើកប្រាក់ខែឧបត្ថម្ភដំបូង។
ប្រភពដដែលបានបន្តថា ការយកប្រាក់ពីលោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យានេះ មានជាច្រើនឆ្នាំមកហើយ មិនដឹងថា យកថវិកានេះទៅណាទេ? ដោយថវិការឧបត្ថម្ភតិចតួច គឺស្មើនឹងថវិកាគ្រូបង្រៀនពេញសិទ្ធិចូលបង្រៀនដំបូង៨០ភាគរយតែប៉ុណ្ណោះ ហើយតម្រូវឱ្យមានការបង់ប្រាក់ទៀតនោះ គឺពួកគាត់មិនសប្បាយនោះឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ លោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យាស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា សូមជួយពិនិត្យមើលការអនុវត្តន៍ភារកិច្ចមន្ត្រីអប់រំនៅស្រុកស្វាយជ្រំនេះផង មិនដឹងមានគោលការណ៍ពីខាងណាទេ បានជាមកយកប្រាក់ពីពួកគាត់ជារៀងរាល់ឆ្នាំម្តងដូច្នេះ។
ទាក់ទិនករណីនេះដែរ លោកយស់ សុគន្ធា ជាមន្ត្រីបុគ្គលិក នៃការិយាល័យអប់រំស្រុកស្វាយជ្រំ បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះថា ការយកប្រាក់ពីលោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យាពិតប្រាកដមែន គឺថវិកា ១ម៉ឺនរៀល ដើម្បីរៀបចំឯកសារ និងថវិកា១ម៉ឺនរៀលទៀត មន្ទីរអប់រំ សុំរៀបចំឯកសារដែរ ហើយសល់ថវិកា ២ម៉ឺនរៀលទៀត ទុកសម្រាប់អភិវឌ្ឍន៍ការិយាល័យអប់រំស្រុក។ ចំណែកថវិកា ២ម៉ឺនរៀលទៀតដែលបានយកប្រាក់ពីលោកគ្រូ អ្នកគ្រូជាប់បើកប្រាក់ខែឧបត្ថម្ភដំបូង គឺសម្រាប់ចំណាយនៅការហូបចុកជួបជុំគ្នាដែលមានថ្នាក់ដឹកនាំចូលរួម។
សូមបញ្ជាក់ថា លោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យានៅស្រុកស្វាយជ្រំ មានចំនួនជាង២០០នាក់ ក្នុង១នាក់៦ម៉ឺនរៀល ក្នុង១ឆ្នាំ តើលុយនោះយកទៅធ្វើអ្វី? គួរតែក្រសួងដែលពាក់ព័ន្ធពិនិត្យមើលរឿងនេះផង គឺមានជាច្រើនឆ្នាំមកហើយ។
ប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ថា ក្រោយពីមានការសាកសួរព័ត៌មាន ឥឡូវថ្នាក់ដឹកនាំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យលោកគ្រូ អ្នកគ្រូជាប់កិច្ចសន្យាដែលដាក់ពាក្យស្នើសុំគ្រូកិច្ចសន្យាបានបង់ប្រាក់ រួចឱ្យមកយកប្រាក់វិញ ហើយនៅសាលារៀនមួយចំនួនទៀត ដែលបានដាក់ពាក់ស្នើសុំមិនទាន់បង់ប្រាក់ គឺមិនបាច់ឱ្យយកទេ ឱ្យការិយាល័យអប់រំស្រុក ជាអ្នកដោះស្រាយ ព្រោះមិនមែនជាគោលការណ៍របស់ក្រសួងអប់រំនោះទ្បើយ។
ព័ត៌មានពិស្តានឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ